ប្រវត្ដិ​នៃ​ទិវា​ទឹក​​ពិភព​លោក​​ថ្ងៃទី​២២​មីនា​

22-03-2019 3:10 pm 487
  ស្តាប់
រូបភាពតំណាងឲ្យ​ទិវាទឹកពិភពលោក
ស្តាប់ជាសំឡេង

​នៅ​ថ្ងៃទី​២២​ខែមីនា​នេះ​គឺជា​ទិវា​ទឹក​ពិភពលោក​លើក​ទី​២៧ ដែល​តែង​ប្រារព្ធ​ធ្វើ​ឡើងជា​រៀងរាល់​មួយឆ្នាំ​ម្ដង​។ មហាសន្និបាត​អង្គការសហប្រជាជាតិ​បានសម្រេច​ប្រកាស​កាលពី​ខែធ្នូ​ឆ្នាំ​១៩៩២ ជ្រើសរើស​យក​ថ្ងៃទី​២២​ខែ​មីនា ជា​ទិវា​ទឹក​ពិភពលោក​។ ទិវា​នេះ​ត្រូវបាន​គេ​ប្រើ​ដើម្បី​តស៊ូ​មតិ​សម្រាប់​ការគ្រប់គ្រង​ប្រកបដោយ​និរន្ដរភាព​នៃ​ធនធាន​ទឹកសាប ដែល​ប្រារព្ធ​ធ្វើឡើង​រាល់​ឆ្នាំ​ជាមួយនឹង​ព្រឹត្ដិការណ៍​ផ្សេងគ្នា ក្នុងនោះ​ក៏​អាច​រួមបញ្ចូល​យុទ្ធនាការ​ដើម្បី​រៃអង្គាសប្រាក់​សម្រាប់​គម្រោង​ទឹកស្អាត​ផងដែរ​។ ទិវា​ទឹក​ពិភពលោក ត្រូវបានធ្វើ​ឡើងជា​លើកដំបូង​ក្នុង​ឆ្នាំ​១៩៩៣ ហើយ​មាន​បណ្ដា​ប្រទេស​ជាច្រើន​លើ​ពិភពលោក​បាន​ប្រារព្ធ​ទិវា​នេះ​ជា​បន្ដបន្ទាប់​។​

​អង្គការ​ទឹក​នៃ​អង្គការសហប្រជាជាតិ គឺជា​អ្នកសម្របសម្រួល​សម្រាប់​ទិវា​ទឹក​ពិភពលោក និង​ជ្រើសរើស​ប្រធានបទ​មួយ​សម្រាប់​រៀបចំ​ជា​រៀងរាល់ឆ្នាំ ដោយមាន​ការពិគ្រោះ​យោបល់​ជាមួយ​អង្គការសហប្រជាជាតិ​។ ប្រធានបទ​សម្រាប់​ឆ្នាំ​២០១៩​នេះ​វិញ​គឺ “​មិន​ឲ្យមាន​នរណាម្នាក់​នៅ​ពីក្រោយ​” ឬ "Leaving no one behind" និង​លើក​ទឹកចិត្ដ​ឲ្យ​មនុស្ស​ពិចារណា​លើ​ក្រុមដែ​លងាយ​រងគ្រោះ នៅពេលដែល​ពួកគេ​ត្រូវបាន​រើសអើង​និង​មើលរំលង​ពេល​ព្យាយាម​ប្រើប្រាស់​ទឹកស្អាត​។​

​ទាក់ទង​នឹង​គោលបំណង​នៃ​ការបង្កើត​ទិវា​ទឹក​ឡើង ដើម្បី​លើក​ទឹកចិត្ដ​មនុស្សនៅ​ជុំវិញ​ពិភពលោក​ត្រូវ​ស្វែងយល់​បន្ថែម​ពី​បញ្ហា​ទាក់ទង​នឹង​ទឹក ដូចជា​បញ្ហា​កង្វះខាត​ទឹក បញ្ហា​ទឹកស្អាត ការបំពុល​ទឹក​ជាដើម ហើយ​ត្រូវ​ចាត់វិធានការ​ធ្វើឲ្យមាន​ការផ្លាស់ប្ដូរ​ជុំវិញ​វិបត្ដិ​ទាក់ទង​នឹង​ទឹក​នេះ​។ ដោយសារតែ​ចំនួន​ប្រជាជន​ចេះតែ​កើតឡើង សកម្មភាព​សេដ្ឋកិច្ច​ចេះតែ​កើនឡើង មាន​បណ្ដា​ប្រទេស​ជាច្រើន​ប្រឈម​នឹង​ការខ្វះខាត​ទឹក ជាហេតុ​ធ្វើឲ្យ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់គេ​នៅមានកម្រិត​។ ប៉ុន្ដែ​នៅពេល​មាន​វិធានការ​ច្បាស់លាស់​សម្រាប់​ដោះស្រាយ នោះ​បញ្ហា​ទឹកនឹង​មាន​កាន់តែ​តិចតួច​បំផុត​៕

 ពាក្យគន្លឹះ  UNទិវាទឹកពិភពលោក

ព័ត៌មានផ្សេងទៀត