​ក្រសួង​ការងារ​​ឱ្យ​ពន្យារពេល​បើកប្រាក់​​បំណាច់​អតីតភាព​ការងារ​កម្មករ​ទៅ​ឆ្នាំ​២០២១​

22-03-2019 3:03 pm 932
  ស្តាប់
ស្តាប់ជាសំឡេង

​ក្រសួង​ការងារ​បាន​ណែនាំ​ឱ្យ​ថៅកែ ពន្យារពេល​បើកប្រាក់​បំណាច់​អតីតភា​ពការ​ងារ​របស់​កម្មករ​និយោជិត ដែលមាន​មុន​ឆ្នាំ​២០១៩ ត្រូវអនុវត្ត​ទៅ​ខែ​ធ្នូ ឆ្នាំ​២០២១​វិញ ដោយ​ត្រូវ​ទូទាត់​រំលឹក​ចំនួន​៦​ថ្ងៃ ក្នុង​១​ឆ្នាំ ក្នុងនោះ​ចំនួន ៣​ថ្ងៃ នៅក្នុង​ខែមិថុនា និង​៣​ថ្ងៃ នៅក្នុង​ខែធ្នូ​។

​យោងតាម​កម្រិត​ហានិភ័យ​ទាប និង​ស្ថានភាព​ជាក់ស្តែង​នៃ​សហគ្រាស គ្រឹះស្ថាន​ក្រៅពី​ផ្នែក​វាយ​ន​ភ​ណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានចេញ​សេចក្ដីណែនាំ ស្ដីពី​ការបើក​រំលឹក​ប្រាក់​បំណាច់​អតីតភាព​ការងារ​ដែលមាន​មុន​ឆ្នាំ​២០១៩ ត្រូវបាន​ពន្យារពេល​ក្នុង​ការអនុវត្ត​ទៅ​ខែ​ធ្នូ ឆ្នាំ​២០២១ ដោយ​ត្រូវ​ទូទាត់​រំលឹក​ចំនួន​៦​ថ្ងៃ ក្នុង​១​ឆ្នាំ ក្នុងនោះ​ចំនួន​៣​ថ្ងៃ​នៅក្នុង​ខែមិថុនា និង​៣​ថ្ងៃ នៅក្នុង​ខែធ្នូ​។ នេះ​បើតាម​សេចក្ដីណែនាំ​របស់​ក្រសួង​ការងារ​ចុះ​ថ្ងៃទី​២២ មីនា ឆ្នាំ​២០១៩ ដោយ​ជម្រាបជូន​ម្ចាស់ ឬ​នាយក សហគ្រាស គ្រឹះស្ថាន អង្គការ​វិជ្ជាជីវៈ និង​កម្មករនិយោជិត ក្រៅពី​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង​។​

​ក្រសួង​ការងារ​បន្តថា ក្នុងអំឡុងពេល​នៃ​ការពន្យារ​ការអនុវត្ត​នេះ កម្មករនិយោជិត​ណា ដែល​ត្រូវបាន​បញ្ឈប់​ពី​ការងារ​ដោយ​មូលហេតុ​ក្រៅពី​កំហុស​ធ្ងន់ ឬ​ចូលនិវត្តន៍ ឬ​ទទួលមរណភាព និយោជក​ត្រូវ​បើក​ផ្តាច់​នូវ​ប្រាក់​រំលឹក​ប្រាក់​បំណាច់​អតីតភាព​ការងារ​ទាំងអស់​តែម្តង​ជូន​កម្មករនិយោជិត ឬ​ទាយាទ​របស់​កម្មករនិយោជិត​។ ដោយឡែក​ចំពោះ​កម្មករ​និយោជិត ដែល​លាឈប់​ពី​ការងារ​ដោយ​ឯកឯង ឬ​ត្រូវបាន​បញ្ឈប់​ពី​ការងារ​ដោយ​កំហុស​ធ្ងន់ នឹងមិន​ត្រូវបាន​ទទួល​នូវ​ការបើក​រំលឹក​ប្រាក់​បំណាច់​អតីតភាព​ការងារ ដែលមាន​មុន​ឆ្នាំ​២០១៩ នោះទេ​។ 

​ក្រសួង​ការងារ​ក៏បាន​សង្កត់ធ្ងន់ថា និយោជក​ត្រូវអនុវត្ត​ការទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ​ថ្មី ក្នុង​ឆ្នាំ​ដែលមាន​ចាប់ពី​ឆ្នាំ​២០១៩ ស្របតាម​ខ្លឹមសារ​ប្រកាស​លេខ​៤៤៣ ចុះ​ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៨ ស្តីពី​ការទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ និង​លិខិតបទដ្ឋាន​ពាក់ព័ន្ធ ដោយ​១​ឆ្នាំ ត្រូវ​ទូទាត់​ជូន​កម្មករនិយោជិត​ចំនួន ១៥​ថ្ងៃ និង​ត្រូវ​បើក​២​ដង ក្នុង​១​ឆ្នាំ ដោយ​ក្រសួង​សង្ឃឹមថា ម្ចាស់ ឬ​នាយក សហគ្រាស គ្រឹះស្ថាន អង្គការ​វិជ្ជាជីវៈ និង​កម្មករនិយោជិត​ទាំងអស់ នឹង​អនុវត្តតាម​ខ្លឹមសារ​សេចក្តីណែនាំ​នេះ​បាន​ត្រឹមត្រូវ និង​ធានាបាន​ប្រសិទ្ធភាព​ខ្ពស់​៕

ព័ត៌មានផ្សេងទៀត