អាមេរិក​​ដាក់ទណ្ឌកម្ម​​​ក្រុមហ៊ុន​ពីរ​​របស់​ចិន​​ដែល​លួច​ទាក់ទង​​នឹង​កូរ៉េខាងជើង​

22-03-2019 10:17 am 541
  ស្តាប់
រដ្ឋមន្ដ្រីរតនាគារអាមេរិក
ស្តាប់ជាសំឡេង

​អាមេរិក​បាន​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ចិន​ចំនួន​ពីរ ដែល​លួច​ជួយ​ឲ្យ​កូរ៉េខាងជើង​គេច​ពី​ទណ្ឌកម្ម​អង្គការសហប្រជាជាតិ​។ រតនាគារ​អាមេរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ទណ្ឌកម្ម​គឺជា​ការហាមឃាត់​មិនឲ្យ​បុគ្គល​នៅ​អាមេរិក​ទាក់ទង​ជាមួយ​ក្រុមហ៊ុន​ទាំងពីរ​នេះឡើយ ហើយនឹង​បង្កក​ទ្រព្យសម្បត្ដិ​ដែល​ពួកគេ​មាននៅ​អាមេរិក​។ រតនាគារ​បន្ថែមថា​ក្រុមហ៊ុន​មួយ​របស់​ចិន បាន​ដឹកទំនិញ​ទៅឲ្យ​ក្រុមហ៊ុន​កូរ៉េខាងជើង និង​មាន​ទំនាក់ទំនង​ជាមួយ​ភ្នាក់ងារ​ចារកម្ម​ក្រុង​ព្យុងយ៉ាង​។ 

​ចំណែក​ក្រុមហ៊ុន​មួយទៀត​បាន​បោក​បញ្ឆោត ក្នុងន័យ​ជួយ​ឲ្យ​កូរ៉េខាងជើង​អាច​ទិញ​ទំនិញ​ពី​អឺរ៉ុប​ដើម្បី​ផ្គត់ផ្គង់​នៅ​កូរ៉េខាងជើង​។ រតនាគារ​ក៏​បានបង្ហាញ​បញ្ជី​ឈ្មោះ​នាវា​ចំនួន​៦៧​គ្រឿង ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការផ្ទេរ​ប្រេង​ទៅឲ្យ​កូរ៉េខាងជើង និង​ជឿជាក់ថា​បាន​ដឹក​ធ្យូងថ្ម​ពី​កូរ៉េខាងជើង​ត្រឡប់​ទៅវិញ​។ ទង្វើ​នេះ​ជា​ការរំលោភបំពាន​លើ​ទណ្ឌកម្ម​ដែល​ដាក់​លើ​កូរ៉េខាងជើង ដូច្នេះ​អាមេរិក​បាន​អំពាវនាវ​ឲ្យ​បណ្ដា​ប្រទេស​ផ្សេងទៀត ត្រូវ​ជួយ​ទប់ស្កាត់​កុំឲ្យ​កូរ៉េខាងជើង​គេច​ទណ្ឌកម្ម​អង្គការ​សហប្រជាជាតិ​បាន​។​

​សូមបញ្ជាក់ថា ទណ្ឌកម្ម​ដែល​អាមេរិក​ដាក់​លើ​ក្រុមហ៊ុន​ចិន​មាន​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងជើង ជា​លើកដំបូង​បន្ទាប់ពី​កិច្ច​ជំនួប​លើក​ទី​ពីរ​រវាង​លោក​ដូណាល់ ត្រាំ ជាមួយ​លោក​គីម ជុង​អ៊ុន​នៅក្នុង​ប្រទេស​វៀតណាម​ទទួល​បរាជ័យ​។ កិច្ចពិភាក្សា​កាលពី​ថ្ងៃទី​២៧-២៨​កុម្ភៈ ដើម្បី​ពន្លឿន​ដំណើរការ​រំលាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង ប៉ុន្ដែ​ដោយសារ​ខ្វែងគំនិត​គ្នា​ទើប​មិនអាច​សម្រេចបាន​កិច្ចព្រមព្រៀង​រួម​។ នេះ​ជា​ហេតុដែល​មេដឹកនាំ​ទាំងពីរ​ត្រូវ​ត្រឡប់ទៅផ្ទះ​វិញ​ដោយ​ដៃ​ទទេ​៕

ព័ត៌មានផ្សេងទៀត