លោក​ប្រាក់ សុខុន​ និង​លោក​ស ខេង​ ទទួលស្គាល់​EBA​​មាន​សារៈសំខាន់​​ចំពោះ​សេដ្ឋកិច្ច​

21-03-2019 5:08 pm 3178
  ស្តាប់
ស្តាប់ជាសំឡេង

​ក្នុងឋានៈ​ជា​ឧបនាយករដ្ឋមន្ត្រី​កម្ពុជា ទាំង​លោក​ប្រាក់ សុខុន និង​លោក​ស ខេង សុទ្ធតែ​ទទួលស្គាល់ថា EBA ពិតជា​មាន​សារៈសំខាន់ សម្រាប់​សេដ្ឋកិច្ចកម្ពុជា​។​

​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក​ប្រាក់ សុខុន បាន​ទទួលស្គាល់ថា EBA ពិតជា​មាន​សារៈសំខាន់​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា ជាពិសេស​ជួយ​លើ​កម្ពស់​ជីវភាព​កម្ម​កា​រ​ជាង​៥​សែន​នាក់ និង​អ្នក​ពឹងពាក់​អាស្រ័យ ប្រមាណ​ជាង​២​លាន​នាក់​ទៀត​។​

​លោក​ប្រាក់ សុខុន បញ្ជាក់​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន ពី​លទ្ធផល​ជុំវិញ​ជំនួប​ពិភាក្សា​រវាង ជាមួយ​ប្រតិភូ​សហភាព​អឺរ៉ុប ដែល​ដឹកនាំ​ដោយ លោកស្រី Paola Pampaloni នាយករង​ផ្នែក​គ្រប់គ្រង​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក កាលពី​ល្ងាច​ថ្ងៃទី​២០ មីនា ថា​កម្ពុជា មាន​ការសោកស្តាយ ចំពោះ​សេចក្តីសម្រេច​របស់​គណៈ​កម្ម​ការ​អឺរ៉ុប ក្នុងការ​ដំណើរការ​នីតិវិធី​ជា​ផ្លូវ​ការបើក​ដំណើរការ​សម្រាប់​ការព្យួរ​ជា​បណ្តោះអាសន្ន​នូវ​ប្រព័ន្ធ​អនុ គ្រោះ​ពន្ធ​EBA ពី​កម្ពុជា ដោយ​ហៅ​ការសម្រេច​នេះ​មិន​ឆ្លើយតប នឹង​កិច្ចខិតខំ​ប្រឹងប្រែង​ជាក់ស្តែង និងឌ្ឍ​ន​ភាព ដែល​កម្ពុជា សម្រេច​បានឡើយ​។​

​ប៉ុន្តែ យ៉ាងណា លោក​ប្រាក់ សុខុន អះអាងថា កម្ពុជា នឹង​នៅតែ​បន្ត​សហការ​ជាមួយ សហភាព​អឺរ៉ុប ក្នុង​ការលើកតម្កើង​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ នៅ​កម្ពុជា។ ​លោក​ថា ពេលនេះ កម្ពុជា កំពុង​អនុវត្ត​វិធានការ ឆ្លើយតប​នឹង​ការព្រួយបារម្ភ​របស់​ស​ហ​ភាព​អឺរ៉ុប ពាក់ព័ន្ធ​នឹង​លំហ​ប្រជាធិតេយ្យ សេរីភាព​សង្គម​ស៊ីវិល សិទ្ធិ​ការងារ និង​បញ្ហាដីធ្លី នេះហើយ​។​

​លោកស្រី អូ​ឡា ផេ​ម​ផេ​ឡូ​នី Paola Pampaloni បាន​តប​វិញ​ថា នឹង​បន្ត​បញ្ជូន​គណៈប្រតិភូ​មក​កម្ពុជា​ជាបន្តទៀត ក្នុង​ដំណើរការ​នីតិវិធី​ត្រួតពិនិត្យ និង​បង្កើន​កិច្ចសន្ទនា​ជាមួយ​រដ្ឋាភិបាល ក្នុង​ក្របខ័ណ្ឌ​EBA​នេះ​។ លោកស្រី​ថា នេះ​ទើបតែ​ជា​ជំនួប​លើក​ទី​១ ដើម្បី​កំណត់​ផែនទី​បង្ហាញផ្លូវ នៃ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កម្ពុជា អឺរ៉ុប ក្នុង​ដំណើរការ​នីតិវិធី​ត្រួតពិនិត្យ​ក្នុង​ក្របខ័ណ្ឌ​EBA ទាំងមូល​។​

​ក្រៅពី​ជួប​លោក​ប្រាក់ សុខុន លោកស្រី Paola Pampaloni ក៏បាន​ជួបពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃលោកស ខេង ដើម្បី​រក​ដំណោះស្រាយ​បញ្ហា​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដែរ​។ 

​បើតាម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ផាត សុ​ផានិត ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ជំនួប​នោះ​ថា លោក​ស ខេង បាន​ប្រាប់ អ្នកស្រី ផា​អូ​ឡា ផេ​ម​ផេ​ឡូ​នី (Paola Pampaloni) ថា រដ្ឋាភិបាល កំពុង​ខិតខំ​ដោះស្រាយ​បញ្ហានយោបាយ បញ្ហា​សិទ្ធិមនុស្ស បញ្ហា​សង្គម​ស៊ីវិល បញ្ហា​សិទ្ធិ​ការងារ និង​បញ្ហាដីធ្លី​ជាដើម ទៅតាម​សេចក្ដីថ្លែងការណ៍​របស់​រដ្ឋាភិបាល ដែល​បានចេញ​កាលពី​ថ្ងៃទី​៣ ធ្នូ ឆ្នាំ​២០១៨ កន្លងទៅ​។ លោក​ស ខេង ក៏​ទទួលស្គាល់ថា ទោះបី​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​មិនទាន់​ល្អ​ក្តី ក៏​លោក​អះអាងថា កម្ពុជា​មិន​បោះបង់​ផ្លូវ​លទ្ធិប្រជាធិបតេយ្យ​នោះទេ​។​

​ប៉ុន្តែ ហាក់​ផ្ទុយ ពី​ការលើកឡើង​របស់លោក​ស ខេង និង​លោក​ប្រាក់ សុខុន លោក​ហ៊ុន សែន វិញ បាន​និយាយ​ពេល​ជួបជុំ​ជាមួយ​កម្មករ នៅក្នុង​ខេត្តពោធិ៍សាត់​ម្សិលម៉ិញ​ថា លោក​មិន​ខ្វល់​រឿង​ប្រតិភូ​សហភាព​អឺរ៉ុប​មក​ដោះស្រាយ​រឿង EBA នេះ​ទេ ដោយ​លោក​អះអាងថា ទៅ​ជួប​អ្នកណា​ជួប​ទៅ ប៉ុន្តែ​រឿង EBA នេះ គឺ​លោក​ជា​អ្នកសម្រេច​។ លោក​ថែមទាំង ចំអក​ថា ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ មិនអាច​ធ្វើឲ្យ​ប្រទេស​កម្ពុជា​ក្លាយជា​អ្នកមាន​នោះឡើយ គឺ​មានតែ​ការប្រឹងប្រែង​ដោយ​ខ្លួនឯង​ទេ ទើប​ធ្វើឲ្យ​ប្រទេស​នេះ​ក្លាយជា​អ្នកមានបាន​៕

 ពាក្យគន្លឹះ  បញ្ហាEBA

ព័ត៌មានផ្សេងទៀត