សមាជិក​ព្រឹទ្ធសភា​​អាមេរិក​​ចេញ​លិខិត​​ស្នើឲ្យ​ដាក់​ទណ្ឌកម្ម​ប្រមុខ​​កងទ័ព​មី​យ៉ាន់​ម៉ា​

21-03-2019 11:19 am 221
  ស្តាប់
​មេបញ្ជាការ​កងទ័ព​មី​យ៉ាន់​ម៉ា​លោក​ឧត្ដមសេនីយ៍​Min Aung Hlaing
ស្តាប់ជាសំឡេង

សមាជិក​ព្រឹទ្ធសភា​អាមេរិក​កាលពី​ថ្ងៃទី​២០​មីនា បាន​ស្នើឲ្យ​អាមេរិក​ដាក់ទណ្ឌកម្ម​លើ​ប្រមុខ​កងទ័ព​មី​យ៉ាន់​ម៉ា ដោយ​និយាយថា​មានរឿង​ជាច្រើន​ទៀត​ត្រូវធ្វើ ដើម្បី​រក​អ្នកទទួលខុសត្រូវ​ចំពោះ​សកម្មភាព​ប្រឆាំង​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​។ នៅក្នុង​លិខិតផ្លូវការ​មួយ​ផ្ញើ​ទៅកាន់​រដ្ឋមន្ដ្រីការបរទេស​អាមេរិក​លោក​Mike Pompeo និង​រដ្ឋមន្ដ្រី​រតនាគា​រ​អាមេរិក​លោក​Steven Mnuchin សមាជិក​ព្រឹទ្ធសភា​បួនរូប​បាន​និយាយថា មី​យ៉ាន់​ម៉ា​មិន​បានបង្ហាញ​សញ្ញា​វិជ្ជមាន​ណាមួយ​ឡើយ ជុំវិញ​ការដោះស្រាយ​ករណី​រំលោភបំពាន​ដោយ​ហិង្សា និង​ការសម្លាប់​ក្រុម​ជនជាតិភាគតិច​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា ទោះបី​មានការ​ថ្កោលទោស​ពី​អន្ដរជាតិ​ក៏ដោយ​។ 

​សមាជិក​ព្រឹទ្ធសភា​បាន​បន្ថែមថា ទណ្ឌកម្ម​ប្រឆាំង​មេបញ្ជាការ​កងទ័ព​មី​យ៉ាន់​ម៉ា​លោក​ឧត្ដមសេនីយ៍​Min Aung Hlaing ក៏ដូចជា​មន្ដ្រី​យោធា​ជាន់ខ្ពស់​ផ្សេងទៀត​នឹង​អាច​បង្ហាញឲ្យឃើញថា អាមេរិក​មិនអាច​អត់ឱន​ឲ្យ​ឡើយ​ចំពោះ​ឥរិយាបថ​រំលោភបំពាន​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​។ នៅក្នុង​លិខិត​សង្កត់ធ្ងន់ថា រដ្ឋបាល​របស់លោក​ដូណាល់ ត្រាំ មិនបាន​ចាត់វិធានការ​ប្រឆាំង​មន្ដ្រី​យោធា​ជាន់ខ្ពស់​របស់​មី​យ៉ាន់​ម៉ា​ទាំង​នោះទេ ទោះបី​ទណ្ឌកម្ម​អាច​បង្ហាញថា​អាមេរិក​គាំទ្រ​ពេញទំហឹង​លើ​ការរំលោភ​សិទ្ធិមនុស្ស​ក៏ដោយ​។​

​រតនាគារ​អាមេរិក​កាលពី​ខែសីហា​ឆ្នាំមុន បាន​ដាក់ទណ្ឌកម្ម​លើ​មន្ដ្រី​យោធា​ជាន់ខ្ពស់​មី​យ៉ាន់​ម៉ា​ចំនួន​បួនរូប​រួចមកហើយ ចោទប្រកាន់​ពីបទ​រៀបចំ​ផែនការ​សម្លាប់​យ៉ាង​រង្គាល​លើ​ក្រុម​រ៉ូ​ហ៊ីង​យ៉ា ប៉ុន្ដែ​សមាជិក​ព្រឹទ្ធសភា​ថា​ទណ្ឌកម្ម​មិនទាន់មាន​ប្រសិទ្ធភាព​។ ដូច្នេះ​បាន​ជំរុញ​ឲ្យ​ដាក់ទណ្ឌកម្ម​ជាថ្មី​ប្រឆាំង​លោក​ឧត្ដមសេនីយ៍​Min Aung Hlaing តាមច្បាប់​Magnitsky Act​របស់​អាមេរិក គឺជា​ការ​បង្កក​ទ្រព្យសម្បត្ដិ​និង​ហាមឃាត់​មិនឲ្យ​មន្ដ្រី​ដែល​រំលោភ​សិទ្ធិមនុស្ស ធ្វើដំណើរ​ចូល​ទឹកដី​អាមេរិក​ឡើយ​។​

​សូម​រម្លឹកថា ដោយសារតែ​មាន​អំពើហិង្សា​កើតឡើង​បណ្ដាលឲ្យ​ក្រុម​ជនជាតិភាគតិច​មូស្លីម​រ៉ូ​ហ៊ីង​យ៉ាប្រ​មាណ​៧៤​ម៉ឺន​នាក់ ចាកចេញ​ពី​រដ្ឋ​រ៉ាក់​ហ៊ីន​ជា​ភូមិកំណើត​ឆ្ពោះទៅកាន់​ប្រទេស​បង់​ក្លា​ដែស​ក្នុង​ឆ្នាំ​២០១៧​។ អង្គការសហប្រជាជាតិ​ហៅ​យុទ្ធនាការ​របស់​យោធា ជា​ចេតនា​ចង់​បោសសម្អាត​ក្រុម​ម៉ូ​ស្លីម​រ៉ូ​ហ៊ីង​យ៉ា ប៉ុន្ដែ​យោធា​បាន​បដិសេធ​ដាច់ខាត​ដោយ​ឆ្លើយតប​ថា គ្រាន់តែ​ធ្វើ​ប្រតិ​ប​ត្ដិ​ការប្រឆាំង​ក្រុម​សកម្មប្រយុទ្ធ​លួច​វាយឆ្មក់​លើ​ប៉ុស្ដិ៍​ប៉ូលិស​ប៉ុណ្ណោះ​៕

ព័ត៌មានផ្សេងទៀត