អ្នកនាំពាក្យ​៖​​កម្ពុជា​-​អឺរ៉ុប​ប្តេជ្ញា​រួមគ្នា​​រ​ក្សា​EBA​កម្ពុជា​មិនឱ្យ​បាត់បង់​​

21-03-2019 10:53 am 1338
  ស្តាប់
ស្តាប់ជាសំឡេង

​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា លោក កេត សោ​ផាន់ បានបញ្ជាក់​ឱ្យដឹងថា​កម្ពុជា​-​អឺរ៉ុប ប្តេជ្ញា​រួមគ្នា​រក្សា​ស្ថានភាព EBA នៅ​កម្ពុជា មិនឲ្យ​បាត់បង់ ខណៈ​សហភាព​អឺរ៉ុប ទុកពេល​ឱ្យ​កម្ពុជា​តែ​១៨​ខែ​ប៉ុណ្ណោះ ដើម្បីឱ្យ​រដ្ឋាភិបាល​កម្ពុ​ជា ងាក​មករក​កន្លង​ប្រជាធិបតេយ្យ គោរព​សិទ្ធិមនុស្ស និង​ដោះលែង​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ជាដើម។

​លោក កេត សោ​ផាន់ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្ដរជាតិ ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ក្នុងជំនួប​រវាង​លោក ប្រាក់ សុខុន រដ្ឋមន្ដ្រី​ក្រសួងការបរទេស​និង​សហ​ប្រតិ​បត្ដិកា​រ​អន្ដរជាតិ ជាមួយ​ប្រតិភូ​សហភាព​អឺរ៉ុប ដែល​ដឹកនាំ​ដោយ លោកស្រី Paola Pampaloni​នាយករង​ផ្នែក​គ្រប់គ្រង​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក ភាគី​ទាំង​ពីរបាន​ប្ដេជ្ញាចិត្ត​រួមគ្នា​ថា នឹង​រក្សា​ស្ថានភាព EBA មិនឲ្យ​បាត់បង់​ពី​កម្ពុជា​ឡើយ​។ 

​ការ​បញ្ជាក់ប្រាប់​អ្នកសារព័ត៌មាន​យ៉ាង​ដូច្នេះ​របស់លោក កេត សោ​ផាន់ ក្រោយ​ជំនួប​រវាង​លោក ប្រាក់ សុខុន ជាមួយ​ប្រតិភូ​សហភាព​អឺរ៉ុប នៅ​ល្ងាច​ថ្ងៃទី​២០ ខែ​មីនា ឆ្នាំ​២០១៩​នេះ​។​ លោក កេត សោ​ផាន់ បាន​ឱ្យដឹងទៀតថា «​កិច្ចពិភាក្សា​នៅ​នេះ គឺជា​ការបន្ដ​សន្ទនា​រឿង​នីតិវិធី EBA ហើយ​ភាគី​ទាំងពីរ សុទ្ធតែ​បាន​ប្ដេជ្ញា​ថា នឹង​រក្សា​ស្ថានភាព EBA មិនឲ្យ​បាត់បង់​ទេ​។ សហគមន៍​អឺរ៉ុប ក៏បាន​សង្កត់ធ្ងន់ថា កិច្ចសន្ទនា​នេះ គឺ​ដើម្បី​កំណត់​ពី​ពេលនេះ រហូតដល់​ក្នុង​ដំណើរការ​នីតិវិធី EBA ទាំងមូល​»​។​

​សហភាព​អឺរ៉ុប​បាន​ជូនដំណឹង​ទៅ​រដ្ឋាភិបាល​កម្ពុជា អំពី​ចំណាត់ការ​ឈានទៅរក​ការលុបចោល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​អ្វីៗ​ទាំងអស់​លើកលែងតែ​អាវុធ​» ហៅ​កាត់​ថា EBA​។ សហភាព​អឺរ៉ុប​បាន​គូសបញ្ជាក់ថា ចំណាត់ការ​នេះ គឺ​ដោយសារតែ ពុំមាន​ការកែប្រែ​ស្ថានភាព​វិបត្តិ​ប្រជាធិបតេយ្យ និង​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា ក្នុង​រយៈកាល​កន្លងមក​នេះ​។ មុន​ជូនដំណឹង​ដល់​រដ្ឋាភិបាល​កម្ពុជា សហភាព​អឺរ៉ុប ក៏បាន​បញ្ជូន​មន្ត្រី​របស់ខ្លួន មក​សិក្សា​វាយតម្លៃ​ពី EBA នៅ​កម្ពុជា​ផងដែរ​។​

​សូមបញ្ជាក់ថា សហភាព​អឺរ៉ុប បាន​ទុកពេល​ឱ្យ​រដ្ឋាភិបាល​កម្ពុជា រយៈពេល​១៨​ខែ ដើម្បីឱ្យ​រដ្ឋាភិបាល​កម្ពុជា ងាក​មករក​កន្លង​ប្រជាធិបតេយ្យ គោរព​សិទ្ធិមនុស្ស និង​ដោះលែង​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​វិញ បើ​មិន​ដូច្នោះ​ទេ សហភាព​អឺរ៉ុប នឹង​លុបចោល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទាំងអស់​លើកលែងតែ​អាវុធ​EBA​។ 

​ក៏ប៉ុន្តែ​សម្រាប់​រដ្ឋាភិបាល​កម្ពុជា​វិញ បាន​សម្ដែង​ការសោកស្ដាយ​ដែល​សហភាព​អឺរ៉ុប មិន​ស្ដាប់​តាម​ការពន្យល់​របស់ខ្លួន បែរជា​ទៅ​ស្ដាប់​អ្នកផ្សេង​ទៅវិញ (​គណបក្ស​សង្គ្រោះ​ជាតិ​)​។ សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេ​ស​កម្ពុ​ជា​ចុះ​ថ្ងៃទី​១២ ខែ​កុម្ភៈ បានចាត់ទុក​ការសម្រេច​របស់​សហភាព​អឺរ៉ុប​នេះ ជា​រឿង​អយុត្តិធម៌​បំផុត​សម្រាប់​រដ្ឋាភិបាល ដោយ​ប្លុក​លោក​សេរី​មួយ​នេះ បាន​មើលរំលង​ការខិតខំ​ប្រឹងប្រែង​រយៈ​ពេល ៨​ខែ​មកនេះ​របស់​រដ្ឋាភិបាល​។​ មិន​ត្រឹម​អះអាងថា លម្អៀង​ទៅរក​អតីត​បក្សប្រឆាំង​ទេ រដ្ឋាភិបាល​កម្ពុជា បាន​ហៅ​ការសម្រេចចិត្ត​ដំណើរការ​ព្យួរ EBA នេះ​ថា ជា​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​។ ​រដ្ឋាភិបាល​បាន​អះអាង​ទៀតថា កម្ពុជា​នឹងមិន​យក​អធិបតេយ្យ​របស់ខ្លួន​ទៅ​ដោះដូរ​នឹង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ឡើយ​៕

ព័ត៌មានផ្សេងទៀត