អតីត​CNRP និង​ក្រុម​សមាជិកសភា​​អាស៊ាន​ ថ្កោលទោស​​ដីកា​ចាប់ខ្លួន​​មន្ត្រី​ប្រឆាំង​​៨​នាក់​

20-03-2019 5:11 pm 815
  ស្តាប់
ស្តាប់ជាសំឡេង

​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សេចក្តីថ្លែងការណ៍​ថ្មី​មួយទៀត ដោយ​ហៅ​ការចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​មន្ត្រី​ថ្នាក់ដឹកនាំ​កំពូល​នៃ​គណបក្ស​នេះ ចំនួន​៨​នាក់ ថា​ជា​ចរិត​នយោបាយ បន្ត​បំបែក និង​បំបាត់​សំឡេង​ប្រឆាំង​នៅ​កម្ពុជា​ផ្គើន​នឹង​វិធានការណ៍​នានា​របស់​សហគមន៍​អន្តរជាតិ​។​

​បែបនេះ អតីត​គណបក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​ដល់​សហគម​ន៍​អន្តរជាតិ ជាពិសេស​សហភាព​អឺរ៉ុប សហរដ្ឋអាមេរិក ដែលជា​ប្រទេស​ផ្តល់ជំនួយ និង​កម្ចី ដ៏​សំខាន់​ដល់​កម្ពុជា ចាត់វិធានការ​សមស្រប និង​ជាក់ស្តែង ព្រមទាំង​ដាក់​សម្ពាធ​បន្ថែម កាន់តែខ្លាំង ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាលលោក​ហ៊ុន សែន ងាក​ទៅរក​គន្លង​ប្រជាធិបតេយ្យ​ឡើងវិញ​។​

​ការចេញ​ដីកាចាប់ខ្លួន​មេដឹកនាំ​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​៨​នាក់​នេះដែរ ក្រុម​សមាជិកសភា​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស ហៅ​កាត់​ថា (APHR) ក៏បាន​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា និង​ទាមទា​រឲ្យរដ្ឋាភិបាល​ទម្លាក់ចោល​ការចោទប្រកាន់​ព្រហ្មទ​ណ្ឌ​នេះ ជាបន្ទាន់​វិញ​។​

​ក្រុម​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស ចាត់ទុក​ដីកា​តុលាការ​ចាប់ខ្លួន​អ្នកស្រី​មូរ សុខ​ហួរ ដែលជា​សមាជិក​ក្រុមប្រឹក្សាភិបាល​របស់ខ្លួន និង​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ៧​រូប​ផ្សេងទៀត ចោទប្រកាន់​ពីបទ​ក្បត់ជាតិ​នោះ គឺជា​ការចោទប្រកាន់​ព្រហ្មទណ្ឌ​មាន​ចរិត​នយោបាយ និង​គ្មាន​មូលដ្ឋាន​។​

​សូមបញ្ជាក់ថា សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​មនុស្ស​ទាំង​៨​នាក់​ចោទប្រកាន់ ពីបទ រួមគំនិត​ក្បត់ និង​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជាអាទិ រួមមាន លោក​សម រង្ស៊ី ប្រធានស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី​មួរ សុខ​ហួរ  លោក​អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស លោក​ហូ វ៉ាន់ លោក​ឡុង រី លោក​អ៊ួ ច័ន្ទរិ​ទ្ធិ លោកម៉ែន សុថាវរិន្ទ្រ និង​លោកតុ វ៉ាន់​ចាន់ ជា​តំណាងរាស្ត្រ​៕

 ពាក្យគន្លឹះ  អតីតCNRP

ព័ត៌មានផ្សេងទៀត