អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី គ្រោងនឹងដឹកនាំមន្ត្រីជាន់ខ្ពស់រដ្ឋសភាកម្ពុជា ទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី២១-២៥ ខែមីនា ឆ្នាំ២០១៩ខាងមុខ។ដំណើរទស្សនកិច្ចនេះ ធ្វើឡើងដើម្បីពង្រឹងចំណងមិត្តភាពរវាងកម្ពុជា-វៀតណាម អោយកាន់តែរឹងមាំបន្ថែមទៀត ជាពិសេសស្ថាប័នរដ្ឋសភា។
ដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃនៅវៀតណាមនេះ ត្រូវបានលោកស្រីឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភាបញ្ជាក់ថា ធ្វើឡើងដើម្បីពង្រឹងចំណងមិត្តភាពជាប្រពៃណីនៃប្រទេសទាំងពីរ អោយរឹងមាំបន្ថែមទៀត ជាពិសេសស្ថាប័នរដ្ឋសភាតែម្តង។
មន្ត្រីរដ្ឋសភារូបនេះ បានលើកឡើងពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ស្អិតល្មួតរវាងប្រទេសទាំងពីរ ដែលចេះតែរីកចម្រើនទៅមុខឥតឈប់ឈរ ដោយឈរលើគោលការណ៍សាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីជួយគ្នាទៅវិញទៅមក។
អ្នកនយោបាយសភាស្ត្រីតំណាងកម្ពុជាខាងលើ ហាក់បង្ហាញនូវសុទិដ្ឋិនិយមថាចំណងមិត្តភាពរវាងកម្ពុជា-វៀតណាមជាទ្រព្យសម្បត្តិដ៏ពិសិដ្ឋរបស់ប្រទេសទាំងពីរ ដែលត្រូវថែរក្សាជារៀងរហូតទៅ ហើយផ្សព្វផ្សាយដល់យុវជនជំនាន់ក្រោយឲ្យ យល់ដឹង និងបន្តថែរក្សាឲ្យបានយូរអង្វែងតទៅ។
យ៉ាងណាតាមការបញ្ជាក់ នាពេលថ្មីៗនេះរដ្ឋសភាកម្ពុជា និងរដ្ឋសភាវៀតណាម បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង២៥លានដុល្លារអាមេរិក សម្រាប់ការអនុវត្តគម្រោងសាងសង់អគាររដ្ឋបាលរបស់រដ្ឋសភា។
ជាការកត់សម្គាល់លោកឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញាត្តិ នៃកម្ពុជា និងវៀតណាម បានលើកកម្ពស់ជាបន្តបន្ទាប់ តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូ និងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាអន្តរសភានានា។
គូសបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចចាប់ពីថ្ងៃទី២១-២៥ ខែមីនានេះ គណៈប្រតិភូកម្ពុជាគ្រោងនឹងជួបពិភាក្សាទ្វេភាគីជាមួយ លោកស្រីTong ThiPhongអនុប្រធានរដ្ឋសភា លោកNguyen Van Giau ប្រធានគណៈកម្មាធិការកិច្ចការបរទេស និងថ្នាក់ដឹកនាំសំខាន់ៗមួយចំនួននៃសាធារណរដ្ឋសង្គមនិយមវៀតណាមផងដែរ។ ហើយកម្ពុជា ប្តេជាយកចិត្តទុកដាក់យ៉ាងសស្រាក់សស្រាំ ដើម្បីធ្វើយ៉ាងណាអោយដំណើរទស្សនកិច្ចនេះទទួលបានផ្លែផ្កា ដែលជាផលប្រយោជន៍រួមនៃប្រទេសទាំងពីរ៕
ដោយ៖ប៉ា សុខេង