ទំនាស់​ផ្ទៃក្នុង​​រុញច្រាន​ឲ្យ​​នាយករដ្ឋមន្ដ្រី​​អង់គ្លេស​​ពន្យារពេល​​ដើរ​ចេញ​ពី​អឺរ៉ុប​

20-03-2019 3:22 pm 276
  ស្តាប់
នាយករដ្ឋមន្ដ្រីអង់គ្លេសលោកស្រីថេរ៉េសា ម៉េ
ស្តាប់ជាសំឡេង

​ទោះបីជា​មាន​កិច្ចខិតខំ​ប្រឹងប្រែង​យ៉ាងណាក៏ដោយ ភាពជោគជ័យ​ដែល​នាយករដ្ឋមន្ដ្រី​អង់គ្លេស​លោកស្រី​ថេរ៉េសា ម៉េ​ចង់បាន មិនទាន់​លេច​រូបរាង​នៅឡើយ​។ នោះ​គឺ​ដំណើរ​ចាកចេញ​ពី​សហភាព​អឺរ៉ុប ដែល​កំពុង​ជាប់គាំង​ដោយសារតែ​មានទំនាស់​ផ្ទៃក្នុង​។ ទំនាស់​ផ្ទៃក្នុង​ព្រោះតែ​សមាជិកសភា​អង់គ្លេស​មួយចំនួន មិន​គាំទ្រ​សេចក្ដីព្រៀង​ដែល​លោកស្រី​នាយករដ្ឋមន្ដ្រី​សម្រេចបាន​ជាមួយ​អឺរ៉ុប​។ កិច្ចព្រមព្រៀង​នោះ​បានដាក់​បោះឆ្នោត​ក្នុង​សភា​ពីរលើក​មកហើយ ប៉ុន្ដែ​ត្រូវ​បរាជ័យ​រហូត​គ្មាន​សំឡេងគាំទ្រ​គ្រប់គ្រាន់​ទេ​។​

​សមាជិកសភា​ជំទាស់​នឹង​កិច្ចព្រមព្រៀង ដោយ​ពួកគេ​គិតថា​កិច្ចព្រមព្រៀង​មិនទាន់​គ្រប់​លក្ខខណ្ឌ មិនអាច​ការពារ​អង់គ្លេស​ក្រោយ​ចេញពី​អឺរ៉ុប​បានឡើយ​។ បើ​ចង់​ចាកចេញ​ពី​អឺរ៉ុប​ត្រូវតែមាន​កិច្ចព្រមព្រៀង​ដែល​រឹងមាំ អាច​ការពារ​ផលប្រយោជន៍​របស់​អង់គ្លេស​បាន​។ កត្ដា​នេះហើយ​ដែល​ធ្វើឲ្យ​លោកស្រី​ម៉េងា​ក​ទៅ​ចរចា​ជាមួយ​ភាគី​អឺរ៉ុប​ម្ដង​ជា​ពីរដង ធ្វើឲ្យ​កិច្ចព្រមព្រៀង​រឹតតែ​មាន​ប្រសិទ្ធភាព​។ កាលបរិច្ឆេទ​កំណត់​គឺ​នៅ​ថ្ងៃទី​២៩​មីនា​នេះហើយ ជា​ថ្ងៃ​ដែល​អង់គ្លេស​ត្រូវ​ចែកផ្លូវ​ជាមួយ​អឺរ៉ុប​។ 

​កាន់តែ​កៀក​ថ្ងៃ​ប៉ុន្ដែ​នៅ​មិនទាន់​សម្រុះសម្រួល​ផ្ទៃក្នុង​ត្រូវរ៉ូវ​គ្នា លោកស្រី​នាយករដ្ឋមន្ដ្រី​អង់គ្លេស​ក៏​សម្រេច​ដាក់សំណើ​ទៅ​អឺរ៉ុប​ដើម្បី​សុំ​ពន្យារពេល​។ លិខិតផ្លូវការ​ត្រូវដាក់​ទៅ​អឺរ៉ុប​នៅ​ថ្ងៃទី​២០​មីនា​នេះ ប៉ុន្ដែ​មិន​បានបញ្ជាក់​នឹង​ពន្យារពេល​យូរ​ប៉ុណ្ណា​ឡើយ​។ យ៉ាងណាក៏ដោយ​គេ​ជឿជាក់ថា​លោកស្រី​នឹងមិន​សុំ​ពន្យារពេល​យូរ​ទេ ព្រោះ​វា​មិនមែនជា​អ្វីដែ​លោកស្រី​ចង់បាន​។ តាមពិត​លោកស្រី​ចង់​ចាកចេញ​ពី​អឺរ៉ុប​នៅ​ថ្ងៃ​ដែល​បានកំណត់ តែដោយសារ​សមាជិកសភា​មិន​គាំទ្រ​កិច្ចព្រមព្រៀង ទើបត្រូវ​ស្នើសុំ​ទៅ​អឺរ៉ុប​ដើម្បី​ពន្យារពេល​។ ចំពោះ​កិច្ចព្រមព្រៀង​នៃ​ការចាក​ចេញពី​អឺរ៉ុប ដែល​បានដាក់ឲ្យ​បោះឆ្នោត​តាំងពី​ឆ្នាំមុន អាច​នឹងត្រូវ​បោះឆ្នោត​ជាថ្មី​ក្នុង​សភា​នៅ​សប្ដាហ៍​ក្រោយ​។​

​សូមបញ្ជាក់ថា កន្លងមក​អ្នក​ដែល​ជំទាស់​នឹង​ការចាកចេញ​ពី​អឺរ៉ុប បាន​ស្នើឲ្យ​លើក​ពេល​ដូចគ្នា ហើយ​អ្នកខ្លះ​ទទូច​ឲ្យ​រៀបចំ​ការបោះឆ្នោត​ប្រជាមតិ​ឡើងវិញ​ផង ប៉ុន្ដែ​លោកស្រី​ម៉េ​ជំទាស់​ដាច់ខាត​។ លោកស្រី​ថា​អ្វីដែល​បានសម្រេច​ជិត​បី​ឆ្នាំ​មកនេះ មិនអាច​លុបចោល​បានទេ​ត្រូវតែ​អនុវត្ដ​តាម​ផែនការ​៕

ព័ត៌មានផ្សេងទៀត