កាន់តែ​ធ្ងន់ធ្ង​រ​ហើយ​​ក្រុមហ៊ុន​ប៊ូ​អ៊ីង​​ត្រូវ​អឺរ៉ុប​​និង​កាណាដា​​បង្កើន​​ការត្រួតពិនិត្យ​​គុណភាព​

20-03-2019 2:04 pm 747
  ស្តាប់
រូបភាព​យន្ដហោះ​737MAXរបស់ក្រុមហ៊ុនប៊ូអ៊ីង
ស្តាប់ជាសំឡេង

​អឺរ៉ុប​និង​កាណាដា​បានប្រកាស​នឹង​ស្វែងរក​ការធានា​បន្ថែម ជុំវិញ​សុវត្ថិភាព​ហោះហើរ​របស់​យន្ដហោះ​ប៊ូ​អ៊ីង​737 MAX បន្ទាប់ពី​យន្ដហោះ​ធុន​នេះ​បាន​ធ្លាក់​ពី​រគ្រឿង សម្លាប់​មនុស្ស​ជាង​៣០០​នាក់​។ ខណៈដែល​រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ​អាមេរិក​(FAA) វិភាគ​ពី​ផែនការ​របស់​ក្រុមហ៊ុន​ប៊ូ​អ៊ីង​សម្រាប់​ជួសជុល​បញ្ហា​ធ្វើឲ្យ​យន្ដហោះ​ធ្លាក់​លើកដំបូង​កាលពី​៥​ខែ​មុន ភ្នាក់ងារ​សុវត្ថិភាព​អាកាសចរណ៍​សហភាព​អឺរ៉ុប​(EASA) បាន​សន្យា​ដែ​រថានឹ​ង​កែលម្អ​ការ​រចនា​របស់ខ្លួន​។ 

​នាយក​ប្រតិ​ប​ត្ដិ​របស់​EASA​លោក​Patrick Ky បាន​ថ្លែង​ទៅកាន់​គណៈកម្មការ​សភា​អឺរ៉ុប​ថា លោក​នឹងមិន​អនុញ្ញាតឲ្យ​យន្ដហោះ​ប្រភេទ​នេះ​ហោះហើរ​ដាច់ខាត ប្រសិនបើ​មិន​បានទទួល​ចម្លើយ​សមស្រប​ជុំវិញ​ចម្ងល់​ដែល​ចោទសួរ​។ ការលើកឡើង​ដូច្នេះ​ជា​ការបង្ហាញ​ពី​ក្ដី​ព្រួយបារម្ភ​ចំពោះ​សុវត្ថិភាព​ហោះហើរ ព្រោះ​បើ​មិន​ដោះស្រាយ​ជាបន្ទាន់​ទេ​អាច​នឹង​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ជា​បន្ដបន្ទាប់​។​

​ចំណែក​កាណាដា​បាន​បញ្ជាក់ថា នៅពេល​ខាងមុខ​ខ្លួន​នឹង​ពិនិត្យពិច័យ​លើ​យន្ដហោះ​737 MAX​ដោយ​ខ្លួនឯង​តែម្ដង ជាជាង​ចាំតែ​ទទួលយក​ព័ត៌មាន​ពី​រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ​អាមេរិក​។ កាណាដា​នឹង​ពិនិត្យឡើងវិញ​នូវ​ប្រព័ន្ធគ្រប់គ្រង​ការហោះហើរ​ដោយ​ស្វ័យប្រវត្ដិ​ស្គាល់​ថា​MCAS បំពាក់​ក្នុង​យន្ដហោះ​ប្រភេទ​MAX​នេះ ដែល​អ្នកជំនាញ​ជឿជាក់​វា​ជា​មូលហេតុ​ចម្បង​មួយ​ធ្វើឲ្យ​យន្ដហោះ​ធ្លាក់​។ កាណាដា​ក៏​នឹង​បញ្ជូន​ក្រុម​ជំនាញ​ទៅ​ជួយ​អាមេរិក វាយតម្លៃ​លើ​សំណើសុំ​ផ្លាស់ប្ដូរ​ដើម្បី​សម្រេច​ថា​តើ​ត្រូវការ​អ្វីខ្លះ​។​

​យ៉ាងណាមិញ​ចំពោះ​ក្រុមហ៊ុន​ប៊ូ​អ៊ីង បដិសេធ​មិនទាន់​ឆ្លើយតប​យ៉ាងណាទេ​ចំពោះ​ករណីនេះ​។ កាលពី​ថ្ងៃទី​១៩​មីនា​ក្រុមហ៊ុន​បាន​រុះរើ​មន្ដ្រីជាន់ខ្ពស់​មួយចំនួន​ក្នុង​អង្គភាព ផ្ដោត​សំខាន់​លើ​ការស៊ើបអង្កេត​គ្រោះថ្នាក់​ដែល​បាន​កើតឡើង​។ សម្រាប់​មន្ដ្រី​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​នៅតែ​ជឿជាក់ថា គ្រោះថ្នាក់​ទាំងពីរ​លើក​នេះ​មិនអាច​ធ្វើឲ្យ​ពិភពលោក​ដើរចេញ ហើយ​លែង​ទទួលយក​ការធានា​អះអាង​របស់​រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ​អាមេរិក​ឡើយ​។ ប៉ុន្ដែ​សមាជិកសភា​អាមេរិក​ក៏ដូចជា​រដ្ឋអាជ្ញា​សហព័ន្ធ កំពុង​ពិនិត្យ​យ៉ាង​ដិតដល់​លើ​ការបញ្ជាក់​ពី​សុវត្ថិភាព​របស់​យន្ដហោះ​ប៊ូ​អ៊ីង​737 MAX​។​

​សូម​រម្លឹកថា យន្ដហោះ​ប៊ូ​អ៊ីង​737 MAX​ដែល​ធ្លាក់​កន្លងមក ទីមួយ​ជា​យន្ដហោះ​ដែល​ក្រុមហ៊ុន​អាកាសចរណ៍​ឥណ្ឌូនេស៊ី​Lion Air​បាន​ទិញ​ទៅ បាន​ធ្លាក់​កាលពី​ថ្ងៃ​២៩​តុលា​ឆ្នាំមុន សម្លាប់​មនុស្ស​ទាំង​១៨៩​នាក់​។ មួយគ្រឿង​ទៀត​ជា​យន្ដហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អេត្យូ​ពី ធ្លាក់​កាលពី​ថ្ងៃទី​១០​មីនា​នេះ​សម្លាប់​មនុស្ស​ទាំង​១៥៧​នាក់​។ គ្រោះថ្នាក់​ទាំងពីរ​លើ​កនៅ​មិនទាន់មាន​ការបញ្ជាក់​ពី​មូលហេតុ​ទេ​។​ក្រោយ​មាន​គ្រោះថ្នាក់​ដ៏​អាក្រក់​ដូច្នេះ បណ្ដា​ប្រទេស​មួយចំនួន​ដែល​ប្រើប្រាស់​យន្ដហោះ​ប្រភេទ​ប៊ូ​អ៊ីង​737 MAX បានប្រកាសឲ្យ​ផ្អាក​ការហោះហើរ​បណ្ដោះអាសន្ន រង់ចាំ​ការត្រួតពិនិត្យ​បញ្ហា​បច្ចេកទេស​ឡើងវិញ​សិន​៕

ព័ត៌មានផ្សេងទៀត