មន្ត្រី​ឧទ្យានុ​រក្ស​ម្នាក់​​ត្រូវ​ជនល្មើ​ស​កាប់​ជាច្រើន​កាំបិត​​

20-03-2019 9:52 am 498
  ស្តាប់
ប្រភពរូបភាពពីក្រសួងបរិស្ថាន
ស្តាប់ជាសំឡេង

​មន្ត្រី​ឧទ្យានុ​រក្ស​ប្រចាំកា​រ នៅ​ច្រករបៀង​អភិរក្ស​ជីវៈចម្រុះ​ព្រៃ​អង់​តែ​ន ឈ្មោះ ចក់ សុជាតិ អាយុ​៣០​ឆ្នាំ ត្រូវ​ជនល្មើស​កាប់​ត្រូវ​ចំនួន​០៥​កាំបិតផ្គាក់ ត្រូវ​ចំក្បាល កញ្ចឹងក និង​កដៃ បង្កឱ្យមាន​របួស​ធ្ងន់ធ្ងរ នៅ​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០១៩​នេះ​។ នេះ​បើតាម​ការ​ឱ្យដឹង​របស់​លោក នេត្រ ភ​ក្ត្រា រដ្ឋលេខាធិការ និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​។ លោក នេត្រ ភ​ក្ត្រា បានបង្ហាញ​ការសោកស្តាយ និង​ថ្កោលទោស​ចំពោះ​អំពើ​អមនុស្សធម៌ សាហាវឃោរឃៅ​របស់​ក្រុម​ជនល្មើស ប្រឆាំងនឹង​ក្រុម​អ្នកការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​អំឡុងពេល​ចុះ​បំពេញបេសកកម្ម​ក្នុង​បុព្វហេតុ​បរិស្ថាន​និង​ធនធានធម្មជាតិ​។​

​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​រូបនេះ បានឱ្យដឹងថា នៅ​ថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០១៩ កម្លាំង​មន្ត្រី​ឧទ្យានុ​រក្ស​ប្រចាំកា​រ​នៅ​ច្រករបៀង​អភិរ​ក្ស​ជីវៈចម្រុះ​ព្រៃ​អង់​តែ​ន​ចំនួន​០៥​នាក់ បាន​ចុះ​ល្បាត​នៅ​តំបន់ អូរ​ដើមថ្កូវ ក្នុង​ភូមិសាស្ត្រ ឃុំ​ក្រយា ស្រុក​សន្ធុក ខេត្ត​កំពង់ធំ បាន​ជួបប្រទះ​ជនល្មើស​ចំនួន​០២​នាក់ កំពុង​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​កាប់​ឆា្ករ​ព្រៃ​ទន្ទ្រាន​យក​ដីព្រៃ​ធ្វើ​ចម្ការ ពេលនោះ​មន្ត្រី​ឧទ្យានុ​រក្សបា​ន​ដេញចាប់​ជនល្មើស តែ​បាន​ទាក់​ជើង​ដួល​ហើយ​ត្រូវ​ជនល្មើស​តដៃ ដោយបាន​កាប់​ត្រូវ​កម្លាំង​មន្ត្រី​ឧទ្យានុ​រក្ស​ម្នាក់​ឈ្មោះ ចក់ សុជាតិ ត្រូវ​ចំនួន ០៥​កាំបិតផ្គាក់ ត្រូវ​ចំក្បាល កញ្ចឹងក​និង​កដៃ បណ្តាលអោយ​រងរបួស​ធ្ងន់​។ ចំណែក​មន្ត្រី​ឧទ្យានុ​រក្ស ៤​នាក់​ផ្សេងទៀត​មិនមាន​រងរបួស​អ្វី​ឡើយ​។ ចំណែក​ជនល្មើស​បានរ​ត់​គេចខ្លួនបាត់​។​

​លោក នេត្រ ភ​ក្ត្រា បាន​ឱ្យដឹងទៀតថា បច្ចុប្បន្ន​មន្ត្រី​ឧទ្យានុ​រក្ស​ដែលមាន របួស​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ផែ្ន​ក​លលា​ដ៏​ក្បាល ត្រូវបាន​ក្រុមគ្រូពេទ្យ​បាន​បញ្ជូន​មកកាន់​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ រាជធានី​ភ្នំពេញ​។ លោក ចក់ សុជាតិ គឺជា​មន្ត្រី​ឧទ្យា​នុរ​ក្សទី​២ ដែល​ត្រូវបាន​រងរបួស​ដោយ​ការ​តដៃ​របស់​ជនល្មើស ក្នុង​បទល្មើស​ធនធានធម្មជាតិ ក្នុង​រយៈពេល ២​ខែ​ចុងក្រោយ​នេះ​។ កាលពី​ចុង​ខែមករា ឆ្នាំ ២០១៩ មន្ត្រី ឧទ្យាន​ម្នាក់​ឈ្មោះ ចេង ចាន់​ធី ត្រូវបាន​ក្រុម​ព្រានព្រៃ​ប្រកបដោយ​កាំភ្លើង​បាញ់ប្រហារ​មកលើ ធ្វើឱ្យ​របួស ចំ​ភ្លៅ​អំឡុងពេល​នៃ​ការចុះ​បង្ក្រាប​បទល្មើស​សត្វព្រៃ​ក្នុងភូម​សាស្ត្រនៃ​ដែនជម្រកសត្វព្រៃ​ស្រែពក​ក្នុង ខេត្ត​មណ្ឌលគិរី​។ លោក នេត្រ ភ​ក្ត្រា បាន​ថ្លែងថា បច្ចុប្បន្ននេះ ក្រសួងបរិស្ថាន​មាន​មន្ត្រី​ឧទ្យានុ​រក្សចំនួន ១២២១​នាក់​ដែល​កំពុងតែ​ការពារ​និង​អភិរក្ស​តំបន់ការពារធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ​ចំនួន​ជិត ៦០ ដែលមាន​ទំហំ​ប្រមាណ ៧,៥​លាន​ហិកតា​។​

​ដោយឡែក​ជនល្មើស​ដែលជា​អ្នកបង្ក​ខាងលើ ត្រូវបាន​លោក នេត្រ ភ​ក្ត្រា អះអាងថា មន្ត្រី​សមត្ថកិច្ច​បាននិងកំពុង​ស៊ើបអង្កេត​ធ្វើ​កំណត់ហេតុ និង​ដាក់​ពាក្យបណ្ដឹង​ទៅកាន់​តុលាការ​ដើម្បី​វែកមុខ​រក​ជនល្មើស​មក​ផ្តន្ទាទោស​ផងដែរ​៕

ព័ត៌មានផ្សេងទៀត