សមាជិក​ព្រឹទ្ធសភា​អាមេរិកត្អូញត្អែរ​ពី​ការធ្លាក់ចុះ នៃ​ការអនុវត្ត​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​

19-03-2019 12:26 pm 291
  ស្តាប់
លោកគីម ជុងអ៊ុនប្រធានាធិបតីកូរ៉េខាងជើងនិងមន្រ្តី
ស្តាប់ជាសំឡេង

​សមាជិក​ព្រឹទ្ធសភា​អាមេរិក​មួយរូប មកពី​គណបក្ស​សាធារណរដ្ឋ​លោក Cory Gardner និង​មួយរូប​ទៀត មកពី​គណបក្ស​ប្រជាធិបតេយ្យ លោក Ed Markey បាន​រិះគន់​លើ​ការអនុវត្ត​ទណ្ឌកម្ម ដែល​បានដាក់​លើ​ប្រទេស​កូរ៉េខាងជើង​ថា បាន​ថយចុះ​គួរឲ្យកត់សម្គាល់ នៅក្នុង​ឆ្នាំកន្លងមក ចាប់តាំងពី​ការចូលរួម​កិច្ចខិតខំ​ប្រឹង​ផ្នែក​ការទូត របស់​សហរដ្ឋអាមេរិក​ជាមួយ​ប្រទេស​នេះ​។ នេះ​ជា​ការលើកឡើង របស់​សមាជិក​ព្រឹទ្ធសភា​អាមេរិក នៅក្នុង​លិខិត​ផ្ញើ​ទៅកាន់​លោក Mike Pompeo ប្រមុខ​ការទូត​អាមេរិក​និង​លោក Steven Mnuchin​​រដ្ឋមន្រ្តី​ក្រសួង​រតនាគារ​។​

​ពួកសមាជិកព្រឹទ្ធសភា បានលើកឡើង ពី​ការស្រាវជ្រាវ​របស់​មូលនិធិ សម្រាប់​ការការពារ នៃ​របប​ប្រជាធិបតេយ្យ​ដោយ​និយាយថា រដ្ឋបាល​លោក Trump បាន​ដាក់ទណ្ឌកម្ម​លើ​មនុស្ស ១៨២ នាក់ និង​អង្គភាព​នានា ចំពោះ​ការរំលោភ លើ​ការដាក់ទណ្ឌកម្ម​របស់​កូរ៉េខាងជើង ចាប់តាំងពី​ថ្ងៃទី ៣១ ខែ​មីនាឆ្នាំ ២០១៧​។ ប៉ុន្តែ​មាន​មនុស្ស​ត្រឹមតែ ២៦​នាក់​ប៉ុណ្ណោះ ដែល​បានទទួល​ទណ្ឌកម្ម​ចាប់ពី​ថ្ងៃទី ២៣ ខែកុម្ភៈ​ឆ្នាំ ២០១៨ បើទោះបីជា​មាន​ភស្តុតាង​ជាច្រើន បង្ហាញ​ពី​អាកប្បកិរិយា​ខុសច្បាប់ របស់​ទីក្រុង​ព្យុងយ៉ាង និង​អ្នក​ដែល​ប្រព្រឹត្ត​នោះ​ក៏ដោយ​។​

​សមាជិក​ព្រឹទ្ធសភា ក៏បាន​រិះគន់​ផងដែរ លើ​ការអនុវត្ត​ទណ្ឌកម្ម របស់​អង្គការសហប្រជាជាតិ ដែល​បានដាក់​លើ​ប្រទេស​កូរ៉េខាងជើង ថា​មាន​ការធូររលុង​។ លិខិត​ជា​លាយល័ក្ស​អក្ស​រនេះ បានចង្អុលបង្ហាញ ពី​របាយការណ៍​របស់​អង្គការសហប្រជាជាតិ​ឆ្នាំ ២០១៩ ដែល​បាន​រកឃើញថា កូរ៉េខាងជើង នៅតែ​បន្ត​ប្រឆាំងនឹង​ការដាក់ទណ្ឌកម្ម របស់​អង្គការសហប្រជាជាតិ តាមរយៈ​ការកើនឡើង​យ៉ាងខ្លាំង នូវ​ការរត់ពន្ធ​ផលិតផល​ប្រេង ធ្យូង​ថ្ម និង​ការរំលោភ​បម្រាម​លើ​ការលក់​អាវុធ​។​

​ខណៈ​រដ្ឋាភិបាល​អាមេរិក បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ទំនាក់ទំនង​ការទូត ក្នុង​គោលបំណង បញ្ចុះបញ្ចូល​កូរ៉េខាងជើង ឲ្យ​បោះបង់​អាវុធ​នុយក្លេអ៊ែរ សមាជិក​ព្រឹទ្ធសភា​អាមេរិក​និយាយថា ស្ថានភាព​នា​ពេលបច្ចុប្បន្ន មិនអាច​ទទួលយកបាន​ទេ ហើយ​វា​ផ្ទុយ​នឹង​ការដាក់​សម្ពាធ ជា​អតិបរិមា​របស់​រដ្ឋបាល​។ ភ្លាមៗ ក្រសួងការបរទេស​អា​មេរិក និង​នាយកដ្ឋាន​រតនាគា​រអា​មេរិក មិនទាន់​ឆ្លើយតប​បែបណា ទៅកាន់ សំណើ របស់​សមាជិក​ព្រឹទ្ធសភា​នៅឡើយ​ទេ។

អាមេរិកនិងអង្គការសហប្រជាជាតិ បានដាក់ទណ្ឌកម្មលើរដ្ឋាភិបាលនៃប្រទេសកូរ៉េខា​ងជើង បន្ទាប់ពីកូរ៉េខាងជើង ធ្វើតេស្តមីស៊ីលនិងនុយក្លេអ៊ែរបន្តបន្ទាប់គ្នា កាលពីពេលកន្លងទៅ។ ការដាក់ទណ្ឌកម្មធ្វើឡើង ក្នុងបំណង បិទខ្ទប់ប្រភពចំណូលរបស់កូរ៉េខាងជើង កុំឲ្យយកទៅផ្គត់ផ្គង់ ការអភិវឌ្ឍកម្មវិធីមីស៊ីលរបស់គេបាន។ ចំណែកក្រុមហ៊ុននានា ដែលហ៊ានរកស៊ីជាមួយកូរ៉េខាងជើង ផ្ទុយនឹងបម្រាម ក៏ត្រូវទទួលទណ្ឌកម្មដែរ។ នៅក្នុងនោះ មន្រ្តីជាន់ខ្ពស់នៃប្រទេសកូរ៉េខាងជើងខ្លះ ក៏ត្រូវអាមេរិកដាក់ទណ្ឌកម្មដែរ ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សក្នុងប្រទេសនេះ៕

ព័ត៌មានផ្សេងទៀត