លោក​អូ ច័ន្ទ​រ័ត្ន​ នឹង​ប្រាប់​ហេតុផល​ ពី​ការសុំ​​ធ្វើ​នយោបាយ ​ក្រោយ​​រង​ការរិះគន់​​យ៉ាង​ចាស់ដៃ​​

19-03-2019 11:33 am 2289
  ស្តាប់
លោក​អ៊ូ ច័ន្ទ​រ័ត្ន
ស្តាប់ជាសំឡេង

​ពេល​ឮដំណឹង​ថា មាន​មន្ត្រី​សំខាន់​ចំនួន​៥​នាក់​បន្ថែមទៀត បានដាក់​លិខិត​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​វិញ ក្នុងនោះ​មាន​ទាំង​លោក​អ៊ូ ច័ន្ទ​រ័ត្ន ផង បានធ្វើឲ្យ​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ សម្ដែង​ការខកចិត្ត​យ៉ាងខ្លាំង ដោយ​ពួកគេ​បាន​រិះគន់ថា អំពើ​នេះ ជាការ​ក្បត់​ឆន្ទៈ​ប្រជាពលរដ្ឋ ដើម្បី​បម្រើ​ប្រយោជន៍​ផ្ទាល់ខ្លួន​។ ក្នុងចំណោម​អ្នកដាក់ពាក្យសុំ​ទាំងនោះ លោក​អ៊ូ ច័ន្ទ​រ័ត្ន រង​ការរិះគន់​ខ្លាំជាងគេ​។​

​លោក​អ៊ូ ច័ន្ទ​រ័ត្ន ដែល​ប្រឈម​នឹង​ការ​ជេរប្រទេច​ខ្លាំងជាងគេ បាន​ប្រាប់​វិទ្យុ​វាយោ កាលពី​រសៀល​ថ្ងៃទី​១៨ មីនា ថា​លោក​នឹងធ្វើ​សន្និសីទ​សារព័ត៌មាន ប្រាប់​ពី​មូលហេតុ​នៃ​ការសុំ​សិទ្ធិ​នេះ នៅពេល​បានទទួល​នីតិសម្បទា​ពេញលេញ​។​លោក​និយាយថា អ្នក​ជេរប្រទេច លោក ដោយសារ​អ្នក​ទាំងនោះ មិនទាន់​យល់​ពី​លោក​។​

​នៅមុន​ការដាក់​លិខិត លោក​អ៊ូ ច័ន្ទ​រ័ត្ន បាន​បង្ហោះ​លើ Facebook ផ្លូវការ​របស់លោក កាលពី​ថ្ងៃទី​១៦ មីនា ជាមួយនឹង​រូបភាព​ព្រះអាទិត្យ​រៀប​លិច​យ៉ាង​ដូច្នេះ​ថា​៖ «​ពេលវេលា​ខុសគ្នា តែ​កន្លែង​ដដែល ព្រះអាទិត្យ​ដដែល បើ​ខ្ញុំ​នៅតែ​រង់ចាំ​ដដែល អ្វីដែល​ចេះតែ​ទៅមុខ គឺ​ពេលវេលា​»​។ សារ​នេះ ទំនង​លោក​ចង់​បង្កប់​អត្ថន័យ ប្រាប់​អ្នកគាំទ្រ ពី​ចេតនា​ចង់​ប្តូ​ជំហរ របស់លោក ខណៈ​កន្លងមក លោក​ធ្លាប់​បញ្ជាក់​ជំហ​រថា នឹងមិន​ដាក់​លិខិត​សុំ​សិទ្ធិ ធ្វើ​នយោបាយ​វិញ​ឡើយ​។​

​រហូតមក​ពេលនេះ មន្ត្រីជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ៤​រូប បានទទួល​នីតិ​សម្បា​នយោបាយ ជា​ផ្លូវការ​ឡើងវិញ ទី​១ លោក​គង់ គាំ អតីត​ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​, ទី​២ លោក​គង់ បូរ៉ា អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​, ទី​៣ លោក​ស៊ីម សុវណ្ណនី និង​ទី​៤ លោក​រៀល ខេមរិន្ទ និង​៥ នាក់​ទៀត បានដាក់​លិខិត​រួចរាល់​ហើយ ដោយ​រង់ចាំតែ​ព្រះមហាក្សត្រ ឬ​ប្រមុខរដ្ឋស្តីទី ផ្តល់​នីតិ​សម្បា​នយោបាយ​ឡើងវិញ ប៉ុណ្ណោះ​។​

​ដូច្នេះ ពេលនេះ មាន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៩​នាក់ ដែល​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ខណៈ​អ្នកគាំទ្រ និង​សកម្មជន​គណបក្សប្រឆាំង​ជាច្រើន​នាក់​ទៀត​នៅតែ​ប្រកាស​ប្រកាន់​ជំហរ​រង់ចាំ​ទទួល លោក​សម រង្ស៊ី វិល​ចូល​ស្រុក​វិញ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា និង​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឲ្យ​រស់​ឡើងវិញ នៅក្នុង​ឆ្នាំ​២០១៩​នេះ​៕

ព័ត៌មានផ្សេងទៀត