មនុស្ស​ស្លាប់​ដោយសារ​ព្យុះ​វាយប្រហារ​នៅ​មូសំ​ប៊ិច អាច​នឹង​កើន​លើសពី​១ ០០០​នាក់​

19-03-2019 9:53 am 652
ទិដ្ឋភាពទឹកជំនន់នៅមូសំប៊ិច

​ប្រធានា​ធិបតិ​នៃ​ប្រទេសមូសំ​ប៊ិច​លោក Filipe Nyusi បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ថា ចំនួន​មនុស្ស​ស្លាប់​ដោយសារតែ​ព្យុះ​និង​ជំនន់​ទឹកភ្លៀង អាច​នឹង​កើនឡើង​លើសពី​១ ០០០​នាក់​។ លោក​ប្រធានាធិបតី​បាន​ប្រាប់ថា លោក​បាន​ជិះ​ឧទ្ធម្ភាគចក្រ ពិនិត្យមើល​តំបន់​ដែល​រង​ផលប៉ះពាល់ និង​ទន្លេ​ពីរ​ដែល​ពោរពេញ​ដោយ​ទឹក និង​ភូមិ​អ្នកស្រុក​ដែល​គ្របដណ្តប់​ដោយ​ទឹក​ពេញប្រៀប​។ លោក Filipe Nyusi ថា អំឡុង​ពេលនោះ លោក​បាន​ប្រទះឃើញ​សាកសព​អណ្តែត​លើ​ផ្ទៃ​ទឹក​ផងដែរ​។​

​ភ្លាមៗ​គេ​ដឹងថា មាន​មនុស្ស​៨៤​នាក់​បាន​ស្លាប់ ប៉ុន្តែ​បន្ទាប់ពី​លោក​ប្រធានាធិបតី ចុះ​ត្រួតពិនិត្យ​មើល​ស្ថានភាព​ជាក់ស្តែង គឺ​អ្វីៗ​គ្រប់យ៉ាង​ទាំងនេះ យើង​អាច​សន្និដ្ឋានបានថា ចំនួន​មនុស្ស​ស្លាប់​អាច​នឹង​កើនឡើង​លើសពី​១ ០០០​នាក់​។ នេះ​ជា​ការលើកឡើង របស់លោក​ប្រធានាធិបតីមូសំ​ប៊ិច​។ តំបន់​មួយចំនួន បាន​រងគ្រោះ​ដោយ​ទឹកជំនន់​ស្រាប់​ទៅហើយ ថែមទាំង​ត្រូវ​ព្យុះ​ស៊ីក្លូន​ដ៏​កំណាច វាយប្រហារ​ពីលើ​មួយ​ជាន់​ទៀត ដែល​ធ្វើឲ្យ​តំបន់​នោះ រងគ្រោះ​កាន់តែខ្លាំង​។​

​ប្រទេសមូសំ​ប៊ិច បាន​រង​ការវាយប្រហារ​ដោយ​ព្យុះ​ស៊ី​ក្លូន​Idai កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​។ ព្យុះ​នេះ បាន​បោកបក់ ដោយ​នាំមក​នូវ​ទឹកភ្លៀង​ធ្លាក់​យ៉ាងខ្លាំង បង្កឲ្យមាន​ការជន​លិច​តំបន់​មួយ​ចំនួន ជាពិសេស​៩០​ភាគរយ នៃ​ទីក្រុង​ដែលមាន​មនុស្ស​ប្រហែល​៥៣០ ០០០​នាក់​រស់នៅ ត្រូវបាន​បំផ្លិចបំផ្លាញ​។ 

​ព្យុះ​ដ៏​កំណាច​នេះ ក៏បាន​បន្ត​ធ្វើដំណើរ​ទៅ​បោកបក់​លើ ប្រទេស​ហ្ស៊ីម​បា​វ៉េ​មួយទៀត ដែល​នៅក្បែរ​ខាង​ប្រទេសមូសំ​ប៊ិច បណ្តាលឲ្យ​អ្នកស្លាប់​កើន​ដល់​៩៨​នាក់ និង​បាត់​ខ្លួន​ជាង​២០០​នាក់​។ ចំណែកឯ​ប្រទេស​ម៉ាឡាវី​ដែល​នៅជាប់ៗ​គ្នា​នោះ ក៏​រង​នូវ​ជំនន់​ទឹកភ្លៀង​ដូចគ្នា​ដែរ ដែល​បណ្តាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​ជាង​៥០​នាក់​។ ចំនួន​នេះ​ជា​តួលេខ​ចាស់​ប៉ុណ្ណោះ ដោយ​មិនទាន់មាន​ការបង្ហាញ​តួលេខ​ថ្មី នៅពេលដែល​ព្យុះ​ស៊ីក្លូន​ធ្វើដំណើរ​ទៅ វាយប្រហារ​ក្នុងប្រទេស​នេះ​នៅឡើយ​ទេ​៕

ព័ត៌មានផ្សេងទៀត