គណៈរដ្ឋមន្រ្តី​ណូវែល​សេ​ឡង់ព្រមធ្វើ​កំណែ​ទម្រ​ង់ច្បាប់​កាំភ្លើងក្រោយ​ករណី​បាញ់រះ​

18-03-2019 3:52 pm 304
​លោកស្រី​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ណូវែល​សេ​ឡង់Jacinda Ardern

​លោកស្រី​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ណូវែល​សេ​ឡង់ Jacinda Ardern បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា គណៈរដ្ឋមន្រ្តី​លោកស្រី បាន​បង្កើត គោលការណ៍ ជុំវិញ​ការធ្វើកំណែទម្រង់​ច្បាប់​កាំភ្លើង បន្ទាប់ពី​មាន​ករណី​បាញ់ប្រហារ​យ៉ាង​កក្រើក នៅក្នុង​ទីក្រុង Christchurch កាលពី​ថ្ងៃ​សុក្រ​ទី​១៥​មីនា​។ លោកស្រី​ថា នឹង​ផ្តល់ព័ត៌មាន​លម្អិត ពី​ការសម្រេចចិត្ត​ទាំងនេះ ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​សាធារណៈ នៅ​មុនពេល​គណៈរដ្ឋមន្រ្តី​បើក​កិច្ចប្រជុំ​ម្តងទៀត នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​។ «​នេះ​មានន័យថា ក្នុង​រយៈពេល ១០​ថ្ងៃ ក្រោយ​អំពើ​ភេរវកម្ម​ដ៏​សាហាវ យើង​នឹង​ប្រកាស​ពី​ការកែទម្រង់ ដែល​ខ្ញុំ​ជឿជាក់ថា នឹង​ធ្វើឲ្យ​សហគមន៍​របស់​យើង មាន​សុវត្ថិភាព​ជាង​មុន​»​។ នេះ​ជា​ការលើកឡើង​របស់លោក​ស្រី Jacinda Ardern  នៅក្នុង​សន្និសីទ​សារព័ត៌មាន​។​

​ការព្រមព្រៀង​ធ្វើ​កំណែ​ទម្រ​ង់​ច្បាប់​កាំភ្លើង ធ្វើឡើង​ក្រោយពី​មាន​ករណី​បាញ់រះ​ដ៏​សាហាវ នៅក្នុង​ព្រះវិហារ​ចំនួន​ពីរ ស្ថិតនៅក្នុង​ទីក្រុង Christchurch កាលពី​ថ្ងៃទី​១៥​មីនា​។ ខ្មាន់កាំភ្លើង​បាន​ចូលទៅ​បាញ់សម្លាប់​មនុស្ស​អស់​៥០​នាក់ និង​បាន​ឡាយ​វីដេអូ​ពី​សកម្មភាព​បាញ់សម្លាប់​មនុស្ស​នេះ​ផងដែរ​។ នៅក្នុង​ការបាញ់ប្រហារ ខ្មាន់កាំភ្លើង​បាន​ប្រើប្រាស់​កាំភ្លើង​ចំនួន​៥​ដើម ដែល​រូបគេ​បាន​ទិញ​ដោយ​ស្របច្បាប់​។ 

​បុរស​ម្នាក់​ត្រូវបាន​គេ​ចោទប្រកាន់ ពីបទ​វាយប្រហារ​នៅ​វិហារ​អ៊ីស្លាម​ចំនួន​២ ត្រូវគេ​ជឿថា បានធ្វើ​សកម្មភាព​តែម្នាក់ឯង​ប៉ុណ្ណោះ​។ បុរស​ជនជាតិ​អូស្ត្រាលី​ឈ្មោះ Brenton Tarrant វ័យ​២៨​ឆ្នាំ បាន​បង្ហាញខ្លួន​នៅក្នុង​តុលាការ​លើកដំបូង​នៅ​ថ្ងៃ​សៅរ៍ ពោល​មួយ​ថ្ងៃក្រោយ​ករណី​បាញ់ប្រហារ​។ បុរស​ម្នាក់នេះ ត្រូវបាន​ចោទប្រកាន់​ពីបទ​ឃាតកម្ម ហើយ​ត្រូវ​ប្រឈម​នឹង​ការចោទប្រកាន់​ជាច្រើន​ករណី​ទៀត​។ លោក Tarrant ត្រូវបាន​គេ​បញ្ជូនទៅ​ឃុំខ្លួន រង់ចាំ​បង្ហាញខ្លួន​នៅក្នុង​តុលាការ​ម្តងទៀត នៅ​ថ្ងៃទី ៥ ខែមេសា​ខាងមុខ​៕

ព័ត៌មានផ្សេងទៀត