តាំងពី​ឆ្នាំ​២០១៤ចិន​ចាប់ខ្លួន​ភេរ​វករ​១៣ ០០០​នាក់​នៅ​ស៊ីន​ជាំ​ង​

18-03-2019 3:08 pm 376
  ស្តាប់
ស្តាប់ជាសំឡេង

​ចាប់តាំងពី​ឆ្នាំ​២០១៤​មក អាជ្ញាធរ​ចិន​បាន​ចាប់ខ្លួន​ក្រុម​ភេរ​វករ​ចំនួន​១២ ៩៩៥​នាក់ បង្ក្រាបបាន​អំពើហិង្សា​១ ៥៨៨ និង​រឹបអូស​បាន​គ្រឿងផ្ទុះ​ចំនួន​២ ០៥២​។ យោងទៅតាម​របាយការណ៍ នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ ឲ្យដឹងទៀតថា ចាប់តាំងពី​ឆ្នាំ​២០១៤​មក អាជ្ញាធរ​ចិន​បានដាក់​ទោសទណ្ឌ លើ​មនុស្ស​ចំនួន​៣០ ៦៤៥​នាក់ អ្នក​ទទួលទោស​ពី​ការប្រព្រឹត្ត​ខុសច្បាប់​លើ​ផ្នែក​សាសនា មាន​ចំនួន​៤ ៨៥៨​នាក់ ហើយ​បាន​រឹបអូស​សម្ភារៈ​សាសនា​ខុសច្បាប់​៣៤៥ ២២៩​។ តួលេខ​នេះ ជា​លទ្ធផល​នៃ​ការបង្ក្រាប​របស់​អាជ្ញាធ​រ​ចិន នៅក្នុង​តំបន់​ស៊ីន​ជាំ​ង ដែល​ភាគច្រើន​ក្រុម​ជនជាតិភាគតិច​អ៊ុយ​ហ្គួ កាន់​សាសនា​អ៊ីស្លាម​រស់នៅ​។​

​ចិន​បាន​ចាត់វិធានការ​តាមដាន អ្នករស់នៅ​តំបន់​ស៊ីន​ជាំ​ង ជាពិសេស​ជនជាតិ​អ៊ុយ​ហ្គួ ដើម្បី​ទប់ស្កាត់ នូវ​ផែនការ​បង្ក​អសន្តិសុខ ដែល​រៀបចំឡើង​ដោយ​ក្រុម​អ៊ីស្លាម​ជ្រុលនិយម​។ ចិន​បាន​បង្កើត​មជ្ឈមណ្ឌល​ដ៏​ធំ​ល្វឹងល្វើយ​នៅទីនេះ ដើម្បី​ដាក់​មនុស្ស​ដែល​ចាប់ខ្លួនបាន ដែល​ចិន​ហៅថា ជា​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។ ប៉ុន្តែ​មានការ​រិះគន់ថា កន្លែង​នេះ​ជា​ជំរុំ​ឃុំឃាំង និង​ធ្វើ​ទារុណកម្ម លើ​ជនជាតិភាគតិច​អ៊ុយ​ហ្គួ​ទៅវិញ​ទេ​។ អ្នកជំនាញ​នៃ​អង្គការសហប្រជាជាតិ បាន​រៀបរាប់ថា មណ្ឌល​ឃុំឃាំង​នេះ មាន​ជនជាតិ​អ៊ុយ​ហ្គួ និង​អ្នក​កាន់សាសនា​អ៊ីស្លាម​ផ្សេងទៀត សរុប​ជាង​មួយ​លាន​នាក់​។ 

​លោក​Dilxat Raxit អ្នកនាំពាក្យ​តំណាងឲ្យ​ជនជាតិ​អ៊ុយ​ហ្គួ​ទូទាំង​ពិភពលោក មាន​មូលដ្ឋាន​នៅ​ប្រទេស​អាល្លឺម៉ង់ បាន​ថ្លែងថា ចិន​មាន​ចេតនា​បំភ្លៃ​ការពិត​។ ការពិត​ចិន​បាន​ប្រឆាំង​ភេរវកម្ម ក្រោមលេស​នយោបាយ ដើម្បី​បង្ក្រាប​ជនជាតិភាគតិច​អ៊ុយ​ហ្គួ​។ គោលបំណង​របស់​ចិន ធ្វើឡើង​ដើម្បី​លុបបំបាត់​ជំនឿ​ខាង​សាសនា​ដទៃ​។ សម្រាប់​វិធានការ​បង្ក្រាប​នានា ដែល​ចិន​យកមកអនុវត្ត​លើ​ជនជាតិភាគតិច​អ៊ុយ​ហ្គួ តែងតែ​ត្រូវ​តួ​គី សម្តែង​នូវ​ការព្រួយបារម្ភ និង​ថ្កោលទោស ដោយសារតែ​ជនជាតិ​អ៊ុយ​ហ្គួ​រស់នៅ​លើ​ទឹកដី​ចិន​សព្វថ្ងៃ មានកំណើត​មកពី​ប្រទេស​តួ​គី​។ ប៉ុន្តែ ចិន​បាន​ថ្កោលទោស​ការព្រួយបារម្ភរ​បស់​តួ​ក​គី និង​ថា ជា​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​៕

 ពាក្យគន្លឹះ  ចិន​ ជនជាតិអ៊ុយហ្គួ

ព័ត៌មានផ្សេងទៀត