មនុស្ស​ជាង​១២០​នាក់​ស្លាប់ ដោយសារ​ព្យុះ​វាយប្រហារ ប្រទេស​ហ្ស៊ី​មបា​វ៉េ​និង​មូ​សំ​ប៊ិច​

18-03-2019 9:20 am 222
  ស្តាប់
ស្តាប់ជាសំឡេង

​មនុស្ស​យ៉ាងហោចណាស់ ជាង​១២០​នាក់ បាន​ស្លាប់បាត់​បង់ជីវិត និង​បាត់​ខ្លួន​ខ្ទង់រយ​នាក់ បន្ទាប់ពី​ព្យុះ​ស៊ីក្លូន​វាយប្រហារ លើ​ប្រទេស​ចំនួន​២ គឺ​ហ្ស៊ី​មបា​វ៉េ​និង​មូ​សំ​ប៊ិច​។ អាជ្ញាធរ​នៃ​ប្រទេសមូសំ​ប៊ិច​ឲ្យដឹងថា ប្រទេស​នេះ មាន​ប្រជាជន​ស្លាប់​កើន​ដល់​៦២​នាក់​។ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន នៃ​ប្រទេសមូសំ​ប៊ិច​លោក Celso Correia បាន​ថ្លែងថា នេះ​ជា​គ្រោះមហន្តរាយធម្មជាតិ​ដ៏​អាក្រក់​បំផុត មិន​ធ្លាប់​ជួបប្រទះ​ពីមុន​។ 

​ដោយ​មិនទាន់​អាច​កំណត់​ពី​ទំហំ នៃ​ការខូចខាត​បាន​នៅឡើយ រដ្ឋមន្ត្រី​រូបនេះ​និយាយថា អ្វីៗ​គ្រប់យ៉ាង​ត្រូវបាន​បំផ្លាញ ផ្លូវ​ត្រូវបាន​កាត់ផ្តាច់ និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ត្រូវបាន​បំផ្លាញ ហើយ​ច​រន្ធ​អគ្គិសនី ប្រមាណ​៨០​ភាគរយ ក៏​ត្រូវបាន​កាត់ផ្តាច់​ដែរ​។ ចំណែកឯ​ព្រលានយន្តហោះ​អន្តរជាតិ Beira ត្រូវបាន​បិទទ្វារ​ភ្លាមៗ បន្ទាប់ពី​ប៉ម​ត្រួតពិនិត្យ​ចរាចរណ៍​ផ្លូវអាកាស ត្រូវបាន​បំផ្លិចបំផ្លាញ​ដោយ​ព្យុះ​ស៊ី​ក្លូន​។ តែ​ប្រតិបត្តិ​ការហោះហើរ បានចាប់ផ្តើម​ដំណើរការ​ឡើងវិញ​នៅ​ថ្ងៃអាទិត្យ​។ លោក Celso Correia បាន​ថ្លែងថា រឿង​អទិភាព​ដែល​ត្រូវធ្វើ​មុនគេ​នាពេលនេះ គឺ​ការសង្គ្រោះ​ជីវិត​មនុស្ស​។ 

​ចំណែក អាជ្ញាធរ​នៃ​ប្រទេស​ហ្ស៊ី​មបា​វ៉េ​វិញ​អះអាងថា ប្រទេស​របស់គេ​មាន​ប្រជាជន​ស្លាប់​កើនឡើង​ដល់​ចំនួន​៦៥​នាក់ បន្ទាប់ពី​ព្យុះ​ស៊ី​ក្លូន វាយប្រហារ​នៅ​ថ្ងៃ​សុក្រ​និង​ថ្ងៃ​សៅរ៍​។ សម្រាប់​ប្រទេស​ហ្ស៊ី​មបា​វ៉េ មាន​ប្រជាជន​បាត់​ខ្លួន ចន្លោះ​ពី​១៥០​ទៅ​២០០​នាក់​ឯណោះ​។ នេះ​បើតាម​ការសន្និដ្ឋាន របស់​អ្នកតំណាងរាស្ត្រ​ប្រចាំ​Chimanimani ដែលជា​តំបន់​រងគ្រោះ​ខ្លាំង​។ តំបន់​ដែល​រង​ផលប៉ះពាល់​ខ្លាំង​បំផុត នៅ​មិនទាន់​អាច​ចូល​ដំណើរការ​បានទេ ខណៈ​ខ្យល់​បក់​ខ្លាំងៗ និង​ពពក​ក្រាស់ៗ​នៅ​ប្រមូលផ្តុំ ដែល​ធ្វើឲ្យមាន​ការលំបាក ដល់​ឧទ្ធម្ភាគចក្រ​យោធា ធ្វើ​ប្រតិបត្តិ​ការហោះហើរ​។ 

​អង្គការសហប្រជាជាតិ​នៅ​ស៊ីម​បា​វ៉េ បាន​និយាយថា មនុស្ស​ជិត ១ ម៉ឺន​នាក់ ត្រូវបាន​រង​ផលប៉ះពាល់​ដោយ​ព្យុះ​ស៊ី​ក្លូន​។ ប្រធានាធិបតីហ្ស៊ី​មបា​វ៉េ​លោក Emmerson Mnangagwa បាន​បន្ថយ​ដំណើរ​ទស្សនកិច្ច ទៅកាន់​ប្រទេស​អា​ប៊ូ​ដា​ប៊ី និង​បានប្រកាស​ពី​ស្ថានភាព នៃ​គ្រោះមហន្តរាយ នៅក្នុង​តំបន់​ដែល​រង​ផលប៉ះពាល់​។​

​សូមបញ្ជាក់ថា ព្យុះ Idai បាន​វាយប្រហារ​នៅ​ទ្វីបអាហ្វ្រិក​ភាគខាងត្បូង ដោយ​បង្កឲ្យមាន​ទឹកជំនន់​ភ្លាមៗ និង​ខ្យល់​បក់បោក​យ៉ាងខ្លាំង ដែល​ធ្វើឲ្យ​ផ្ទះសម្បែង​ត្រូវ​លិចលង់ និង​មានការ​រអិល​បាក់​ដី​ផងដែរ​។ ព្យុះ​Idai វាយលុក​ប្រទេស​មូសំ​ប៊ិក​ដំបូង​គេ នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ មុនពេល​ផ្លាស់​ទី​ទៅ​វាយប្រហារ​ដល់​ប្រទេស​ហ្ស៊ី​មបា​វ៉េ​៕ 

 

ព័ត៌មានផ្សេងទៀត