បាញ់ប្រហារ​សម្លាប់​មនុស្ស​៥០​នាក់​នៅ​ណូវែល​ហ្សេ​ឡង់ ប្រព្រឹត្ត​ដោយ​ខ្មាន់កាំភ្លើង​តែ​ម្នាក់​

17-03-2019 9:46 am 419

​បុរស​ម្នាក់​ត្រូវបាន​គេ​ចោទប្រកាន់ ពីបទ​វាយប្រហារ​នៅ​វិហារ​អ៊ីស្លាម​ចំនួន​២ ស្ថិតនៅក្នុង​ក្រុង Christchurch ត្រូវគេ​ជឿថា បានធ្វើ​សកម្មភាព​តែម្នាក់ឯង​ប៉ុណ្ណោះ​។ ចំណែកឯ ជនសង្ស័យ​៣​នាក់​ទៀត​ដែល​បាន​ចាប់ខ្លួន​ដែរនោះ មិន​ជាប់​ពាក់ព័ន្ធ​ករណី​បាញ់ប្រហារ​នេះទេ​។ នេះ​បើតាម​ការអះអាង​ពី​ប៉ូលិស​។​

​បង្ហាញខ្លួន​នៅ​តុលាការ កាលពី​ថ្ងៃ​សៅរ៍ បុរស​ជនជាតិ​អូស្ត្រាលី​ឈ្មោះ Brenton Tarrant វ័យ​២៨​ឆ្នាំ បាន​ញញឹម​ដាក់​កា​មេ​រ៉ា ជាមួយនឹង​ដៃ​ជាប់​ខ្នោះ ដោយ​គ្មាន​ការតក់ស្លុត​ឡើយ​។ បុរសម្នាក់នេះ ត្រូវបាន​ចោទប្រកាន់​ពីបទ​ឃាតកម្ម ហើយ​ត្រូវ​ប្រឈម​នឹង​ការចោទប្រកាន់​ជាច្រើន​ករណី​ទៀត​។ លោក Tarrant ត្រូវបាន​គេ​បញ្ជូនទៅ​ឃុំខ្លួន រង់ចាំ​បង្ហាញខ្លួន​នៅក្នុង​តុលាការ​ម្តងទៀត នៅ​ថ្ងៃទី ៥ ខែមេសា​ខាងមុខ​។​

​គួរ​ជម្រាបជូន​ថា នៅ​ថ្ងៃ​សុក្រ​ទី​១៥​មីនា មាន​ករណី​បាញ់រះ​នៅ​ព្រះវិហារ​ចំនួន​២​ស្ថិត នៅក្នុង​ក្រុង Christchurch​នៃ​ប្រទេ​សណូវែល​ហ្សេ​ឡង់​។ ការបាញ់ប្រហារ​ដ៏​អាក្រក់​កម្រ​កើតមាន​នេះ បណ្តាល​មនុស្ស​ស្លាប់​កើន​ដល់​៥០​នាក់ និង​៥០​នាក់​ផ្សេងទៀត​របួស នៅ​ក្នុងនោះ​២​នាក់​ស្ថិតនៅ​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​៕

ព័ត៌មានផ្សេងទៀត