ជន​បាញ់ប្រហារ​​នៅ​ណូវែល​ហ្សេ​ឡង់​​បង្ហាញខ្លួននៅ​តុលាការ​​ប្រឈម​​បទ​ចោទ​​ជាច្រើន​

16-03-2019 9:41 am 1564
  ស្តាប់
រូបភាពជនសង្ស័យនៅតុលាការ
ស្តាប់ជាសំឡេង

​ជនសង្ស័យ​ក្នុង​ហេតុការណ៍​បាញ់ប្រហារ​នៅ​ទីក្រុង​Christchurch ប្រទេស​ណូវែល​ហ្សេ​ឡង់ឬ​ស្គាល់​ថា​ញ៉ូវ​ហ្សា​លែន​កាលពី​ថ្ងៃ​សុក្រ ត្រូវបាន​នាំខ្លួន​ទៅកាន់​តុលាកា​រហើយ​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ បន្ទាប់ពី​ចាប់ខ្លួនបាន​ភ្លាមៗ​ក្រោយ​កើតហេតុ​។ បុរស​ជា​ជនសង្ស័យ​មានឈ្មោះ​Brenton Tarrant​អាយុ​២៨​ឆ្នាំ រង​ការចោទប្រកាន់ថា​បាន​ប្រព្រឹត្ដ​អំពើ​ឃាតកម្ម ប៉ុន្ដែ​រូបគេ​នឹង​ប្រឈម​បទ​ចោទ​ជាច្រើន​ទៀត​។ លោក​Tarrant​ត្រូវបាន​សមត្ថកិច្ច​នាំ​ទៅ​ឃុំខ្លួន ហើយ​នឹងត្រូវ​បង្ហាញខ្លួន​នៅ​តុលាការ​ម្ដងទៀត​នៅ​ថ្ងៃទី​០៥​មេសា​ខាងមុខ​។ ដោយឡែក​ជនសង្ស័យ​ពីររូប​ទៀត​កំពុង​ស្ថិតក្រោម​ការ​ឃុំឃាំង​នៅឡើយ​។​

​តាម​ការបញ្ជាក់​ពី​អាជ្ញាធរ​បានឲ្យដឹងថា បុរស​ដែល​ធ្វើ​សកម្មភាព​គឺជា​ក្រុម​ជ្រុលនិយម​ស្ដាំនិយម ប្រដាប់​ដោយ​កាំភ្លើង​ពាក់កណ្ដាល​ស្វ័យប្រវត្ដិ ចូល​បាញ់ប្រហារ​ក្នុង​ព្រះវិហារ​ក្នុង​ទីក្រុង​Christchurch សម្លាប់​មនុស្ស​៤៩​នាក់​និង​របួស​ជាច្រើន​នាក់​។ រូបគេ​បាន​ឡាយ​តាម​វីដេអូ​នូវ​សកម្មភាព​ដ៏​ឃោ​ឃៅរ​បស់ខ្លួន ពេល​ចូលធ្វើ​សកម្មភាព​បាញ់ប្រហារ​ក្នុង​ព្រះវិហារ​អ៊ីស្លាម​Al Noor នៅ​ម៉ោង​ប្រមាណ​១​និង​៤០​នាទី​រសៀល​ម៉ោង​ក្នុង​តំបន់​នា​ថ្ងៃ​សុក្រ ខណៈ​កំពុងមាន​មនុស្ស​ចូល​បួងសួង​ក្នុង​ព្រះវិហារ​។ 

​បន្ទាប់មក​ជនសង្ស័យ​បាន​ជិះ​រថយន្ដ​ទៅ​ព្រះវិហារ​មួយទៀត​ចម្ងាយ​ប្រមាណ​៥​គីឡូម៉ែត្រ ស្ថិតក្នុង​ភូមិ​Linwood​ហើយក៏​ធ្វើ​សកម្មភាព​នៅ​ព្រះវិហារ​នោះ​បន្ដទៀត​។ វីដេអូ​ដែល​គេ​ធ្វើ​សកម្មភាព​ត្រូវបាន​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម បង្ក​ភាព​ក្ដុកក្ដួល​យ៉ាងខ្លាំង​ដូច​ក្នុង​ខ្សែភាពយន្ដ​។ ប៉ូលិស​បាន​រកឃើញ​កាំភ្លើង​ជាច្រើន​នៅ​ព្រះវិហារ​ទាំងពីរ​កន្លែង រួមទាំង​គ្រឿងផ្ទុះ​ផង​នៅក្នុង​រថយន្ដរ​បស់​ជនសង្ស័យ​។ ប៉ុន្ដែ​ប៉ូលិស​មិនបាន​បញ្ជាក់ថា​ចាប់ខ្លួន​ជនសង្ស័យ​បាន​នៅ​ទីតាំង​ណា​ឡើយ​។​

​ទាក់ទង​នឹង​មូលហេតុ​ឈានដល់​ការបាញ់ប្រហារ​យ៉ាង​កក្រើក ក្នុងប្រទេស​ណូវែល​សេឡ​ង់​នេះអាជ្ញាធរ​នៅ​មិនទាន់​បង្ហាញ​ឲ្យ​ដឹង​លម្អិត​ទេ ប៉ុន្ដែ​មុន​កើតហេតុ​ជនសង្ស័យ​បាន​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​របស់ខ្លួន ពាក់ព័ន្ធ​នឹង​ការរើសអើង​ជាតិ​សាសន៍ ដែល​រូបគេ​មាន​ចេតនា​ចង់​ធ្វើ​សកម្មភាព​ក្នុង​ព្រះវិហារ​អ៊ីស្លាម​តែ​មិន​បានបញ្ជាក់​ទីតាំង​ទេ​។ បុរស​ជា​ជនសង្ស័យ​និយាយថា​គេ​ចាប់ផ្ដើម​រៀបចំ​ផែនការ​វាយប្រហារ​បន្ទាប់ពីបាន​ធ្វើដំណើរ​ទៅ​កាន់តំបន់​អឺរ៉ុប​ក្នុង​ឆ្នាំ​២០១៧ ដោយសារតែ​លោក​ខឹង​នឹង​ហេតុការណ៍​ដែល​កើតឡើង​នៅ​ទីនោះ​។ សារ​ដែល​ជនសង្ស័យ​បាន​បង្ហោះ​និយាយថា "The Great Replacement" មានន័យថា “​ការផ្លាស់ប្ដូរ​ដ៏​អស្ចារ្យ​” ជា​ឃ្លា​មាន​ប្រភព​មកពី​ប្រទេស​បារាំង ហើយ​បាន​ក្លាយជា​ពាក្យស្លោក​របស់​ប្រជាជន​អឺរ៉ុប ស្រែក​តវ៉ា​ក្នុង​ការប្រមូលផ្ដុំ​ប្រឆាំងនឹង​ជនអន្ដោប្រវេសន៍​។​

​ហេតុការណ៍​ដ៏​រន្ធត់​នេះ​នាយករដ្ឋមន្ដ្រី​ណូវែល​ហ្សេ​ឡង់​លោកស្រី​Jacinda Ardern បាន​ចាត់ទុកជា​អំពើ​ភេរវកម្ម​និង​ជា​អំ​ពើ​ដ៏​ខ្មៅ​ងងឹត​កើតឡើង​លើ​ទឹកដី​ណូវែល​ហ្សេ​ឡង់​។ លោកស្រី​បានប្រកាសថា​ច្បាប់​ប្រើប្រាស់​កាំភ្លើង​នឹងមាន​ការផ្លាស់ប្ដូរ ហើយ​ទង់ជាតិ​នឹង​បង្ហូត​ត្រឹម​ពាក់កណ្ដាល​ដើម្បី​ជាការ​កាន់ទុក្ខ​។ លោកស្រី​ថា​វា​ជា​ផែនការ​ដែល​រៀបចំ​ទុក​មុន​យ៉ាង​ល្អ​បំផុត​របស់​ជនសង្ស័យ  ជាហេតុ​ដែល​អាជ្ញាធរ​មិនអាច​ទប់ស្កាត់​ទាន់ពេលវេលា​។ 

​ចំពោះ​ជនសង្ស័យ​ដែល​ចាប់ខ្លួនបាន​ខាងលើ មាន​អាជ្ញាប័ណ្ណ​ក្នុង​ការប្រើប្រាស់​កាំភ្លើង​។ តាមច្បាប់​ណូវែល​ហ្សេ​ឡង់​អ្នក​ដែលមាន​កាំភ្លើង​ត្រូវតែមាន​អាជ្ញាប័ណ្ណ​។  មាន​ប័ណ្ណ​អនុញ្ញាត​នេះ​ពួកគេ​អាច​ទិញ​កាំភ្លើង​បាន​ច្រើន​តាម​ដែល​គេ​ត្រូវការ​។ អ្នក​ដែល​អាច​ប្រើប្រាស់​កាំភ្លើង​បាន​ត្រូវមាន​អាយុ​១៦​ឬ​១៨​ឆ្នាំឡើង​។ អ្នកដាក់ពាក្យសុំ​អាជ្ញាប័ណ្ណ​ប្រើប្រាស់​កាំភ្លើង ត្រូវ​ឆ្លងកាត់​ការពិនិត្យ​ប្រវត្ដិនៃ​កំណត់ហេតុ​ព្រហ្មទណ្ឌ​និង​វេជ្ជសាស្ដ្រ​ដូចជា​សុខភាព​ផ្លូវចិត្ដ និង​អំពើហិង្សា​ក្នុង​គ្រួសារ​ជាដើម​៕

ព័ត៌មានផ្សេងទៀត