តិច​និក​ស្រោចស្រព​ដំណាំ​ទុរេន​នៅ​រដូវក្តៅ​

15-03-2019 6:27 pm 817

​នៅ​រដូវប្រាំង បញ្ហា​កង្វះ​ទឹក​បាន​ដើរតួនាទី​សំខាន់ ។ ដំណាំ​ទុរេន គឺ​ងាយ​នឹង​រងគ្រោះ​ខ្លាំង ទៅ​នឹង​កង្វះ​ទឹក ។ ដំណាំ​ទុរេន គឺ​មាន​ប្រព័ន្ធ​ឫ​សរាក់ គឺ​ប្រហែល​៦០% ប្រវែង​ឫស​ទាំងអស់ បាន​ប្រមូលផ្តុំ​គ្នា​នៅក្រោម​មែក​របស់​វា ។ មាន​ទិន្នន័យ​តិចតួច​ណាស់ ដែល​ដឹង​អំពី​តម្រូវការ​ទឹក​របស់​វា ។ ចំពោះ​ដើម​ទុរេន​ដែល​មាន​កម្ពស់​៤​ម៉ែត្រ អាច​ត្រូវការ​ទឹក​រហូតដល់​ទៅ ២.០០០​លីត្រ​ក្នុង​មួ​យ​ដើម ក្នុង​មួយ​សប្តាហ៍ នៅ​រដូវក្តៅ​បំផុត ។ ការធ្វើ​គម្រប​គល់​របស់​វា អាច​ជួយ​រក្សា​សំណើម​បានល្អ ។​

​ក្នុងអំឡុងពេល​រដូវ​ប្រាំង ស្រោចស្រព​ដើម​ទុរេន និង​ក្រាល​ជាមួយ​ចំ​បើក​ស្លឹកឈើ ឬ​ស្មៅ​ស្ងួត កាត់​សម្បក​ដូង ឬ​ដើម​ចេក ។​ល​។​
- កូន​ទុរេន ត្រូវការ​សំណើម​ជាប្រចាំ ពិសេស ក្នុងអំឡុងពេល​មួយខែ​ដំបូង ។​
- ការផ្តល់​ទឹក​ដល់​កូន​ទុរេន ដែល​ទើបនឹង​ដាំ តិច​ឬ​ច្រើន គឺ​វា​អាស្រ័យ​លើ​បរិមាណ​ទឹកភ្លៀង និង​ប្រភេទ​ដី ។​
- ដើម​ទុរេន​ពេញវ័យ ត្រូវការ​ទឹក​ច្រើនណាស់ ពិសេស​រដូវប្រាំង ។ 
- នៅ​ដំណាក់កាល​ចេញ​ផ្កា ត្រូវ​កាត់បន្ថយ​ទឹក​ប្រមាណ ២០-៣០% ដើម្បី​ឱ្យ​ទុរេន​ឆាប់​ចេញ​ផ្កា ។​
- ប៉ុន្តែ នៅពេល​ដែល​វា​ចេញ​ផ្កា មាន​ពណ៌​ត្នោត​ខ្ចី ត្រូវ​ស្រោច​ទឹក​ឱ្យបាន​ច្រើន លុះដល់​ពេល​ដែល​ផ្កា​រីក​បាន​ប្រមាណ ៧-១០​ថ្ងៃ រហូត​ដល់​ផ្កា​រីក​ពេញទំហឹង ក្នុងដំណាក់កាល​ផ្សំ​កេស ការ​ស្រោច​ទឹក ត្រូវ​បន្ថយ​នៅត្រឹម ៧០% ។​
- នៅពេល​ដែល​ផ្កា​រីក​ពេញទំហឹង​នេះ ត្រូវ​ស្រោច​ទឹក​ឱ្យ​សមល្មម កុំឱ្យ​ច្រើនពេក ព្រោះ​វា​នឹង​ជំរុញ​ឱ្យ​ទុរេន បញ្ចេញ​ត្រួញ​ថ្មី ដែល​អាច​បង្អាក់​ការចេញ​ផ្កា ។​
- នៅពេល​ក្តិបទុរេន មាន​ទំហំ​ប៉ុន​ពងមាន់ ត្រូវ​បង្កើន​ការ​ស្រោច​ទឹក និង​កាត់បន្ថយ​ទឹក​វិញ នៅពេល​ផ្លែ​វា​ចាស់​ល្អ ដើម្បី​ឱ្យ​ផ្លែ​ទុរេន​ឆាប់​ទុំ និង​មាន​សាច់​ណែន​ល្អ ។​

​ដកស្រង់​ចេញពី​សៀវភៅ​ដំណាំ​ទុរេន របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ៕

 ពាក្យគន្លឹះ  កសិកម្មដំណាំទុរេន

ព័ត៌មានផ្សេងទៀត