វត្តមាន​​មេដឹក​នាំ​កូរ៉េ​ខាងត្បូង​​ជា​រូប​ភាព​​នយោបាយ​​ចម្រុះ​ពណ៌​​របស់​​កម្ពុជា​​

15-03-2019 3:02 pm 988
លោក ហ៊ុន សែន និង លោក មូន ចេអ៊ីន នៅវិមានសន្តិភាព។ រូបថតពី AFP

​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ចេ​អ៊ីន បានមក​ទស្សនកិច្ច​ជា​ផ្លូវរដ្ឋ​នៅ​កម្ពុជា​លើក​ទី​០១ រយៈពេល​៣​ថ្ងៃ​ដោយ​ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៦ មីនា ឆ្នាំ​២០១៩​នេះ តប​តាម​ការអញ្ជើញ​របស់​ព្រះមហាក្សត្រ​កម្ពុជា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី​។ ដំណើរ​ទស្សនកិច្ច​នេះ ត្រូវបាន​គេ​មើលឃើញថា ជា​ភាពជោគជ័យ​មួយ​នៃ​នយោបាយ​ការទូត​កម្ពុជា ក្នុង​គ្រា​ដែល​ប្រទេសមួយ​នេះ កំពុង​រង់ការ​រិះគន់​ពី​ភាពលំអៀង​ទៅ​ចិន ឬ​ប្លុក​កុម្មុយនីស្ត​។

​ដូច​ការគ្រោងទុក ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវរដ្ឋ​នៅ​កម្ពុជា​លើកដំបូង​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ចេ​អ៊ីន បានចាប់ផ្តើម​ជា​ផ្លូវការ​តាំងតែ​ពី​ថ្ងៃទី​១៤ មីនា ដោយមាន​ការទទួល​រាក់ទាក់​យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់​ភាគី​កម្ពុជា​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​។​គេ​រំពឹងថា ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​កូរ៉េខាងត្បូង​មក​កម្ពុ​ជា​ពេលនេះ នឹង​ផ្ដល់​ផល​វិជ្ជមាន​កាន់តែច្រើន សម្រាប់​ទំនាក់ទំនង​ការទូត និង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ​។​

​ក្នុងពេល​ដំណើរ​ទស្សនកិច្ច​លោក មួន ចេ​អ៊ីន បាន​ចូលគាល់​ព្រះមហាក្សត្រ​កម្ពុជា​ព្រះបាទ​សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី នៅ​ព្រះបរមរាជវាំង និង បន្ទាប់មក លោក​បាន​ជួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅឯ​វិមាន​សន្តិភាព​។​ជា​ជំនួប ដើម្បី​ពិភាក្សា​អំពី​ការជំរុញ​ទំនាក់ទំនង​ទ្វេភាគី និង ការពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​នានា និង ការផ្លាស់ប្តូរ​យោបល់​គ្នា​លើ​បញ្ហា​តំបន់ និង អន្តរជាតិ ដែលជា​ក្តីកង្វល់​និង​ផលប្រយោជន៍​រួម​។​

​ជា​ការពិត វត្តមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូន ចេ​អ៊ីន ក្រុមអ្នកតាមដាន​មើលឃើញថា ជា​ភាពជោគជ័យ​មួយ​នៃ​នយោបាយ​ការបរទេស​ចម្រុះ​ពណ៌​របស់​កម្ពុជា លើ​ឆាក​អន្តរជាតិ ដែល​កន្លងទៅ​ប្រទេសមួយ​នេះ ធ្លាប់​ត្រូវបាន​គេ​រិះគន់​ពី​ភាពលំអៀង​ទៅរក​មហាអំណាច​ចិន ឬ​ប្លុក​កុម្មុយនីស្ត និង មាន​ទំនាក់ទំនង​មិនសូវ​ល្អ​ជាមួយ​មហាអំណាច​លោក​សេរី​។ ហើយ​ដំណើរ​ទស្សនកិច្ច​មេដឹកនាំ​កូរ៉េខាងត្បូង សបញ្ជាក់​ឱ្យឃើញថា កម្ពុជា ជា​ប្រទេសមួយ​មាន​សារៈសំខាន់​ផ្នែក​ភូមិសាស្ត្រ​នយោបាយ និង សេដ្ឋកិច្ច សម្រាប់​ពួក​មហាអំណាច​។​

​គួរ​កត់សម្គាល់ថា ការមកដល់​នៃ​មេដឹកនាំ​កូរ៉េខាងត្បូង​លើ​ទឹកដី​កម្ពុជា ធ្វើឡើង​ខណៈពេល​ជំនួប​ចរចា​លើក​ទី​២​រវាង ប្រធានា​ធីបតី​អាមេរិក លោក ដូ​ណាល់ ត្រាំ និង មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន នៅ​វៀតណាម​បាន​ជួប​នូវ​ការបរាជ័យ ហើយ​បច្ចុប្បន្ន​កូរ៉េខាងជើង កំពុងតែ​ត្រៀម​បាញ់​សាកល្បង​អាវុធ​នុក្លេអ៊ែរ​ឡើងវិ​ញ​ដែល​បង្កជា​ក្តីបារម្ភ​ដល់ កូរ៉េខាងត្បូង និង ជប៉ុន ជា​សម្ព័ន្ធមិត្ត​អាមេរិក​។​

​ដូច្នេះ​ថ្វីត្បិតតែ​កម្ពុជា​ជា​ប្រទេស​ក្រីក្រ​ជាង​កូរ៉េខាងត្បូង​ក៏ពិតមែន តែ​កម្ពុជា​អាចមាន​មេរៀន​មួយចំនួន បង្រៀន​ដល់​កូរ៉េខាងត្បូង ដើម្បី​រក្សា​សន្តិសុខ​ប្រទេស​របស់ខ្លួន​ដូចជា ការរក្សាសន្តិសុខ​នៅតាម​ព្រំដែន ជាមួយ​កូរ៉េខាងជើង និង នយោបាយ​បង្រួបបង្រួម​ជាតិ​ដែល​កម្ពុជា​ធ្លាប់ធ្វើ​ជោគជ័យ​ពី​អតីតកាល​។ មួយវិញទៀត កម្ពុជា​ធ្លាប់ជា​មិត្ត​យូរអង្វែង​របស់​កូរ៉េខាងជើង​ដែល​បន្សល់ទុក​តាំងពី​អតីតព្រះមហាក្សត្រ​ខ្មែរ គឺ​ព្រះបាទ​នរោត្តម​សីហនុ​។​កូរ៉េខាងត្បូង ទំនងជា​ចង់​សិក្សា​អំពី​កម្ពុជា ក្នុង​គោលដៅ​សម្រប់សម្រួល​កុំឱ្យ​មាន​ការបាញ់សាក​ល្បង​អាវុធ​នុក្លេអ៊ែរ​ឡើងវិ​ញ និង បង្ក​សង្គ្រាម​នៅតាម​ព្រំដែន​ពី​សំណាក់​កូរ៉េខាងជើង​ក៏​ថា​បាន​។​

​ជារួម​ទស្សនកិច្ច​ជា​ផ្លូវរដ្ឋ​នៅ​កម្ពុជា​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូន ចេ​អ៊ីន ភាគី​ទាំងពីរ​ទទួលបាន​ផលប្រយោជន៍​ដូចគ្នា ទាំង​សេដ្ឋកិច្ច និង ភូមិសាស្ត្រ​នយោបាយ​នៅក្នុង​តំបន់ ដោយ​កូរ៉េខាងត្បូង​ចង់​ទទួលបាន​ការគាំទ្រ​ពី​កម្ពុជា​ក្នុងនាម​ជា សមាជិក​អាស៊ាន លើ​គោលនយោបាយ​ថ្មី​របស់ខ្លួន​នៅក្នុង​តំបន់​អាស៊ី​ខាងត្បូង និង ជាពិសេស គឺ​ការគាំទ្រ​គោលនយោបាយ​សន្តិភាពរ​បស់​លោក​នៅក្នុង​ឧបទ្វីប​កូរ៉េ ហើយក៏​អាច​បង្កើន​ទីផ្សារ​ពាណិជ្ជ​កម្ម​របស់ខ្លួន​បន្ថែម​ក្នុងប្រទេស​កម្ពុជា រួមទាំង​វិស័យ​វិនិយោគ​នា​ន ពិសេស វិស័យ​សំណង់ និង អចលនទ្រព្យ​។​

​រីឯ​កម្ពុជា​វិញ គេ​រំពឹងថា អាចនឹងទទួល​បានផ្តល់​សេចក្តីទុកចិត្ត​បន្ថែម​ពី​កូរ៉េខាងត្បូង ក្នុង​ការសម្របសម្រួល​អំពី​បញ្ហា​កង្វល់​នៅក្នុង​ឧបទ្វីប​កូរ៉េ បន្ទាប់ពី​ការចរចា​នៅ​វៀតណាម​បាន​បរាជ័យ និង គ្មាន​កិច្ចព្រមព្រៀង​រវាង​លោក​ត្រាំ និង លោក​គីម​។ បើតាម​អ្នកជំនាញ​មួយចំនួន​ទស្ស​ទាយ​ថា ថ្ងៃ​អនាគត​ប្រទេស​កម្ពុជា អាច​មានឱកាស​ក្លាយជា​អ្នករៀបចំ​ជំនួប​លើក​ទី​៣ រវាង​ប្រធានា​ធីបតី​អាមេរិក លោក ដូ​ណាល់​ត្រាំ និង មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន ពីព្រោះ​កូរ៉េខាងជើង និង កូរ៉េខាងត្បូង​សុទ្ធតែជា​មិត្ត​ល្អ​ជាមួយ​កម្ពុជា ហើយ​កូរ៉េខាងត្បូង​ជា​មិត្ត​អាមេរិក និង កូរ៉េខាងជើង​ជា​មិត្ត​ចិន​។​

​ចំពោះ​ផ្នែក​សេចដ្ឋកិច្ច វត្តមាន​លោក​ម៉ូ​ន ជេ​អ៊ីន អាចជា​ការផ្តល់​ភាពកក់ក្តៅ​ដល់​អ្នកវិនិយោគ​កូរ៉េ​នៅក្នុង​ប្រទេស​កម្ពុជា នឹង​ជំរុញ​ឱ្យ​អ្នកវិនិយោគ​ទាំងនោះ បន្ត​បង្កើន​ការវិនិយោគ​នៅ​កម្ពុជា​ថែមទៀត ខណៈ​កន្លងទៅ អ្នកវិនិយោគ​កូរ៉េ​បាន​ឈរ​លំដាប់​លេខ​១ ក្នុង​ការវិនិយោគ​លើ​វិស័យ​សំណង់ និង អចលនវត្ថុ​កម្ពុជា មុនពេល​អ្នកវិនិយោគ​ចិន​ចូល​មកដល់​៕

 

 


ព័ត៌មានផ្សេងទៀត