ឃាតកម្ម​បងប្រុស​លោក​គីម ជុង​អ៊ុន​៖​ម៉ាឡេស៊ី​បដិសេធ​សំណើសុំ​ដោះលែង​ពលរដ្ឋ​វៀតណាម​

14-03-2019 4:57 pm 645
  ស្តាប់
នារីជនជាតិវៀតណាមDoan Thi Huongនៅខាងឆ្វេងប៉ូលិសម៉ាឡេស៊ី
ស្តាប់ជាសំឡេង

​នៅពេល​ឃើញ​ដៃគូ​នារី​ជនជាតិ​ឥណ្ឌូនេស៊ី ត្រូវបាន​ដោះលែង​ស្ទើរ​មិនគួរឲ្យ​ជឿ ទើបបានជា​វៀតណាម ស្នើសុំ​ម៉ាឡេស៊ី ឲ្យ​ដោះលែង​ពលរដ្ឋ​ខ្លួន​ដែរ​។ រដ្ឋាភិបាល​វៀតណាម ថា​រដ្ឋមន្ត្រីការបរទេស​លោក ផាម ប៊ិញ​មិញ បាន​ស្នើសុំ​ម៉ាឡេស៊ី ធានាឲ្យមាន​ការជំនុំជ​ម្រះ ដោយ​យុត្តិធម៌​សម្រាប់​នាង​Doan Thi Huong និង​កំណត់ឲ្យ​នាងមាន​សេរីភាព​។ ជាមួយគ្នានេះ រដ្ឋមន្ត្រី​យុត្តិធម៌​របស់​ប្រទេស​វៀត ណា​ម ក៏បាន​សរសេរ​លិខិត ផ្ញើ​ទៅ​អគ្គមេធាវី​របស់​ប្រទេស​ម៉ាឡេស៊ី សុំឲ្យ​ដោះលែង​ពលរដ្ឋ​របស់ខ្លួន​ម្នាក់នេះ​ឲ្យ​មាន​សេរីភាព​ដែរ​។​

​យ៉ាងណា ម៉ាឡេស៊ី បាន​បដិសេធ​សំណើ​សុំឲ្យ​ទម្លាក់ចោល​បទ​ចោទ​លើ​នាង Doan Thi Huong​នេះហើយ​។ សំណុំរឿង​ក្តី​របស់​នារី​វ័យ​៣០​ឆ្នាំ​រូបនេះ នៅតែ​ត្រូវ​តុលាការ​បន្ត​នីតិវិធី​ទៅ​តាមច្បាប់ មិន​បញ្ចប់​ត្រឹមនេះ​នោះទេ​។ Doan Thi Huong បាន​យំ​ស្រែក​នៅពេល​លឺថា សំណុំរឿង​របស់​នាង​នៅតែ​ត្រូវ​បន្ត​នីតិវិធី​តាមច្បាប់​។ ជោគវាសនា​របស់​នាង ខុសពី​នារី​ម្នាក់ទៀត​ដែល​រង​នូវ​ការចោទប្រកាន់​ក្នុង​សំណុំរឿង​ដូចគ្នា​។ នាង​ថា មានតែ​ព្រះ​ទេ ដែល​ដឹងថា​នាង​មិនបាន​ធ្វើអំពើ​ឃាតកម្ម​។ 

សូម​រម្លឹកថា លោក​គីម ជុង​ណា​ម​ត្រូវជា​បងប្រុស​លោក​គីម ជុង​អ៊ុន​ប្រធានាធិបតី​កូរ៉េខាងជើង ត្រូវបាន​សម្លាប់​កាលពី​ថ្ងៃទី​១៣​កុម្ភៈ​ឆ្នាំ​២០១៧ នៅ​អាកាសយានដ្ឋាន ក្នុង​ទី​ក្រុងកូឡា​ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី ខណៈ​លោក​ត្រៀម​ចេញដំណើរ​ទៅ​ទីក្រុង​ម៉ា​កាវ​។ លោក​ត្រូវបាន​គេ​យកសារ​ធាតុគីមី​ពុល​កម្រិត​ខ្ពស់បំផុត​ឈ្មោះថា VX លាប​លើ​ផ្ទៃមុខ​បណ្តាលឲ្យ​ស្លាប់​។ 

​ករណីនេះ គេ​បាន​ចោទប្រកាន់ លើ​នារី​ពីរ​នាក់ ម្នាក់​ជា​ជនជាតិ​ឥណ្ឌូនេស៊ី​ឈ្មោះ Siti Aisyah និង​ម្នាក់ទៀត​ជនជាតិ​វៀតណាម​ឈ្មោះ Doan Thi Huong​។ នារី​ទាំង​ពីររូប បាន​ច្រានចោល​ការ​ចោទ​នេះ ដោយ​អះអាងថា ពួកនាង​ត្រូវគេ​បោកប្រាស់ ដោយ​កុហកថា មក​សម្តែង​ក្នុង​ការថត នូវ​កម្មវិធី​កម្សាន្ត​របស់​ទូរទស្សន៍​។ នៅ​ថ្ងៃទី​១១​ខែ​មីនាឆ្នាំ​២០១៩ នារី​ជនជាតិ​ឥណ្ឌូនេស៊ី Siti Aisyah ត្រូវបាន​ទម្លាក់ចោល​បទ​ចោទ និង​ដោះលែង​ឲ្យ​ត្រឡប់​ទៅ​ប្រទេស​របស់​នាង​វិញ ដោយ​តុលាការ​ពុំបាន​ពន្យល់​ហេតុផល​អ្វី​ទេ​។ នៅឡើយ​តែ​នាង Doan Thi Huong ដែល​ប្រសិនបើ​ផ្តន្ទាទោស នាង​អាច​នឹង​ប្រឈម​ការកាត់ទោស​ប្រហារជីវិត​៕

 ពាក្យគន្លឹះ  វៀតណាមម៉ាឡេស៊ី

ព័ត៌មានផ្សេងទៀត