UNODC​ប្តេជ្ញា​បន្ត​ជួយ​ទប់ស្កាត់​ការប្រើប្រាស់​គ្រឿងញៀន​នៅ​កម្ពុជា​

14-03-2019 4:16 pm 515
  ស្តាប់
ស្តាប់ជាសំឡេង

​លោក Julien Garsany អនុប្រធាន​តំណាង​ប្រចាំ​តំបន់​ការិយាល័យ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម (UNODC) ប្តេជ្ញា​បន្ត​ជួយ​ជា​បច្ចេកទេស និង​ការផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់​ការប្រើប្រាស់​គ្រឿងញៀន​នៅ​កម្ពុជា ។ ការប្តេជ្ញា​នេះ ធ្វើឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ ជាមួយ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​១៣ ខែ​មីនា ...

​លោក Julien Garsany អនុប្រធាន​តំណាង​ប្រចាំ​តំបន់​ការិយាល័យ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​គ្រឿងញៀន​និង​ឧក្រិដ្ឋកម្ម បាន​ថ្លែងថា លោក​នឹង​បន្ត​គាំទ្រ ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​គ្រឿងញៀន​បន្ថែមទៀត ពិសេស ជំរុញ​ការសហការ​ភាព​ជា​ដៃគូ ដើម្បី​រួមគ្នា​ជួយ​ព្យាបាល ថែទាំ និង​លើកទឹកចិត្ត​ដល់​អ្នកញៀន​គ្រឿងញៀន មក​ទទួល​សេវា​ពិនិត្យ​ព្យាបាល ឱ្យ​កាន់តែ​ច្រើនឡើង​ថែម​ទៀត ក្នុង​ចំណោម​អ្នក​ញៀន​គ្រឿងញៀន ។​

​លោក​អនុប្រធាន​អះអាងថា នឹង​ធ្វើ​យ៉ាងណា​ឱ្យ​អ្នកប្រើប្រាស់​គ្រឿងញៀន​ទាំងនេះ យល់​ច្បាស់​ថា ខ្លួន​មិន​មែន​ជា​ឧក្រិដ្ឋជន តែ​គឺជា​ជនរងគ្រោះ ។ លោក​ថា នេះ​ជា​មធ្យោបាយ​មួយ​ដែល​ឱ្យ​អ្នក​ញៀន​ថ្នាំ ស្វែងយល់ និង​គេចផុត​ពី​ភាព​ញៀន​នៃ​គ្រឿងញៀន ។​

​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល បាន​ស្នើ​ដល់ UNODC ជួយ​យ៉ាងណា ឱ្យមាន​ការអភិវឌ្ឍ​សេចក្តីណែនាំ​មួយ ក្នុង​ការផ្តល់​នូវ​សេវា​ព្យាបាល ស្តារនីតិសម្បទា​ន សម្រាប់​អ្នក​ញៀន​គ្រឿងញៀន​, ការអប់រំ​សុខភាព ដល់​យុវវ័យ​ទូទៅ តាមរយៈ​សារ​អប់រំ​ខ្លី​វីដេអូ រួមទាំង​ការបណ្តុះបណ្តាល​ដល់​មន្ត្រី​សុខាភិបាល​បន្ថែមទៀត ។​

​គិត​ត្រឹម​ឆ្នាំ​២០១៨ អ្នកញៀន​គ្រឿងញៀន មាន​ចំនួន​ជាង​២​ម៉ឺន​នាក់ ក្នុងនោះ មានតែ​៨​ពាន់​នាក់​ប៉ុណ្ណោះ ដែល​បាន​មក​ទទួល​សេវា​ពិនិត្យ​ព្យាបាល​គ្រឿងញៀន នៅតាម​មណ្ឌល​ព្យាបាល​គ្រឿងញៀន​៤៣១​កន្លែង​ទូទាំងប្រទេស ក្នុងនោះ រួមមាន នៅ​មន្ទីរពេទ្យ​ជាតិ​២​កន្លែង​, មន្ទីរពេទ្យបង្អែក​មាន​ជ័យ​, មន្ទីរពេទ្យ​ខេត្ត​មាន​២៤​កន្លែង​, មន្ទីរពេទ្យបង្អែក​៧២​កន្លែង និង​មណ្ឌល​សុខភាព​៣៣២​កន្លែង ៕

ព័ត៌មានផ្សេងទៀត