កម្ពុជា​ស្នើ​អគ្គរដ្ឋទូត​កា​ហ្សាក់​ស្ថាន​ជួយ​ជំរុញ​អ្នកវិនិយោគមក​កម្ពុ​ជា​ឲ្យ​កាន់តែច្រើន

14-03-2019 4:15 pm 353
  ស្តាប់
ស្តាប់ជាសំឡេង

​ប្រធានរដ្ឋសភា​កម្ពុជា លោក​ហេង សំរិន បានស្នើ​ដល់​ឯកអគ្គរដ្ឋទូត​កា​ហ្សាក់​ស្ថាន ឱ្យជួយ​ផ្សព្វផ្សាយ​ដល់​អ្នកវិនិយោគ និង​ប្រជាជន​ខ្លួន មក​វិនិយោគ និង​មក​កម្សាន្ត​នៅ​កម្ពុជា​ឲ្យបាន​ច្រើន​បន្ថែមទៀត ក្នុងន័យ​ផ្សារភ្ជាប់​ទំនាក់ទំនងរ​វាង​ប្រជាជន នៃ​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ជិតស្និទ្ធ​។ ស្នើ​បែបនេះ ក្នុងជំនួប​រវាង​លោក ជាមួយ​លោកបេ​កេត​ហ្សាន ហ្សូ​ម៉ា​ខា​ណូវ ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កា​ហ្សាក់​ស្ថាន នៅ ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០១៩​នេះ​។ 

​លោក​ហេង សំរិន ប្រធានរដ្ឋសភា បានស្នើ​ឯកអគ្គរដ្ឋទូត​កា​ហ្សាក់​ស្ថាន ជួយ​ជំរុញ​អ្នកវិនិយោគ និង​ទេសចរ​ខ្លួន មក​កម្ពុជា​ឲ្យ​កាន់តែច្រើន​បន្ថែមទៀត​។ លោក​ថា​ជំរុញ​បែបនេះ ដើម្បី​ផ្សារភ្ជាប់​ទំនាក់ទំនងរ​វាង​ប្រជាជន និង​ប្រជាជន នៃ​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ជិតស្និទ្ធ​។ ការស្នើ​របស់​ប្រធានរដ្ឋសភា​រូបនេះ ធ្វើឡើង​ក្នុងជំនួប​រវាង​លោក​ជាមួយ លោកបេ​កេត​ហ្សាន ហ្សូ​ម៉ា​ខា​ណូវ ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កា​ហ្សាក់​ស្ថាន នា​ព្រឹក​ថ្ងៃទី​១៤ ខែ​មីនា នៅ​វិមាន​រដ្ឋសភា​។​

​លោក​ហេង សំរិន បាន​លើកឡើងថា កា​ហ្សាក់​ស្ថាន និង​កម្ពុជា មាន​ទំនាក់ទំនង​ការទូត​ជាមួយគ្នា​ជាង​៦​ទសវត្សរ៍​មកហើយ​។ ជា​ទំនាក់ទំនង​ដ៏​យូរលង់ ហើយ​ត្រូវបាន​ពង្រឹង និង​ពង្រីក​ជា​បន្តបន្ទាប់​។ លោក​ថា បេសកកម្ម​របស់​ឯក​អគ្គរដ្ឋទូត​រូបនេះ នៅ​កម្ពុជា​នា​ពេលបច្ចុប្បន្ន មាន​សារៈសំខាន់ សម្រាប់​ប្រទេស​ទាំងពីរ ក្នុង​ការបន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា ទាំង​ក្នុង​ក្របខណ្ឌ​សភា និង​រដ្ឋាភិបាល ឲ្យកាន់តែរ​ស់​រវើក​ថែមទៀត​។​

​ឆ្លើយតប​នឹង​ការស្នើ​នេះ លោកបេ​កេត​ហ្សាន ហ្សូ​ម៉ា​ខា​ណូវ បាន​គាំទ្រ​ចំពោះ​ការលើកឡើង​របស់លោក​ហេង សំរិន ព្រមទាំង​បញ្ជាក់ថា នៅក្នុង​បេសកកម្ម​ការទូត​របស់​លោក​នៅ​កម្ពុជា លោក នឹង​ខិតខំ​លើកកម្ពស់​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​ឲ្យបាន​រឹងមាំ​បន្ថែមទៀត ទាំង​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ​។​

​ជា​ការកត់សម្គាល់​កម្ពុ​ជា​បានបង្ហាញ​នូវ​សុទិដ្ឋិនិយម​ថា​រដ្ឋសភា​កម្ពុជា និង​កា​ហ្សាក់​ស្ថាន កំពុងមាន​ទំនាក់ទំនង​យ៉ាង​ល្អ​ជាមួយគ្នា នៅក្នុង​ក្របខណ្ឌ​ទ្វេភាគី និង​ពុហ​ភាគី​។ វិជ្ជមាន​ដោយសារ សភា​ប្រទេស​ទាំងពីរ​បានធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​ជា​ហូរហែរ តាមរយៈ​ការចូលរួម​វេទិកាសភា​អន្តរជាតិ​ផ្សេងៗ ដែល​សភា​ប្រទេស​ទាំងពីរ​ជា​សមាជិក​ជាមួយគ្នា មាន​ជាអាទិ៍​៖ អាយ​ភី​យូ​(IPU) អេ​ភី​អេ​(APA) និង​អា​សឹប​(ASEP)​ជាដើម​៕

​ដោយ​៖ ប៉ា សុ​ខេង​

ព័ត៌មានផ្សេងទៀត