ការវះកាត់​​មិនទាន់មាន​សុវត្ថិភាព​​សម្លាប់​មនុស្ស​ច្រើនជាង​ជំងឺឆ្លង​​

14-03-2019 2:52 pm 613
  ស្តាប់
ស្តាប់ជាសំឡេង

​យោងតាម​របាយការណ៍​ស្ដីពី​ការវះកាត់​សកលលោក​នៅ​ឆ្នាំ​២០៣០ របស់​គណៈកម្មកា​ឡង់​សេ (Lancet) បាន​បង្ហាញថា លក្ខខណ្ឌ​វះកាត់​មិនទាន់មាន​សុវត្ថិភាព បានសម្លាប់​មនុស្ស​លើ​ពិភពលោក​ច្រើនជាង ជំងឺឆ្លង​ទៅទៀត ហើយក៏​ជា​កត្តា​បង្ក​ជំងឺ​មួយ​ភាគបី នៃ​ពិភពលោក​ផងដែរ​។ នេះ​បើតាម​បញ្ជាក់​ពី​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​។

​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​លើកឡើងថា ភាព​រីកចម្រើន​នៃ​ការព្យាបាល​ដោយ​វះកាត់​នៅ​ប្រទេស​កម្ពុជា ក៏ដូចជា​ការអភិវឌ្ឍ​ន៍​និរន្ដ នូវ​ធនធានមនុស្ស​ដែល​រួមចំណែក ដល់​ការលើកកម្ពស់​គុណភាព​ព្យាបាល ដោយ​ឈរលើ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​សុខាភិបាល​។​

​ជាមួយគ្នា​នោះ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​រូបនេះ បាន​គូសបញ្ជាក់ថា ដោយ​យោងតាម​របាយការណ៍ ស្ដីពី​ការវះកាត់​សកលលោក​នៅ​ឆ្នាំ​២០៣០ របស់​គណៈកម្មកា​រឡង់​សេ (Lancet) បាន​បង្ហាញថា លក្ខខណ្ឌ​វះកាត់​មិនទាន់មាន​សុវត្ថិភាព បានសម្លាប់​មនុស្ស​លើ​ពិភពលោក​ច្រើនជាង​ជំងឺឆ្លង​ទៅទៀត ហើយក៏​ជា​កត្តា​បង្ក​ជំងឺ​មួយ​ភាគបី នៃ​ពិភពលោក​ផងដែរ​។ លោក​បន្តថា ការទទួលបាន​ការវះកាត់​តាម​និយាម​សុវត្ថិភាព​ពិតជា​មិនទាន់​សមភាព​នៅឡើយ ព្រោះថា​ប្រជាជន​ជាង​៩០%​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ពុំ​ទទួលបាន​ការវះកាត់​ប្រកបដោយ​សុវត្ថិភាព​ពេញលេញ​ទេ បើ​ប្រៀប​ទៅនឹង​តំបន់​ដែលមាន​ចំណូល​ខ្ពស់ ដូចជា​អឺរ៉ុប​ខាងលិច ដែលមាន​ត្រឹមតែ​៥%​។​

​លោក ម៉ម ប៊ុនហេង ថា ដោយ​ឈរលើ​មូលហេតុ​នេះហើយ ក្រសួង​សុខាភិបាល បាន​សហការ​ជាមួយ​មូលនិធិ (GE) ពង្រឹង​ប្រព័ន្ធ​ព្យាបាល​ដោយ​វះកាត់ តាមរយៈ​កម្មវិធី​វះកាត់​ប្រកបដោយ​សុវត្ថិភាព ឆ្នាំ​២០២០ ដោយ​សំដៅ​អភិវឌ្ឍ​ជំនាញ និង​គាំទ្រ​ផ្នែក​សម្ភារ​។ លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ទៀតថា កម្ពុជា​មាន​សេចក្តី​រីករាយ​ខ្លាំងណាស់ ដែល​ត្រូវ​បានជ្រើសរើស​ក្នុងចំណោម​ប្រទេស​ដំបូង​គេ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ឲ្យ​ចាប់ផ្ដើម​ការវះកាត់​ប្រកបដោយ​សុវត្ថិភាព ឆ្នាំ​២០២០ ដែល​កម្មវិធី​នេះ​បាន​ផ្ដល់ឱកាស​បណ្ដុះបណ្ដាល​ថ្មី សម្រាប់​គ្រូពេទ្យ​វះកាត់​បច្ចុប្បន្ន និង​អនាគត​គ្រូពេទ្យ​វះកាត់​បានផ្ដល់​ការគាំទ្រ ដើម្បី​បង្កើនល្បឿន​នូវ​ការដាក់ចេញ​នូវ​កម្មវិធី​គ្របដណ្ដប់​សុខភាព​សកល​នាពេល​អនាគត​ផងដែរ​។​

​សូមបញ្ជាក់ថា ការបញ្ជាក់​យ៉ាង​ដូច្នេះ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ធ្វើឡើង​សន្និសីទ​ការវះកាត់​ប្រកបដោយ​សុវត្ថិភាព​ឆ្នាំ​២០២០ នៅ​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០១៩ ហើយ​លោក សង្ឃឹម​យ៉ាង​មុតមាំ​ថា សន្និសីទ​នេះ រួមចំណែក​នាំមក​នូវ​ការបង្កើត​ថ្មី លើ​ជំនាញ​សកល និង​បទពិសោធន៍​តំបន់ ដើម្បី​ផ្ដល់ឱកាស​ដល់​ប្រជាជន​ទាំងអស់ អាច​មានលទ្ធភាព​ទទួល​បាន​ការព្យាបាល ដោយ​វះកាត់​ប្រកបដោយ​សុវត្ថិភាព​គ្រប់ៗ​គ្នា​ផងដែរ​៕

 ពាក្យគន្លឹះ  លោកម៉មប៊ុនហេងវះកាត់

ព័ត៌មានផ្សេងទៀត