របាយការណ៍​​ក្រសួង​កសិកម្ម​ បង្ហាញថា​ បរិមាណ​ផល​ស្រូវ ​កើនឡើង​​

14-03-2019 10:27 am 1504
  ស្តាប់
លោក វេង សុខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម
ស្តាប់ជាសំឡេង

​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ២០១៨ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សុខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានបង្ហាញ​របាយការណ៍​នូវ​សមិទ្ធិផល​ការងារ​របស់​ក្រសួង នៅ​ឆ្នាំ​២០១៨​នេះ ការងារ​បង្កបង្កើនផល​ស្រូវ​នៅ​ទូទាំងប្រទេស សម្រេចបាន​លើ​ផ្ទៃដី​ចំនួន ៣,៣៤​លាន​ហិកតា ស្មើនឹង ១១៣% នៃ​ផែនការ​ក្នុងនោះ​ស្រូវវស្សា​មាន ២,៧៥​លាន​ហិកតា និង​ស្រូវ​រដូវប្រាំង ៥៩០​ពាន់​ហិកតា​។ ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ស្រូវ​បាន​កើន​ប្រមាណ ៤% ធៀប​នឹង​ឆ្នាំ​២០១៧​។​

​ចំពោះ​ទិន្នផល​ស្រូវ​គិត​ជា​មធ្យម​ទាំង​ប្រាំង និង​វស្សា​សម្រេចបាន ៣,៣៥​តោន​ក្នុង​មួយ​ហិកតា កើន​លើស​ឆ្នាំមុន​ប្រមាណ ១.៦៦% ក្នុងនោះ​ទិន្នផល​ស្រូវវស្សា​ទទួលបាន ៣,០៩៤​តោន​ហិកតា និង​ទិន្នផល​ស្រូវប្រាំង​ទទួលបាន ៤,៥១២​តោន​ហិកតា​។ បរិមាណ​ផល​ស្រូវ​សរុប​បាន​កើនឡើង​ដល់​ប្រមាណ​១០,៨៩ លាន​តោន គឺ​កើន​ប្រមាណ ៣.៥១% ធៀប​នឹង​ឆ្នាំ​២០១៧ ក្នុងនោះ​បរិមាណ​ផល​ស្រូវវស្សា​ទទួលបាន​ប្រមាណ​ជាង ៨,២១​លាន​តោន និង​បរិមាណ​ផល​ស្រូវ​រដូវប្រាំង​ទទួលបាន​ប្រមាណ ២,៦៨ លាន​តោន និង​មាន​អតិរេក​ស្រូវ​ចំនួន​ជាង ៥,៨៣​លាន​តោន គិត​ជា​អង្ករ​ស្មើនឹង ៣,៧៣ លាន​តោន កើន​លើស​ឆ្នាំ​២០១៧ ប្រមាណ ៥%​។​

​ការនាំចេញ​ផលិតផល​កសិកម្ម​សរុប​បាន​កើនឡើង​ពី ៣,៤៤​លាន​តោន​នៅ​ឆ្នាំ​២០១៤ ដល់ ៤,២៣​លាន​តោន នៅ​ឆ្នាំ​២០១៨​។ ផលិតផល ទាំងនោះ​ការនាំចេញ​ផ្លែ​ចេក ម្សៅដំឡូង​មី គ្រាប់ស្វាយចន្ទី ពោត កៅស៊ូ ស្ករ​អំពៅ ប្រេងដូង​ឆៅ បាន​កើនឡើង​គួរឲ្យកត់សម្គាល់​។ បរិមាណ​អង្ករ​នាំចេញ​ផ្លូវការ​បាន​កើន​ពី ៣៨៧ ពាន់​តោន​ក្នុង​ឆ្នាំ​២០១៤ ដល់​ជាង ៦២៦ ពាន់​តោន​ក្នុង​ឆ្នាំ​២០១៨ គឺ​កើនឡើង ២៣% ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លងមកនេះ​។ 

​ទាក់ទង​នឹង​បញ្ហា​នាំចេញ​អង្ករ​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឲ្យ​ខិតខំ​យកចិត្តទុកដាក់​ឲ្យបាន​ខ្លាំង​ជាមួយប្រ​ទេសចិន ក្នុង​ការបង្កើន​កូតា​នាំ​អង្ករ​ចេញឲ្យបាន​ចំនួន​៤០​ម៉ឺន​តោន និង​ជាមួយ​ប្រទេស​វៀតណាមឲ្យ​ចំនួន​៣០​ម៉ឺន​តោន​ក្នុង​១​ឆ្នាំ និង​ទៅកាន់​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត ផងដែរ​៕

ព័ត៌មានផ្សេងទៀត