​​វិបត្តិ​ទំនិញ​ក្លែងក្លាយ​​​ បង្ក្រាបបាន​តែ​វត្ថុ​តាំង​​ រួចខ្លួន​អ្នក​ផលិត​​​

13-03-2019 5:47 pm 1081
  ស្តាប់
ស្តាប់ជាសំឡេង

​ទំនិញ​ក្លែងក្លាយ ទំនិញ​គ្មាន​គុណភាព និង​អត់​អនាម័យ កំពុង​ក្លាយជា​ក្តីបារម្ភ របស់​ប្រជាជន​ខ្មែរ ព្រួយបារម្ភ​ថា​អាច ប៉ះពាល់​សុខភាព​។ ដើម្បី​បំបាត់​ក្ដីកង្វល់​របស់​ប្រជាពលរដ្ឋ ពី​រឿង​ទំនិញ និង​ផលិតផល​ក្លែងក្លាយ​ចរាចរ​ដាក់​លើ​ទីផ្សារ អាជ្ញាធរ​ត្រូវតែ​យក​ច្បាប់​មក​អនុវត្ត​ឱ្យបាន​តឹងរឹង និង​មាន​ប្រសិទ្ធភាព​ចំពោះ​ជន​ដែល​បាន​ប្រព្រឹត្ត ព្រមទាំង​ចាប់​អ្នក​ជាប់​ពាក់ព័ន្ធ​មក​ផ្ដន្ទាទោស​តាមច្បាប់​ឱ្យ​ខាន​តែ​បាន​។

​ផលិតផល​ក្លែងក្លាយ និង​ខុសច្បាប់​ជាច្រើន នៅតែ​ចរាចរ​ដាក់លក់​នៅលើ​ទីផ្សារ បើទោះបីជា​មាន​ការបង្ក្រាប និង​ចាប់​ដកហូត​យកទៅ​កម្ទេចចោល​ពី​សំណាក់​មន្ត្រី​ដែលមាន​សមត្ថកិច្ច​យ៉ាងណាក៏ដោយ ជាពិសេស​ផលិតផល​គ្រឿង​បរិភោគ គ្រឿងសំអាង ថ្នាំពេទ្យ និង​ផលិតផល​ដទៃទៀត ដែល​គ្មាន​គុណភាព និង​មាន​សារធាតុ​គ​មី​។ ផលិតផល​ក្លែងក្លាយ និង​ខុសច្បាប់​ទាំងនេះ ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ការព្រួយបារម្ភ​ជាខ្លាំង​អំពី​សុភាព ខណៈ​ផលិតផល​ទាំងនេះ​មិនអាច​មើល​ដឹង​នឹង​ភ្នែក​ទទេ​ថា​មួយណា​ពិត មួយណា​ក្លែងក្លាយ​ឡើយ​។​

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ខាងលើនេះ ជា​ជំងឺ​មួយ​កើតមាន​នៅក្នុង​សង្គម​កម្ពុជា ជា​យូរយា​ណាស់​មកហើយ ដោយសារតែ​ការអនុវត្ត​ច្បាប់​មិនមាន​ប្រសិទ្ធភាព និង​មាន​ភាព​ធូ​រលុង​។​

​លោក​សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា បាន​បញ្ជាក់ថា ការនាំ​ចូល​ផលិតផល​ក្លែងក្លាយ និង​ទំនិញ​ខុសច្បាប់ និង​ការផលិត​ទំនិញ​គ្មាន​គុណភាព​នៅក្នុង​ប្រទេស​កម្ពុ​ជា មកពី​ការអនុវត្ត​ច្បាប់​នៅ​មិនទាន់មាន​ប្រសិទ្ធភាព ហើយ​មាន​ការប្រព្រឹត្ត​អំពើពុករលួយ​ជាដើម បូករួម​ទាំង​កត្តា​ចំណេះដឹង​របស់​ប្រជាពលរដ្ឋ​នៅមានកម្រិត​ផងដែរ​………………

​សំឡេង​លោក​សន ជ័យ​៖

​លោក សន ជ័យ បាន​បញ្ជាក់ថា ដើម្បី​បង្ក្រាប​ផលិតផល​ក្លែងក្លាយ និង​ខុសច្បាប់ ឱ្យមាន​ប្រសិទ្ធភាព ត្រូវយក​ច្បាប់​មក​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់ ហើយ​ស្រាវជ្រាវ​អ្នក​ដែល​នាំចូល និង​ផលិត ទាំង​នៅ​ក្នុងស្រុក​ក្ដី រុករក​ឱ្យដល់​ឬ​សគុល​អ្នកប្រព្រឹត្ត និង​ពាក់ព័ន្ធ យកមក​ផ្ដន្ទាទោស​ឱ្យ​ខាន​តែ​បាន​។​

​ចំណែក​លោក មាស នី អ្នកវិភាគ​បញ្ហា​សង្គម និង​នយោបាយ​នៅ​កម្ពុជា មើលឃើញថា ផលិតផល​ក្លែងក្លាយ និង​ខុសច្បាប់ នៅតែ​បន្ត​ហូរ​ចូល​នៅក្នុង​ប្រទេស​កម្ពុជា បើទោះបីជា​មាន​ការត្រួត​ពិនិត្យ​ពី​សំណាក់​មន្ត្រី​មាន​សមត្ថកិច្ច​ក៏ដោយ​។ ប៉ុន្តែ​ព្រំដែន​ខ្លះ ក៏​អាច​មានការ​នាំចូល​បានដែរ ដោយសារតែ​គ្មាន​សមត្ថកិច្ច​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់គ្រាន់ និង​ការប្រព្រឹត្ត​អំពើពុករលួយ​ជាដើម​។ ដោយឡែក​ផលិតផល​ដែល​ផលិត​នៅក្នុង​ស្រុក​វិញ លោក មាស នី បញ្ជាក់ថា បញ្ហា​នេះ​ក្រសួង​មាន​សមត្ថកិច្ច​គួរតែ​ចុះ​ត្រួត​ជាប្រចាំ ក្នុង​ការពិនិត្យ​គុណភាព​នៃ​ការផលិត​……………

​សំឡេង​លោក​មាស នី​៖

​លោក មាស នី បាន​គូសបញ្ជាក់ថា ដើម្បី​បង្ក្រាប​ផលិតផល​ក្លែងក្លាយ និង​ខុសច្បាប់ ឱ្យមាន​ប្រសិទ្ធភាព ត្រូវតែ​អនុវត្ត​ច្បាប់​ឱ្យមាន​ប្រសិទ្ធភាព និង​ស្រាវជ្រាវ​ទំនិញ​ដែល​រឹបអូស​បាន មាន​ប្រភព​មក​ណា ហើយ​រក​អ្នក​នៅ​ពីក្រោយ​ខ្នង​ដើម្បី​យក​ផ្ដន្ទាទោស​។ ធ្វើ​ដូច្នេះ នឹង​កាត់បន្ថយ​ការ​ការផលិត និង​នាំចូល​ទំនិញ​ក្លែងក្លាយ​មាន​ប្រសិទ្ធភាព​។​

​យ៉ាងណាមិញ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ស ខេង ឧបកនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក៏បាន​ព្រមាន​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ថា លោក​នឹងមិន​ចូលរួម​ពិធី​ដុតបំផ្លាញ​ផលិតផល​ក្លែងក្លាយ​ខុសច្បាប់​លើក​ក្រោយ​ទៀត​ទេ បើសិនជា​ចាប់​ជន​ប្រព្រឹត្ត​បទល្មើស​មក​ផ្តន្ទាទោស​មិនបាន​។ លោក ស ខេង បាន​បញ្ជាក់ថា ទំនិញ​ក្លែងក្លាយ​និង​ខូចគុណភាព​ដែល​សមត្ថកិច្ច​រឹបអូស​បាន ជា​ទំនិញ​ដែល​គេ​ស្តុក​ទុក​ក្នុង​ឃ្លាំង ខណៈ​មួយចំនួនទៀត​ដែល​បង្ក្រាប​មិនបាន កំពុងតែ​ចរាចរ​យ៉ាងសកម្ម ដែល​នេះ ជា​ហេតុនាំឱ្យ​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​៕


ព័ត៌មានផ្សេងទៀត