លោក​ហ៊ុន សែន ចង់​កែ​រដ្ឋធម្មនុញ្ញ​ ការពារ​កុំឲ្យ​​គណៈរដ្ឋមន្ត្រី​​រលាយ​ ពេល​អត់​​នាយករដ្ឋមន្ត្រី ​

13-03-2019 3:36 pm 2434
  ស្តាប់
ស្តាប់ជាសំឡេង

​នាយករដ្ឋមន្ត្រី​កម្ពុជា លោក​ក​ហ៊ុន សែន បាន​លើក​ពី រដ្ឋធម្មនុញ្ញ​កម្ពុជា ដែល​បាន​កំណត់ថា បើ​អត់​ពី​នាយករដ្ឋមន្ត្រី​ទៅ គឺ​គណៈរដ្ឋមន្ត្រី​ក៏​ត្រូវតែ​រលាយ​ដោយ​ស្វ័យប្រវត្តិ ពោលគឺ​សូម្បីតែ​នាយករដ្ឋមន្ត្រី​ស្តីទី ក៏​មិនមាន​ដែរ ដោយសារតែ​គ្មាន​នរណា​អាច​តែងតាំង​នាយករដ្ឋមន្ត្រី​ស្តីទី​បាន​។ ការលើកឡើង​របស់លោក​ហ៊ុន សែន ដូច្នេះ ធ្វើឡើង នៅក្នុង​ពិធី​សំណេះសំណាល ជាមួយ​កម្មករ ជាង​១​ម៉ឺន​៦​ពាន់​នាក់ នៅ​ខេត្តកោះកុង នា​ព្រឹក​ថ្ងៃទី​១៣ មីនា នេះ​។​

​លោក​ហ៊ុន សែន ថ្លែង​ការពារ​ចំពោះ​ការលើកឡើង​របស់លោក​ថា លោក​មិន​ខ្លាច​នរណា​បំពុល​ទេ លើកលែងតែ​ភេរវជន ដែល​ចង់ឱ្យ​លោក​ស្លាប់​។ លោក​ប្រាប់​កុំឲ្យ​ភាន់ច្រឡំ រដ្ឋធម្មនុញ្ញ​។ តែ​លោក​ថា លោក​កំពុងតែ​គិត គូ​កែ ឬ​មិន​កែ​រដ្ឋធម្មនុញ្ញ​។ លោក​លើ​ពី រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​ថា​«​នៅពេលដែល​តំណែង​នាយករដ្ឋមន្ត្រី នៅ​ទំនេរ​ជា​ស្ថាពរ គណៈរដ្ឋមន្ត្រី​មួយ​ត្រូវ​រៀបចំ​ឡើងវិញ មានន័យ​ម៉េច​? មានន័យថា បើ​នាយករដ្ឋមន្ត្រី​ស្លាប់ គឺ​រដ្ឋាភិបាល​រលាយ​តែម្តង អត់​មាន​នរណា​ធ្វើ​នាយករដ្ឋមន្ត្រី​ស្តីទី​បានទេ .....»

​សំឡេង​លោក​ហ៊ុន សែន​៖

លោក​ហ៊ុន សែន ហាក់​ព្រមាន​ជា​ប្រយោល ទៅដល់​រដ្ឋមន្ត្រី​របស់​លោក​ផងដែ​រថា កុំ​បន់​ឲ្យ​លោក​ស្លាប់​។ លោក​ថា​រដ្ឋមន្ត្រី​ដែល​បន់​ឱ្យ​នាយករដ្ឋមន្ត្រី​ស្លាប់ មានតម្លៃ​ស្មើនឹង​បន់​ឱ្យ​ខ្លួនឯង​អស់​ស័ក្តិ​ជា​រដ្ឋមន្ត្រី​ដែរ​។ តែ​លោក​បញ្ជាក់ថា​បើសិនជា​តំណែង​នាយករដ្ឋមន្ត្រី នៅ​ទំនេរ​ម្តង​ម្កាល គឺអាច​ចាត់តាំង​នាយករដ្ឋមន្ត្រី​ស្តីទី ដែល​លោក​គឺជា​អ្នក​តែងតាំង គឺ​មុនពេល​លោក​ទៅ​ក្រៅប្រទេស ប៉ុន្តែ​បើសិន​លោក​ស្លាប់ គឺ​អត់​មាន​នរណា​តែងតាំង​នាយករដ្ឋមន្ត្រី​ស្តីទី​ទេ ដូច្នេះ រដ្ឋាភិបាល​នឹង​រលាយ ជា​ស្វ័យប្រវត្តិ​។​

​បើ​យោង​មាត្រា​១២៥​នៃ​រដ្ឋធម្មនុញ្ញ បាន​ចែងថា​៖«​បើ​តំណែង​នាយករដ្ឋមន្ត្រី​នៅ​ទំនេរ​ជា​ស្ថាពរ​នោះ ត្រូវ​តែងតាំង​គណៈរដ្ឋមន្ត្រី​មួយ​ជាថ្មី ក្នុង​លក្ខខណ្ឌ​ដែល​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នេះ​។ បើ​ការ​ទំនេរ​នេះ​ជាការ​ទំនេរ​មួយ​កាល​មួយគ្រា​ទេ ត្រូវ​ចាត់តាំង​នាយករដ្ឋមន្ត្រី​ស្ដីទី​ជា​បណ្ដោះអាសន្ន​»​។​

​យ៉ាងនេះក្តី ប្រមុខ​រដ្ឋាភិបាល ពុំបាន​បានបញ្ជាក់​ទេ ថា​ចង់​កែ​ឬ​បន្ថែម​ខ្លឹមសារ​យ៉ាងដូចម្តេច​ក្នុង​មាត្រា​នេះ​។ ប៉ុន្តែ បំណង​របស់​នាយករដ្ឋមន្ត្រី​ដែល​កាន់តំណែង ដ៏​យូរ​ជាងគេ​រូបនេះ ទំនងជា​ចង់​ដោះស្រាយ​កុំឲ្យ​មាន​ការជាប់គាំង​រឿងតំណែង​នាយករដ្ឋមន្ត្រី ដោយ​អាចឲ្យ​អ្នកណា​ផ្សេង ឡើង​ធ្វើជា​នាយករដ្ឋមន្ត្រី​ថ្មី​បាន ពេល​នាយករដ្ឋមន្ត្រី​ចាស់ បាត់បង់​ជីវិត​ដោយ​ប្រការ​ណាមួយ​៕

ព័ត៌មានផ្សេងទៀត