ស្រុក​មោង និងស្រុកគាស់ក្រឡ កំពុង​​ប្រឈម​នឹង​កង្វះ​ទឹក​​ខ្លាំងជាងគេ​​

13-03-2019 10:39 am 5134
  ស្តាប់
ស្តាប់ជាសំឡេង

​តាម​ការបញ្ជាក់ របស់លោក​ចាន់ យុ​ត្ថា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម អះអាងថា ស្រុក​គាស់ក្រឡ និង ស្រុក​មោង​ឬ​ស្សី ស្ថិតក្នុង​ខេត្តបាត់ដំបង ដែល​ប្រជាពលរដ្ឋ​ជាង​២០ ០០០​គ្រួសារ កំពុង​ប្រឈម​នឹង​ការខ្វះ​ទឹក​ប្រើប្រាស់​ខ្លាំងជាងគេ បើ​ប្រៀបធៀប​ទៅនឹង​ស្រុក​មួយចំនួន នៃ​ខេត្ត​ដទៃ ដែល​កំពុង​ជួបប្រទះ​ដែរនោះ​។ លោក​យុ​ត្ថា បញ្ជាក់ថា កង្វះ​ទឹក​ខ្លាំ​នៅ​ស្រុក​ទាំងពីរ​នេះ ដោយសារ​ទឹកស្ទឹង​មោង​បាន​រីង​ជិត​មួយខែ​ទៅហើយ​។ ប៉ុន្តែ​យ៉ាងណា លោក​ថា បញ្ហា​នេះ ក្រសួង​បានធ្វើ​ការដោះស្រាយ​ហើយ​។​

​មកដល់ពេលនេះ បើទោះជា​គ្រោះរាំងស្ងួត​បាន និង​កំពុង​កើតឡើង​នៅ​ក្នុងស្រុក​នៃ​ខេត្ត​មួយចំនួន​របស់​កម្ពុជា​ក៏ដោយ  តែ​អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅតែ​អះអាងថា បញ្ហា​នេះ​គឺ​មិនទាន់មាន​ទ្រង់ទ្រាយ​ធំ​នោះទេ បើ​ប្រៀបធៀប​កាលពី​បណ្តា​ឆ្នាំមុនៗ​។​

​ថ្លែងប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា AKP លោក​ចាន់ យុ​ត្ថា និយាយថា ប្រទេស​កម្ពុជា នៅមាន​ប្រភពទឹក​គ្រប់គ្រាន់​នៅ​ទូទាំងប្រទេស ដើម្បី​ប្រើប្រាស់​។ តែ​លោក​ល​ថា រឿង​ដែល​សំខាន់ គឺ​ចូលរួម​ថែរក្សា​ប្រភពទឹក​ដែលមាន​សល់​ក្នុងពេល​បច្ចុប្បន្ននេះ​ឱ្យ​បានល្អ និង​ប្រើប្រាស់​ដោយ​សន្សំសំចៃ​។​

​លោក​ចាន់ យុ​ត្ថា អះ​អង​ថា ការ​ប្រឈម​នឹង​ការខ្វះ​ទឹក​ក្នុងឆ្នាំនេះ គឺ​មិន​ប្រឈម​ធំធេង​ដូច កាល​ឆ្នាំ​២០១៥-២០១៦​នោះទេ​។ តែ​យ៉ាងណា ក្រសួង​ធនធានទឹក បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បាន និង​កំពុង ដោះស្រាយ​បញ្ហា​នេះ ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុងស្រុក​មួយចំនួន​ដែល​កំពុង​ជួប​បញ្ហា​ប្រឈម​ហើយ​។ 

​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ធនធានទឹក បាន​ព្យាករណ៍​ថា រដូវប្រាំង​នៅ​កម្ពុជា នឹង​បន្ត​អូសបន្លាយ​ដល់​ពាក់កណ្តាល​ខែឧសភា​។ បញ្ហា​នេះ​គឺ​ដោយសារតែ​កម្ពុជា​ទទួល​រង​នូវ​ឥទ្ធិពល​បាតុភូត EL Nino ដែល​ធ្វើឱ្យ​សីតុណ្ហភាព​របស់​កម្ពុជា​នៅក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​រង្វង់​ពី​៣៦ ទៅ​៣៨ អង្សា​សេ​។​

​នាយករដ្ឋមន្ត្រី​កម្ពុជា លោក​ហ៊ុន សែន នៅ​ថ្ងៃទី​១១ មីនា ក៏បាន​បន្ដ​អំពាវនាវ​ជាថ្មី​ម្ដងទៀត ឲ្យ​យកចិត្តទុកដាក់ ដោះស្រាយ​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់ របស់​ប្រជាពលរដ្ឋ នៅក្នុង​រដូវប្រាំង​ឆ្នាំនេះ​។ លោក​ជំរុញ​ឲ្យ​ជីក​អណ្តូង​នៅ​កន្លែង​ដែល​ខ្វះ​ទឹក ដែល​លោក​ចាត់ទុកថា វិធានការ​នេះ ប្រសើរ​ជាង​ដឹក​ទឹក ទៅ​ចែកជូន ហើយក៏​ជា​យុទ្ធសាស្ត្រ​វែងឆ្ងាយ​ផងដែរ​៕

ព័ត៌មានផ្សេងទៀត