សមយុទ្ធ​នាគ​មាស​ដ៏​ធំ​រវាង​កងទ័ព​កម្ពុជា​-​ចិន​ចាប់ផ្តើម​ហើយ​

13-03-2019 9:27 am 588
  ស្តាប់
ស្តាប់ជាសំឡេង

​លំ​ហាត់​សមយុទ្ធ​នាគ​មាស ឆ្នាំ​២០១៩ រវាង​កងទ័ព​កម្ពុជា​-​ចិន រយៈពេល​១៤​ថ្ងៃ ចាប់ផ្តើម​ហើយ​នៅ​ថ្ងៃ​ទី​១៣ ខែ​មីនា​នេះ នៅ​ទីលាន​បាញ់​គ្រាប់​ពិត សាលា​ហ្វឹកហ្វឺន​តេជោ​សែន​ជុំ​គីរី ស្ថិតនៅ​ភូមិ​ត្រពាំងវែង ឃុំ​ត្រពាំង​រាំង ស្រុក​ជុំ​គី​រី ខេត្ត​កំពត​។ 

​បើ​តាម​ការបញ្ជាក់​ពី​លោក ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ ធ្លាប់បាន​ប្រាប់​វិទ្យុ​វាយោ​ថា លំ​ហាត់​នាគ​មាស​នេះ ធ្វើឡើង​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ល្អ រវាង​កងយោធពល​ខេមរភូមិន្ទ ជាមួយ​កងទ័ព​រំដោះប្រជាជន​ចិន ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍​ធ្វើ​លំ​ហាត់​រួមគ្នា លើ​កិច្ចការ​មនុស្សធម៌ ការជួយ​សង្គ្រោះ​គ្រោះមហន្តរាយ ការប្រឆាំង​ភេ​វរ​កម្ម ការរក្សា​សន្តិភាព​ជាដើម​។​

​កម្ពុជា​-​ចិន បាន​រៀបចំ​លំ​ហាត់​នាគ​មាស ចំនួន​២​ដង​រួច​ទៅ​ហើយ គឺ​លើក​ទី​១ នៅ​ឆ្នាំ​២០១៦ និង​លើក​ទី​២ នៅ​ឆ្នាំ​២០១៨​។ លំ​ហាត់​នាគ​មាស​ឆ្នាំ​២០១៨ មាន​ចំនួន​ជិត​២​សប្តាហ៍ ប៉ុន្តែ​លំ​ហាត់​នាគ​មាស​ឆ្នាំ​២០១៩​នេះ មាន​រយៈពេល​កាន់តែច្រើន និង​ធំ​ជាង​ឆ្នាំ​២០១៨​ថែម​ទៀត​។​

​លោក ឈុំ សុជាតិ បាន​បញ្ជាក់បន្ថែម​ថា លំ​ហាត់​ហ្វឹកហ្វឺន​នេះ មាន​កងទ័ព​រំដោះប្រជាជន​ចិន​ចូលរួម​ចំនួន​២៥២​នាក់ និង​ភាគី​កម្ពុជា​ចូលរួម​ចំនួន​២៥៤២​នាក់ ក្នុងនោះ​មាន​ការហ្វឹកហាត់​ផ្តោត​សំខាន់​លើ​វិញ្ញាសា​មួយចំនួន ដូច​ជា​ការប្រឆាំង​ភេ​វរ​កម្ម​, ការរំដោះ​ចំណាប់ខ្មាំង​, ការសង្គ្រោះ​ប្រជាពលរដ្ឋ​ពី​គ្រោះធម្មជាតិ​, ការបំពេញ​ភារកិច្ច​ក្រោម​ឆ័ត្រ​អង្គការសហប្រជាជាតិ និង​វិស្វកម្ម​ជាដើម​។ អាវុធ​យុទ្ធភ័ណ្ឌ សំខាន់ៗ ដែល​ប្រើប្រាស់​នៅក្នុង​លំ​ហាត់​នាគ​មាស​ឆ្នាំនេះ រួមមាន​ដូចជា​៖ រថពាសដែក​, រថក្រោះ​, កាំភ្លើង​ធំ​, កាំភ្លើង​ត្បាល់​, ឧទ្ធម្ភាចក្រ និង អាវុធ​គាំទ្រ​ពីលើ​អាកាស​ជាដើម​។​

​សូមបញ្ជាក់​ថា លំ​ហាត់​សមយុទ្ធ​នាគ​មាស ធ្វើឡើង ក៏​ដើម្បី​ឆ្លុះបញ្ចាំង​អំពី​គោលជំហរ​របស់​រាជរដ្ឋាភិបាល ជាពិសេស​កងយោធពល​ខេមរភូមិន្ទ ក្នុង​ការអនុវត្ត​នយោបាយ​ការពារជាតិ រវាង​ប្រទេស​កម្ពុជា​-​ចិន លើ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ក្នុង​ការជួយ​គ្នា​លើ​គ្រប់​វិស័យ និង​គ្រប់​ជ្រុងជ្រោយ​។ នេះ​បើ​តាម​ការ​បញ្ជាក់បន្ថែម​ពី​លោក​ឈុំ សុជាតិ​៕


ព័ត៌មានផ្សេងទៀត