ឯកអគ្គរដ្ឋទូត​EU សោកស្តាយ​ដែល​EU​យកពន្ធ​នាំចេញ​អង្ករ​របស់​កម្ពុជា​

12-03-2019 11:24 am 473
  ស្តាប់
ស្តាប់ជាសំឡេង

​លោក​George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ដែល​ជិត​ចប់​អាណត្តិ​នៅ​កម្ពុជា បាន​លើកឡើង​ថា លោក​ពិតជា​មាន​ការសោកស្តាយ ចំពោះ​ការសម្រេចចិត្ត​របស់​ស​ហគ​មន៍​អឺរ៉ុប ក្នុង​ការដក​ការ អនុគ្រោះ​ពន្ធ​លើ​អង្ករ​កម្ពុជា​ដើម្បី​ជួយ​ដល់​កសិករ​នៅ​អឺរ៉ុប​បង្កើន​លទ្ធភាព​ក្នុង​ការប្រកួតប្រជែង​នៅក្នុង​ទីផ្សារ​អឺរ៉ុប​។ លោក​បាន​លើកឡើង​ដូចនេះ នៅក្នុង​ជំនួប​ជាមួយ​លោក​វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៩​។​

​ការបង្ហាញ​នូវ​អារម្មណ៍​សោកស្តាយ​របស់​ឯកអគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​រូបនេះ គឺ​ធ្វើឡើង​បន្ទាប់​ពី សហភាព​អឺរ៉ុប បានសម្រេច​គិត​ពន្ធ​នាំចូល​អង្ករ​របស់​កម្ពុ​ជា ចូល​ទៅ​កាន់​សហភាព​អឺរ៉ុប ដែល​មាន​សមាជិក​ចំនួន ២៨​ប្រទេស រយៈពេល ៣​ឆ្នាំ ដោយ​ចាប់ផ្តើម​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៩​តទៅ ដោយ​ក្នុង​នោះ​ឆ្នាំ​ដំបូង​មានតម្លៃ​ពន្ធ​ជាង ២០០​ដុល្លារ​នៅក្នុង​មួយ​តោន ឆ្នាំ​ទី​២ ជិត ២០០​ដុល្លារ​ក្នុង​មួយ​តោន និង​ឆ្នាំ​ទី​៣ មាន​តម្លៃ​ប្រហែល ១៦០​ដុល្លារ ក្នុង​មួយ​តោន​។​

​នៅក្នុង​ឱកាស​នោះ​ដែរ លោក​វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក៏​បាន​ថ្លែងអំណរគុណ​ផងដែរ ចំពោះ​សហគមន៍​អឺរ៉ុប​ដែល​នៅតែ​បន្ត​ជួយ​គាំទ្រ​យ៉ាង​ល្អ​ប្រសើរ​ដល់​ដំណើរការ​អភិវឌ្ឍន៍​នៅ​កម្ពុជា​លើ​គ្រប់​វិស័យ ជាពិសេស​លើ​អនុវិស័យ​ជលផល អនុវិស័យ​ព្រៃឈើ ផលិតកម្ម​សត្វ និង​សុខភាព​សត្វ​ដែល​សហគមន៍​អឺរ៉ុប​បាន​ផ្តល់​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ពេញលេញ​ជា​មួយ​ក្រសួង​កសិកម្ម ក្នុង​ការអភិវឌ្ឍ​អនុវិស័យ​ទាំងនេះ​ប្រកបដោយ​ចីរភាព បរិយាប័​ន្ន និង​និរន្តរភាព​។ 

​ទន្ទឹមនឹងនេះ​ដែរ​លោក​រដ្ឋមន្ត្រី​ក៏​បាន​បង្ហាញ​នូវ​ក្តីសង្ឃឹម​ថា សហគមន៍​អឺរ៉ុប​នឹង​បន្ត​ជួយ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការអភិវឌ្ឍ​ប្រទេស​ឱ្យ​កាន់តែ​រីកចម្រើន​ថែម​មួយកម្រិត​ទៀត ដើម្បី​ឈាន​ឆ្ពោះ​ទៅ​សម្រេច​ចក្ខុវិស័យ​ក្នុងការ​ប្រែក្លាយ​ប្រទេស​កម្ពុជា ទៅ​ជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០​ខាងមុខ​។​

​សូមបញ្ជាក់​ថា ថ្មីៗ​នេះ​សហគមន៍​អឺរ៉ុប​ក៏​បាន​ឯកភាព ក្នុង​ការផ្តល់​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង ដែល​មាន​ទឹកប្រាក់​សរុប ៨៧​លាន​អឺរ៉ូ​ដល់​ភាគី​កម្ពុជា សម្រាប់​អភិវឌ្ឍ​អនុវិស័យ​ជលផល ដែល​គម្រោង​នេះ​មានឈ្មោះ​ថា CAPFISH - CAPTURE​ដែល​គ្រោង​នឹង​ចុះហត្ថលេខា​ជា​ផ្លូវការ​នា​ពេល​ឆាប់ៗ​ខាងមុខនេះ​៕

 

 

 

 

ព័ត៌មានផ្សេងទៀត