ចិន​ស្នើ​ខ្ចី​បដិមា​ពី​ប្រាសាទ​ចំនួន​២​របស់​ខ្មែរ​ទៅ​តាំងពិព័រណ៍​

11-03-2019 6:54 pm 1100

​លោក CHOU Ming អនុប្រធាន​នៃ​ពិព័រណ៍​សិល្បៈ​ចិន ក្រោម​ការគ្រប់គ្រង​នៃ​រដ្ឋបាល​បេតិកភណ្ឌ​វប្បធម៌​ជាតិ​ចិន នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​មីនា បាន​ចូលជួប​សំណេះសំណាល​ជាមួយ​លោក ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា ស្តីអំពី ការស្នើ​ខ្ចី​រូប​បដិមា​ខ្មែរ ដើម្បី​យក​ទៅ​ចូលរួម​តាំងពិព័រណ៍​អរិយធម៌​អាស៊ី​នៅ​ប្រទេស នៅ​ប្រទេស​ចិន ។​

​ពិព័រណ៍​នេះ នឹង​ធ្វើឡើង​នៅ​ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​ប្រទេស​ចិន ហើយ​ភាគី​ចិន បង្ហាញ​ពី​គោលបំណង​ក្នុង​ការរៀបចំ​ពិព័រណ៍​ដែល​មាន​លក្ខណៈ​ពិសេស នោះ​គឺ​កិច្ចសហប្រតិបត្តិការ​បេតិកភណ្ឌ​វប្បធម៌​នៅក្នុង​រមណីយដ្ឋាន​អង្គរ ដែល​ចាំបាច់ ត្រូវការ​បដិមា​មាន​ប្រភព​មក​ពី​ប្រាសាទតាកែវ និង​ប្រាសាទចៅសាយទេវតា​របស់​កម្ពុជា ។​

​ភាគី​អាជ្ញាធរ​ជាតិ​អប្សរា មិន​ទាន់​ឆ្លើយតប​បែប​ណា​ឡើយ ដោយហេតុ​ថា រាល់​រូប​បដិមា​ដែល​បាន​ស្នើឡើង ចាំបាច់​វាយតម្លៃ​ធានារ៉ាប់រង ស្រប​តាម​ការគ្រប់គ្រង​បុរាណ​វត្ថុ ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព ម្យ៉ាង អាជ្ញាធរ​ជាតិ​អប្សរា ត្រូវការ​ពេលវេលា ដើម្បី​ផ្តល់ព័ត៌មាន​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​អាច​អនុញ្ញាត​ឱ្យ​យក​បដិមា​ចេញ​ពី​ទីតាំង​ជាក់ស្តែង ។​

​យ៉ាងណាក៏ដោយ អាជ្ញាធរ​ជាតិ​អប្សរា បាន​សន្យាថា ជួយ​សម្រួល និង​សហការ​ល្អ​ចំពោះ​កិច្ចការ​នេះ ឱ្យ​រលូន​ល្អ ព្រោះ ជា​ឱកាស​ដែល​កម្ពុជា អាច​បង្ហាញ​អរិយធម៌​ខ្មែរ​ទៅ​កាន់​បណ្តា​ប្រទេស​នៅ​អាស៊ី និង​ជុំវិញ​ពិភពលោក បាន​ស្គាល់​ខ្មែរ​កាន់តែ​ច្បាស់​ថែម​ទៀត ។ នេះ​បើ​តាម​ការចុះផ្សាយ​របស់​អាជ្ញាធរ​ជាតិ​អប្សរា នៅ​រសៀល​ថ្ងៃ​ដដែល ៕

ព័ត៌មានផ្សេងទៀត