កម្ពុជា​​ចាត់ទុក​​កិច្ចប្រជុំ​​អាស៊ី​-​អឺរ៉ុប​ ជា​វេទិកា​​ដ៏​សំខាន់​​នៃ​កិច្ចសហប្រតិបត្តិកា​រ​​តំបន់​ និង​តំបន់​​

11-03-2019 3:37 pm 711
  ស្តាប់
ស្តាប់ជាសំឡេង

​ក្រសួងការបរទេស និង​ក្រសួង​អប់រំ បាន​រួមគ្នា​អបអរសាទរ​ទិវា ASEM DAY ក្រោម​ប្រធានបទ «​កម្ពុជា​ឆ្ពោះទៅ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ ឆ្នាំ​២០២០ និង​គោលនយោបាយ​ការបរទេស​កម្ពុជា ក្នុង​បរិបទ​សកល​បច្ចុប្បន្ន​»​។ 

​ថ្លែង​ក្នុង​ពិធី​អបអរសាទរ ទិវា​នេះ ថ្ងៃទី​១១ មីនា លោក​ប្រាក់ សុខុន រដ្ឋមន្ដ្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្ដរជាតិ បាន​លើកឡើងថា ការរៀបចំ​ព្រឹត្តិការណ៍​ពាក់ព័ន្ធ​នឹង​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប គឺ​ដើម្បី​លើកកម្ពស់​ការយល់ដឹង​ដល់​សាធារណៈជន នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​ក្នុងចំណោម​មន្ត្រីរាជការ និង​និស្សិត ពី​សាកលវិទ្យាល័យ​នានា​។​

​លោក​ប្រាក់ សុខុន ចាត់ទុក​ទិវា ASEM DAY  ជា​វេទិកា​ក្រៅផ្លូវការ​តែមួយគត់ សម្រាប់​កិច្ចសន្ទនា និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​ទ្វីបអាស៊ី និង​អឺរ៉ុប ដែល​ផ្តោតលើ​ការពង្រឹង​ភាពជា​ដៃគូ​ជំរុញឲ្យមាន​សន្តិភាព និង​សន្តិសុខ និង​លើកកម្ពស់​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម ប្រកបដោយ ចីរភាព​។ កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប​នេះ មាន​វិសាលភាព​គ្របដណ្តប់​លើ​ទិដ្ឋភាព​នយោបាយ និង​សន្តិសុខ កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ទិដ្ឋភាព​វប្បធម៌​-​សង្គម ហើយ​យន្តការ​នេះ​ក៏​ជា​វេទិកា​ដ៏​ល្អប្រសើរ​សម្រាប់​ថ្នាក់ដឹកនាំ ដោះស្រាយ​បញ្ហា​ប្រឈម​សកល​នានា​ផងដែរ​។​

​បើតាម​លោក​ប្រាក់ សុខុន ចាប់តាំងពី​កិច្ចប្រជុំ​កំពូល​លើកដំបូង​នៅ​ខែមីនា ឆ្នាំ​១៩៩៦ នៅ​ទីក្រុង​បាងកក ដែលមាន​រដ្ឋ​ស្ថាបនិក​ត្រឹមតែ​២៦ បាន​ពង្រីក​សមាជិកភាព​របស់ខ្លួន​ដល់​ទៅ​៥៣​ប្រទេស និង​ដៃគូ​។ វេទិកា ASEM នេះ តំណាងឲ្យ​ប្រមាណ​៦៥% នៃ​សេដ្ឋកិច្ចពិភពលោក​, ៦០%​នៃ​ប្រជាជន​, ៥៥% នៃ​ពាណិជ្ជកម្ម និង​៧៥% នៃ​ទេសចរណ៍​ពិភពលោក​។ ប្រទេស កម្ពុជា បាន​ចូលរួម​ក្នុង​យន្តការ​នេះ ចាប់តាំងពី​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​៥ នា​ឆ្នាំ​២០០៤ នៅ​ប្រទេស​វៀតណាម​។​

​លោក​ថា កម្ពុជា​ចាត់ទុក​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប ជា​វេទិកា​ដ៏​សំខាន់​មួយ​សម្រាប់​កិច្ចសហប្រតិបត្តិកា​ររ​វាង​តំបន់ និង​តំបន់ ដែល​ផ្តល់​ផលប្រយោជន៍​ជាច្រើន​ដល់​កម្ពុជា លើកកម្ពស់​មុខមាត់រ​បស់​ខ្លួន​នៅលើ​ឆាក​អន្តរជាតិ ផ្ដល់ឱកាស​ដល់​កម្ពុជា ក្នុង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​កម្ពុជា ជាមួយ​សមាជិក​ដទៃទៀត តាមរយៈ​កិច្ចប្រជុំ​កម្រិត​ខ្ពស់​នានា​នៃ​ដំណើរការ​របស់​ASEM និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ ជាក់លាក់​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា រួមមាន​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និង​វប្បធម៌​ជាដើម​។ លើកស្ទួយ​ការអភិវឌ្ឍ​ធនធានមនុស្ស​របស់​កម្ពុជា​ទាំង​ក្នុង​វិស័យ​សាធារណៈ និង​ឯកជន និង​ជា​ទិដ្ឋភាព​ដ៏​រស់​រវើក​បំផុត​សម្រាប់​កម្ពុជា ដើម្បី​ការលើកកម្ពស់​ការផ្លាស់​ប្តូរ​រវាង​ប្រជាជន និង​ប្រជាជន នៅក្នុង​បរិបទ​ដែល​តំបន់​អាស៊ី​អឺរ៉ុប កំពុងតែ​មាន​ការតភ្ជាប់​គ្នា​កាន់តែខ្លាំង​ឡើងៗ​។​

​លោក​ប្រាក់ សុខុន​អះអាងថា ក្នុងនាម​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល នៅ​ឆ្នាំ​២០២០ កម្ពុជា​គ្រោង​នឹង​រៀបចំ​ព្រឹត្តិការណ៍​អម​ចំនួន​៧ ទី​១ កិច្ចប្រជុំ​ភាពជា​ដៃគូ​សភា​អាស៊ី​-​អឺរ៉ុប​។ ទី​២​បុណ្យ​វប្បធម៌​អាស៊ី​-​អឺរ៉ុប​។ ទី​៣ វេទិកា​សេដ្ឋកិច្ច និង​ធុរកិច្ច​អាស៊ី​-​អឺរ៉ុប​។ ទី​៤ កិច្ចប្រជុំ​កំពូល​ថ្នាក់ដឹកនាំ​វ័យក្មេង​នៃ​មូលនិធិ​អាស៊ី​-​អឺរ៉ុប​។ ទី​៥ កិច្ចពិភាក្សា​តុមូល​ក្រុម​និពន្ធ​សារព័ត៌មាន នៃ​មូលនិធិ​អាស៊ី​-​អឺរ៉ុប​។ ទី​៦ វេទិកា​ការងារ​អាស៊ី​-​អឺរ៉ុប និង​ទី​៧ វេទិកា​ប្រជាជន​អាស៊ី​-​អឺរ៉ុប​៕

ព័ត៌មានផ្សេងទៀត