រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​ដាក់ចេញ​៥​ចំណុច​ក្នុង​ការបង្ការ​គ្រោះ​អគ្គីភ័យ និង​រក្សា​ទឹក​ទុក​

10-03-2019 10:53 am 765
  ស្តាប់
ស្តាប់ជាសំឡេង

​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ បាន​ចេញ​សេចក្តីណែនាំ​មួយ កាលពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ស្តីពី​ការបង្ការ​ទប់ស្កាត់ អន្តរាគមន៍ និង​វិធានការ​រក្សា​ទឹក​ទុក​។​ការចេញ​សេចក្តីណែនាំ​នេះ គឺធ្វើឡើង បន្ទាប់​ពី​ការជូន​ដំណឹង​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ដែល​បានន​បញ្ជាក់ថា កម្ពុជា នឹង​ទទួលរង​នូវ​ឥទ្ធិពល​បាតុភូត​អ៊ែល នី​ណូ ដែល អាច​បង្ក​ឲ្យមាន​គ្រោះរាំងស្ងួត និង​គ្រោះ​អគ្គីភ័យ​កើតឡើង​ជា​យថាហេតុ​។​ទាក់ទង​នឹង​បញ្ហា​នេះ រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ ក៏​បាន​ដាក់ចេញ​នូវ​វិធានការ​សំខាន់ៗ​ចំនួន ៥​ចំណុច​ផង​ដែរ​ដល់​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​។

វិធានការ​សំខាន់ៗ​ចំនួន ៥​ចំណុច​ដែល​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ បាន​ដាក់​ចេញ​នោះ​រួមមាន​៖

១.​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​មូលដ្ឋាន ទីប្រជុំជន​នានា និង​គ្រប់​ទី​វត្ត​អារាម​សាសនា ត្រូវមាន​ការប្រុងប្រយ័ត្ន​ចំពោះ​ភ្លើង ធូប ទៀន ចង្ក្រាន និង​បណ្តាញ​អគ្គិសនី មុន​នឹង​ចេញ​ដំណើរ​ទៅ​ទីជិត ទី​ឆ្ងាយ ជាពិសេស គួរ​ចៀសវាង​ការដុត​សំរាម ចំបើង និង​ជើង​ជ្រាំ​ង​...

២.​បងប្អូន​ប្រជាកសិករ​គួរ​បង្កបង្កើនផល​ស្រូវ​រដូវប្រាំង​តែ​មួយ​ដង​ប៉ុណ្ណោះ​នៅក្នុង​ឆ្នាំ​២០១៩​នេះ បើទោះបីជា​មាន​ទឹក​នៅ​តាម​បណ្តា​អាង ដែល​បាន​រក្សា​ទឹក​ទុក និង​កន្លែង​មួយ​ចំនួន​ទៀត​ដែល​មាន​ទឹក​ជាធម្មតា​ក៏ដោយ គួរ​គប្បី​រក្សា​ទឹក​ទាំងអស់​នោះ​ទុក​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​

៣.​ម្ចាស់ រោងចក្រ សហគ្រាស គ្រឹះស្ថាន និង​ស្ថាប័នឯកជន​ទាំងអស់​ក្នុង​ខេត្ត ត្រូវមាន​វិធានការ​រួចជាស្រេច ក្នុងការ​បង្ការ​គ្រោះ​អគ្គីភ័យ ដោយ​ត្រៀមលក្ខណៈ​បំពាក់​បំពង់​ពន្លត់អគ្គីភ័យ និង​ផ្សព្វផ្សាយ​ដល់​និយោជិត​របស់ខ្លួន​អោយបាន​យល់ដឹង​ពី​ហានិភ័យ​ទាំងនេះ​

៤.​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ មន្ត្រី​ពាក់ព័ន្ធ និង​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ត្រូវ​ផ្សព្វផ្សាយ ណែនាំ​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យបាន​ដឹង និង​យល់​ច្បាស់​ពី​ហានិភ័យ ដែល​អាច​កើតមានឡើង​ជា​យថាហេតុ និង​ត្រូវ​មាន​ការយកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការត្រៀម​លក្ខណៈ​គ្រប់បែបយ៉ាង ទាំង​ឧបករណ៍ សម្ភារៈ ដើម្បី​អន្តរាគមន៍​ជួយសង្គ្រោះ​បងប្អូន​ប្រជាពលរដ្ឋ ក្នុងករណី​ដែល​មាន​គ្រោះ​អគ្គីភ័យ និង​គ្រោះ​ធម្មជាតិ​នៅតាម​មូលដ្ឋាន និង​ត្រូវ​ចាត់វិធានការ ក្នុង​ការថែរក្សា​ទឹក​ទុកឲ្យ​បាន​ល្អ​សម្រាប់​ផ្គត់ផ្គង់​ប្រជាពលរដ្ឋ​ដែល​ត្រូវការ​ចាំបាច់​

៥.​ស្នងការដ្ឋាន​នគរបាល​ខេត្ត អធិការដ្ឋាន​នគរបាល​ក្រុង និង​ស្រុក ត្រូវ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស រថយន្ត​ពន្លត់​អគ្គីភ័យ និង​ណែនាំ​ដល់​មន្ត្រី​នគរបាល​បង្កា​រ​ពន្លត់អគ្គីភ័យ ត្រូវ​ត្រៀម​ខ្លួន​ប្រចាំការ ២៤​ម៉ោង ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធិភាព​ខ្ពស់ ក្នុង​ការជួយ​អន្តរាគមន៍ឲ្យ​បានទា​ន់ពេល​វេលា​៕

ព័ត៌មានផ្សេងទៀត