ឃើញ​ចិន​​កាន់តែខ្លាំង​ដៃ​​តៃវ៉ាន់​​ស្នើ​ទិញ​​យន្ដហោះ​​ចម្បាំង​​៦៦​គ្រឿង​បន្ថែម​​ពី​អាមេរិក​

08-03-2019 9:44 am 2276
  ស្តាប់
រូបភាព​យន្ដហោះ​ចម្បាំង​ប្រភេទF-16
ស្តាប់ជាសំឡេង

​តាម​ការបញ្ជាក់​ពី​អនុរដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​តៃវ៉ាន់​លោក​Shen Yi-ming បានឲ្យដឹងថា​តៃវ៉ាន់​បានដាក់​សំណើសុំ​ទិញ​យន្ដហោះ​ចម្បាំង​ថ្មី ដើម្បី​ការពារ​ខ្លួន​ប្រឆាំង​ការគំរាមកំហែង​របស់​ចិន​កំពុង​ង​កើនឡើង​ខ្លាំង​។ លោក​Shen​ថា​សំណើសុំ​ទិញ​នេះ​ព្រោះតែ​ចិន​បាន​បង្កើន​ភាពរឹងមាំ​ផ្នែក​យោធា ហើយ​តៃវ៉ាន់​ចាប់ផ្ដើម​បាត់បង់​តុល្យភាព​អំណាច​ក្នុង​សមត្ថភាព​ការពារ​ដែនអាកាស​។ យ៉ាងណាមិញ​ប្រសិនបើ​សំណើ​ត្រូវ​បានអនុម័ត នោះ​នឹង​បង្កើន​ភាព​តានតឹង​រវាង​ចិន​ជាមួយ​អាមេរិក​។​

​ទីក្រុង​ប៉េកាំង​មើលឃើញ​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ដែនដី​ចិន ហើយ​រង់ចាំ​ថ្ងៃ​បង្រួបបង្រួម​មកដល់ ទោះបី​ប្រទេស​ទាំងពីរ​មាន​ប្រព័ន្ធ​ដឹកនាំ​ខុសគ្នា​ក៏ដោយ​។ ចិន​បាន​បង្កើន​សម្ពាធ​ការទូត​និង​យោធា​លើ​តៃវ៉ាន់ តាំងពី​ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី​ត្សៃ អ៊ីង​វិន​ចូល​កាន់តំណែង​ក្នុង​ឆ្នាំ​២០១៦​។ ចិន​ថា​លោកស្រី​ចង់​ដឹកនាំ​តៃវ៉ាន់​ផ្ដាច់ខ្លួន ទោះបី​លោកស្រី​បដិសេធ​ក៏​ចិន​មិន​ទុកចិត្ដ​។ ចិន​បានបង្ហាញ​សាច់ដុំ​យោធា​ដាក់​តៃវ៉ាន់ តាមរយៈ​ការធ្វើ​សមយុទ្ធ​យោធា​ក្នុង​ដែនសមុទ្រ​ក្បែរ​កោះ​តៃវ៉ាន់​ជា​ច្រើនលើកច្រើនសារ​។​

​យន្ដហោះ​ទម្លាក់​គ្រាប់​និង​យន្ដហោះ​ឈ្លប​ការណ៍​ចិន បាន​ហោះ​ឆ្វែល​ជា​ញឹកញយ​ជុំវិញ​កោះ​តៃវ៉ាន់​។ ទង្វើ​ទាំងអស់​នេះហើយ​ដែល​តៃវ៉ាន់​ចាប់ផ្ដើម​ព្រួយបារម្ភ​កាន់តែខ្លាំង និង​រិះរក​វិធីសាស្ដ្រ​បង្កើន​សមត្ថភាព​ការពារ​ខ្លួន​។ សម្រាប់​ទីក្រុង​វ៉ាស៊ីនតោន​បាន​ផ្ដាច់ទំនាក់ទំនង​ការទូត​ពី​ទីក្រុង​តៃប៉ិ ងាក​ទៅ​ចាប់ដៃ​ទីក្រុង ប៉េកាំង​ក្នុង​ឆ្នាំ​១៩៧៩ ប៉ុន្ដែ​ក្រុង​វ៉ាស៊ីនតោន​នៅតែ​ជា​សម្ព័ន្ធមិត្ដ​មិន​ផ្លូវការដ៏​រឹងមាំ​របស់​តៃវ៉ាន់ និង​ជា​អ្នកផ្គត់ផ្គង់​សព្វាវុធ​ធំ​បំផុត​របស់​តៃវ៉ាន់​ផងដែរ​។​

​កាលពី​ឆ្នាំមុន​អាមេរិក​បានធ្វើឲ្យ​ចិន​ឃ្នើ​សចិត្ដ​យ៉ាងខ្លាំង ដោយសារ​ផែនការ​លក់​សម្ពារ​យោធា​ឲ្យ​តៃវ៉ាន់​មានតម្លៃ​៣៣០​លាន​ដុល្លារ​អាមេរិក ក្នុងនោះ​មាន​ប្រភេទ​គ្រឿងបន្លាស់​សម្រាប់​យន្ដហោះ​ចម្បាំង​ជាដើម​។ ចិន​មិន​សប្បាយ​ជាមួយ​ទំនាក់ទំនង​ល្អូកល្អិន​រវាង​អាមេរិក​និង​តៃវ៉ាន់​ឡើយ ព្រោះ​គោលបំណង​ចិន​ចង់ឲ្យ​អាមេរិ​កងាក​មក​រឹតចំណង​ជាមួយ​ខ្លួន​ព្រលែង​តៃវ៉ាន់​ចោល ដោយសារ​តៃវ៉ាន់​ជា​ដែនដី​មួយ​របស់​ចិន​ប៉ុណ្ណោះ​។​

​សូមបញ្ជាក់ថា បច្ចុប្បន្ន​តៃវ៉ាន់​មាន​យន្ដហោះ​ចម្បាំង​៣២៦​គ្រឿង ដែល​កំពុង​ដាក់​បម្រើការ​តាំងពី​ទសវត្ស​ឆ្នាំ​១៩៩០​។ ក្នុងនោះ​មាន​យន្ដហោះ​ចម្បាំង​ផលិត​ដោយ​អាមេរិក​ប្រភេទ​F-16  ប្រភេទ​Mirage 2000​របស់​បារាំង និង​យន្ដហោះ​ចម្បាំង​ផ្ទាល់ខ្លួន​ជាច្រើន​គ្រឿង​។ តាម​របាយការណ៍​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក តៃវ៉ាន់​កំពុង​ចង់​ទិញ​យន្ដហោះ​ចម្បាំង​ប្រភេទ​F-16​ជំនាន់​ទី​៥ ចំនួន​៦៦​គ្រឿង​ក្នុងតម្លៃ​១៣​ពាន់​លាន​ដុល្លារ​រួមបញ្ចូល​មី​ស៊ី​ល ការដឹកជញ្ជូន និង​ការបណ្ដុះបណ្ដាល​៕

ព័ត៌មានផ្សេងទៀត