កេន​យ៉ា ជ្រើសរើស​កម្ពុជា​ជា​គោលដៅ​ក្នុង​ការស្វែងយល់​ពី​វិស័យ​ការងារ​

07-03-2019 4:19 pm 498
  ស្តាប់
ស្តាប់ជាសំឡេង

​គណៈប្រតិភូ​នៃ​ក្រសួង​ការងារ កេន​យ៉ា​ដឹកនាំ​ដោយ​លោក​Jillo Abdul Bahari Ali អនុ​រដ្ឋមន្ត្រី ក្រសួង​ការងារ និង​ការ​គាំពារ​សង្គម​នៃ​សាធារណៈកេន​យ៉ា បាន​មក​សិក្សា​ស្វែងយល់ និង​ដកស្រង់​បទពិសោធន៍​នៅ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ លើ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ​របស់​កម្ពុជា​ជាមួយ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នា​ថ្ងៃ​ទី​០៥ ខែ​មីនា ឆ្នាំ​២០១៩ នៅ​ទីស្តីការក្រសួង​ការងារ​។​

​អនុ​រដ្ឋមន្ត្រីក្រសួង​ការងារ និង​ការ​គាំពារ​សង្គម នៃ​សាធារណៈកេន​យ៉ា បញ្ជាក់​ថា​ស្ថានភាព​កម្ពុជា និង​កេន​យ៉ា​មាន​លក្ខណៈ​ប្រហាក់ប្រហែលគ្នា បើ​ប្រៀបធៀប​លើ​បញ្ហា​ប្រឈម កំណើនសេដ្ឋកិច្ច និង GDP សម្រាប់​មនុស្ស​ម្នាក់​ក្នុង​មួយឆ្នាំ ដូច្នេះ​ទាមទារ​ឱ្យមាន​ការសិក្សា​ស្វែងយល់​ពី​គ្នា​។​តាមរយៈ​ដំណើរ​ទស្សនកិច្ច​សិក្សា​រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​០៥-០៩ ខែ​មីនា លោក​ជឿជាក់​ថា​កិច្ចសហប្រតិបត្តិកា​ររ​វាង​វិស័ យ​ការងារ​នៃ​ប្រទេស​ទាំង​ពីរ​នឹង​ត្រូវបាន​ពង្រឹង​បន្ថែម ដោយ​មាន​ការផ្លាស់ប្តូរ​បទពិសោធន៍ និង​ទស្សនៈ​ល្អៗ ស្របពេល​ដែល​ប្រទេសកេន​យ៉ា​ទើប​បង្កើត​នូវ​អាជ្ញាធរ​ជាតិ​ការងារ​កាលពី​ឆ្នាំ​២០១៦​កន្លង​ទៅ​ថ្មីៗ​នេះ​។​

​លោក​អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ មានប្រសាសន៍​លើកឡើង​ថា ការជ្រើសរើស​កម្ពុជា​ជា​គោលដៅ​ក្នុងការ​ទស្សនកិច្ច​ស្វែងយល់​ពី​វិស័យ​ការងារ ពិត​ជា​ជម្រើស​ដ៏​ល្អ ព្រោះ NEA មាន​យន្តការ​ដ៏​ជោគជ័យ និង​សម្រេច​បាន​សមិទ្ធផល​ជាច្រើន​។ ឆ្លៀត​ក្នុង​ឱកាស​នេះ លោក​រដ្ឋមន្ត្រី បាន​លើក​ពី​វឌ្ឍនភាព​ជាច្រើន​នៃ​ក្រសួង​ការងារ ដែល​ហ៊ាន​ផ្សាភ្ជាប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទៅ​នឹង​លក្ខខណ្ឌ​ការងារ ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​ស្នូល​ទាំង​៨​របស់​អង្គការ​ILO​ដើម្បី​ត្រួតពិនិត្យ​លក្ខខណ្ឌ​ការងារ ការបន្ត​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា និង​ការពង្រីក​របប​សន្តិសុខ​សង្គម​នៅ​ទូទាំង​ប្រទេស​។​

​គួរបញ្ជាក់​ថា សាធារណរដ្ឋ​កេន​យ៉ាជា​ប្រទេស​មួយ​ដែល​ស្ថិតនៅ​ទ្វីបអាហ្វ្រិក​ប៉ែក​ខាងកើត​ដែល​មាន កំណើន​សេដ្ឋកិច្ច​ជា​មធ្យម​ក្នុង​រង្វង់ ៧% ជាមួយ GDP សម្រាប់​មនុស្ស​ម្នាក់​១,៥០៧.៨១ ដុល្លារ​។ កាលពី​ឆ្នាំ​២០១៦ ប្រទេស​នេះ​ទើបបាន​បង្កើត​អាជ្ញាធរ​ជាតិ​ការងារ ហើយ​ពុំ​ទាន់​មាន​ដំណើរការ​ពេញលេញ​នៅឡើយ និង​កំពុង​សិក្សា​ស្វែងយល់​បន្ថែម​ពី​បណ្តាល​ប្រទេស​នានា​ដែល​ក្នុងនោះ​មាន​កម្ពុជា​យើង​ផង​ដែរ​៕

ព័ត៌មានផ្សេងទៀត