បញ្ហា​EBA ​នៅតែ​ជា​​បញ្ហា​រសើប​ សម្រាប់​​សេដ្ឋកិច្ច ​និង​មុខមាត់​​កម្ពុជា​

07-03-2019 3:42 pm 1390
  ស្តាប់
ស្តាប់ជាសំឡេង

​​ខណៈដែល​គណៈកម្មការ​អឺរ៉ុប កំពុង​សិក្សា​ប្រមូល​ព័ត៌មាន​បន្ថែម មុននឹង​ដំណើរកា​រដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​អ្វីៗ​គ្រប់យ៉ាង​លើកលែងតែ​អាវុធ  ហៅ​កាត់​ថា EBA» ពី​កម្ពុជា ស្ថាប័ន​មួយចំនួន ដែលមាន​ទំនោរ​គាំទ្រ​រដ្ឋាភិបាល ជា​បន្តបន្ទាប់ បាន​ចេញមក​អំពាវនាវ ឲ្យ​អឺរ៉ុប​ពិចារណា​ជាថ្មី លើ​ការសម្រេច​របស់ខ្លួន​ឡើងវិញ ជាមួយនឹង​ការ​ចោទ​អឺរ៉ុប​ថា កំពុង​អនុវត្ត​ស្តង់ដារ​ពីរ ឬ​ជា​ការសម្រេច​លម្អៀង​ទៅរក​ក្រុម​ប្រឆាំង​។ និយាយ​ដោយ​ខ្លី បញ្ហា​EBA​នេះ នៅតែ​ជា​ចំណុច​រសើប សម្រាប់​សេដ្ឋកិច្ច និង​មុខមាត់​កម្ពុជា បើទោះជា​រដ្ឋាភិបាល​បង្ហា​ញ​ជំហរ​មិន​ចុះ​ញ៉ម​នឹង​សម្ពាធ​នេះ​ក្តី​។ 

​សេចក្ដីថ្លែងការណ៍​ថ្មី​មួយ របស់​មជ្ឈមណ្ឌល​អភិ​វឌ្ឍន៍​កម្ពុជា បារម្ភ​ពី​ការចាប់ផ្ដើម​នីតិវិធី​ជា​ផ្លូវការ លើ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​អ្វីៗ​គ្រប់យ៉ាង​លើកលែងតែ​អាវុធ  ហៅ​កាត់​ថា EBA» ពី​កម្ពុជា ដោយ​គណៈកម្មការ​អឺរ៉ុប​។ មជ្ឈមណ្ឌល​នេះ បាន​អំពាវនាវ​ចំពោះ​គណៈកម្មការ​អឺរ៉ុប ឲ្យ​ពិនិត្យឡើងវិញ​ដោយ​ហ្មត់ចត់ លើ​សេចក្តីសម្រេច​នេះ ដោយ​ពិចារណា​លើ​ផល​អវិជ្ជមាន ទៅលើ​ជីវភាព​របស់​ប្រជាជន​កម្ពុជា​រាប់លាន​នាក់ និង​ការអភិវឌ្ឍ​ជារួម​របស់​កម្ពុជា ដែលជា​ការចូលរួមចំណែក​របស់​សហភាព​អឺរ៉ុប អស់​រយៈពេល​ជាង​២៥​ឆ្នាំ​កន្លងមកនេះ​។​

​បើតាម​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កម្ពុជា ដែល​អះអាងថា ជា​ស្ថាប័ន​ស្រាវជ្រាវ​មិន​មែនរដ្ឋាភិបាល ដើម្បី​ការអភិវឌ្ឍ ប្រកបដោយ​ចីរភាព និង​សន្តិភាព​នៅ​កម្ពុជា យល់ឃើញថា ក្នុង​ដំណើរកា​រដក​ប្រព័ន្ធ EBA ពី​កម្ពុជា របស់​គណៈកម្មការ​អឺរ៉ុប បាន និង​កំពុងតែ​មើលរំលង​នូវ​កិច្ចខិតខំ​ប្រឹងប្រែង របស់ខ្លួន ក្នុង​ការចូលរួមចំណែក កសាងកម្ពុជា ​ពី​កម្ពុជា ដែល​ស្ថិតក្នុង​សង្គ្រាម​អស់​ជាច្រើន​ទសវត្សរ៍ និង​រង​ការបំផ្លិចបំផ្លាញ​ស្ទើរតែ​ទាំងស្រុង ឲ្យ​ប្រែក្លាយ​ទៅជា​ប្រទេស ដែល​គេ​ទទួលស្គាល់ ទូទាំង​ពិភពលោក​ថា ជា​ប្រទេស​មាន​សេដ្ឋកិច្ច រីកចម្រើន​លឿនជាងគេ​បំផុត​លំដាប់​ទី​ប្រាំមួយ ជាមួយនឹង​កំណើនសេដ្ឋកិច្ច​៧% ជា​រៀងរាល់ឆ្នាំ ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ​។​

​ការនាំចេញ​របស់​កម្ពុ​ជា ទៅកាន់​សហភាព​អឺរ៉ុប មាន​ការកើនឡើង​ទ្វេដង ក្នុង​ចន្លោះ​ឆ្នាំ​២០១២ និង​២០១៦ គឺ​ពី​ជាង​៣​ពាន់​លាន​ដុល្លារ ទៅដល់​ជាង​៦​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក និង​ផ្តល់​ការងារ​ជាង​៤០០ ០០០ កន្លែង​ដល់​ប្រជា​ជនកម្ពុជា​។​

​ស្ថាប័ន​នេះ បាន​ហៅ​ការចោទប្រកាន់​របស់​គណៈកម្មការ​អឺរ៉ុបម​កលើ​រដ្ឋាភិបាល​កម្ពុជា ពី​ការរំលោភ​សិទ្ធិមនុស្ស គឺ​ពុំបាន​ឆ្លុះបញ្ចាំង​ពី​ស្ថានភាព​ជាក់ស្តែង​នៅ​កម្ពុជា​។​ស្ថាប័ន​ដដែល យល់ថា ការចោទប្រកាន់​អំពី​ការរំលោភ​សិទ្ធិមនុស្ស មិនមែនជា​ចំណុច​សំខាន់ នៃ​ការពិចារណា​លើ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA ពី​កម្ពុជា​នោះទេ​។ នេះ គឺជា​ការថ្លឹងថ្លែង​យ៉ាង​ធ្វេសប្រហែស​របស់​គណៈកម្មកា​រ​អឺរ៉ុប​។​ការព្យួ​រប្រ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​EBA ពី​កម្ពុជា​នេះ គឺជា​ការយក​ជីវភាព​ប្រជាជន​កម្ពុជា មកជា​ល្បែង​លេងសើច ដើម្បី​បម្រើ​ផលប្រយោជន៍​នយោបាយ  ជាជាង​គាំទ្រ​ដោយ​ស្មោះត្រង់ និង​ប្រកបដោយ​វិជ្ជាជីវៈ សម្រាប់​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។​

​ស្ថាប័ន​ដែលមាន​ទំនោរ​គាំទ្រ​រដ្ឋាភិបាល​មួយ​នេះ យល់ថា ដំណើរ​ការព្យួរ EBA មិន​ត្រឹមតែ​ប៉ះពាល់​ជា​អវិជ្ជមាន​លើ​ការ​អភិ​វ​ឌ្ឃ​កម្ពុជា និង​កម្មករ ប្រមាណ​៧០០ ០០០ នាក់​ប៉ុណ្ណោះ​ទេ តែ​វា​ប៉ះពាល់​ពលរដ្ឋ​ខ្មែរ​រាប់លាន​គ្រួសារ​។ ដូច្នេះ សង្ឃឹមថា គណៈកម្មការ​អឺរ៉ុប នឹង​ពិចារណា​ឡើងវិញ​ពី​ផលវិបាក និង​ស្នើឲ្យ​អឺរ៉ុប រួមទាំង​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់ ដែល​ចង់ឃើញ​សន្តិភាព ការអភិវឌ្ឍ ការលើកកម្ពស់​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា ត្រូវតែ​ពង្រឹង កិច្ចសហប្រតិបត្តិការ គ្រប់​ជ្រុងជ្រោយ និង​គ្រប់​វិស័យ​ឡើងវិញ ជាមួយ​កម្ពុជា​។​

​កន្លងមក រដ្ឋាភិបាល​កម្ពុជា បាន​រិះគន់​ចំណាត់ការ​របស់​អឺរ៉ុប អំពី​ដំណើរការ​សម្រេច​ត្រួតពិនិត្យ EBA ពី​កម្ពុជា ថា «​គឺជា​ការអនុវត្តន៍ នូវ​ស្តង់ដារ​ពីរ មកលើ​កម្ពុជា​»​។​

​ស្រដៀង​នេះដែរ លោក​ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនា​ការ និង​ព័ត៌មាន នៃ​រដ្ឋសភា បាន​ជួប​ពន្យល់ លោក Manfred Grund សមាជិកសភា​អាល្លឺម៉ង់ ក្នុង​ដំណើរ​ទស្សនកិច្ច​មួយ ដើម្បី​សិក្សា​ឈ្វេងយល់ និង​ថ្លឹងថ្លែង អំពី​បញ្ហា EBA នេះដែរ ថា សហគមន៍​អឺរ៉ុប​មិនគួរ​យក​បញ្ហា​EBA ដែលជា​បញ្ហា​ពាណិជ្ជកម្ម មក​ធ្វើជា​រឿង​នយោបាយ នៅ​កម្ពុជា​នោះទេ​។ 

​លោក​ឈាង វុន ថា អឺរ៉ុប កំពុង​ចង់​ធ្វើឲ្យ​កម្ពុជា​ដួល​។ តែ​លោក​ថា សហភាព​អឺរ៉ុប មិនអាច​ប្រើប្រាស់ EBA ដើម្បី​យក​កម្ពុជា​ធ្វើជា​ចំណាប់ខ្មាំង​បានទេ​។​

​យ៉ាងណា បញ្ហា​EBA​នេះ គឺ​កម្ពុជា នៅ​មានឱកាស​ទទួលបាន​ការអនុគ្រោះ​ជា​បន្តទៀត ប្រសិនបើ​ស្ថានភាព​នយោបាយ និង​សិទ្ធិមនុស្ស វិវត្តន៍​ទៅរក​ស្ថានភាព​ប្រសើរ​ជាង​ពេលនេះ​។ 

​បើតាម​ការទម្លាយ​ឲ្យដឹងពី​លោកច​ច អេ​ដ​ហ្កា (George Edgar) ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា នៅក្នុង​ជំនួប​ជាមួយ​លោក​ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​កម្ពុជា កាលពី​ថ្ងៃទី ០៦ មីនា ឲ្យដឹងថា នៅ​ចុង​ខែមីនា ឬ ដើមខែ​មេសា​ខាងមុខនេះ គណៈប្រតិភូ​អឺរ៉ុប នឹង​មក​ទស្សនកិច្ច​កម្ពុជា ដើម្បី​ប្រមូល​ព័ត៌មាន​មុន​សម្រេច​រឿង EBA ថា​ព្យួរ ឬ​មិន​ព្យួរ​។​

​នៅក្នុង​ជំនួប​ជាមួយ​លោក​ប៉ាន សូរ​ស័ក្ដិ កាលពី​ថ្ងៃទី ០៦ មីនា លោក​ច​ច អេ​ដ​ហ្កា (George Edgar) បាន​អះអាងថា ក្រុមការងារ​គណៈកម្មកា​រ​អឺរ៉ុប​មួយក្រុម នឹង​មក​បំពេញបេសកកម្ម​នៅ​កម្ពុជា​។ ប៉ុន្តែ​លោក​មិនទាន់​អាច​បញ្ជាក់ឲ្យ​បាន​ច្បាស់ អំពី​កាលបរិច្ឆេទ​នៅ​ថ្ងៃ​ណា​នៅឡើយ​ទេ​។ 

​សភាពការណ៍ មុននឹង​ឈានដល់ ការប្រកាស​ពី​ការចាប់ផ្តើម​នីតិវិធី​នៃ​ការសម្រេចចិត្ត​របស់ខ្លួន ក្នុងការ ដក ឬ ព្យួរ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា អឺរ៉ុប​ក៏បានផ្តល់​អនុសាសន៍ឲ្យ​កម្ពុជា ជាច្រើនលើក​មកហើយ ឲ្យ​ស្តារឡើងវិញ នូវ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស នៅ​កម្ពុជា​នេះ​។ ការដាក់បន្ទុក​លើ​រដ្ឋាភិបាល​កម្ពុជា ពី​សំណាក់​សហគមន៍​អឺរ៉ុប ធ្វើឡើង​បន្ទាប់ពី​មាន​ការរំលាយ​គណបក្ស​ប្រឆាំង និង​ការចាប់ខ្លួន​អតីត​ប្រធាន​គណបក្សប្រឆាំង លោក​កឹម សុខា ដាក់ពន្ធនាគារ​តាំងពី​ខែ​កញ្ញា ឆ្នាំ ២០១៧​។​

​ទើប​នៅ​ពាក់កណ្តាល​ខែមករា ឆ្នាំ ២០១៩ គណៈកម្មការ​អឺរ៉ុប បានប្រកាស​ពី​ការផ្តើម​នីតិវិធី​នៃ​ការសម្រេចចិត្ត​របស់ខ្លួន ក្នុងការ ដក ឬ ព្យួរ EBA ពី​កម្ពុជា ដោយ​ផ្អែកលើ​ផ្អែកលើ​លក្ខខណ្ឌ​ស្តារ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ 

​ប៉ុន្តែ បើ​ផ្អែក​តាម​នីតិវិធី​នេះ យ៉ាងហោចណាស់ កម្ពុជា​នៅមាន​រយៈពេល​ដល់​ទៅ​១៨​ខែ​ទៀត ដើម្បី​ស្តារឡើងវិញ​នូវ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ដោយ ៦​ខែ​ដំបូង គឺ​ស្ថិតនៅ​ក្នុងដំណាក់កាល​នៃ​ការប្រមូល​ព័ត៌មាន​។​

​សូមបញ្ជាក់ថា គណៈកម្មការ​អឺរ៉ុប កាលពី​ពី​ពាក់កណ្តាល​ខែមករា ឆ្នាំ​២០១៩ បានចាប់ផ្តើម​ដំណើរការ​ផ្លូវការ​មួយ​នៃ​នីតិវិធី​ឈានទៅ​ពិនិត្យ​លទ្ធភាព​ព្យួរ​ជា​បណ្តោះអាសន្ន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ក្រោម​កម្មវិធី «​អ្វីៗ​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​(EBA)» សម្រាប់​កម្ពុជា ជា​ការឆ្លើយតប​នឹង​អ្វីដែល​ថា​កម្ពុជា ធ្វើឲ្យ​ខូច​ប្រជាធិបតេយ្យ​និងមាន​ការរំលោភ​សិទ្ធិមនុស្ស​។ តែ​យ៉ាងនេះក្តី មន្ត្រី​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ថា កម្ពុជា​នៅតែ​អាច​គេចផុត ពី​ការផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ប្រសិនបើ​កម្ពុជា ព្រម​ស្ដារ​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ឡើងវិញ​៕

ព័ត៌មានផ្សេងទៀត