ក្រសួងកសិកម្ម​​ចេញ​សេចក្តីណែនាំ​ដល់​ក្រុមហ៊ុន​​ដែល​នាំចូល​ជ្រូក​និង​គោ​-​ក្របី​​

07-03-2019 3:33 pm 984
  ស្តាប់
ស្តាប់ជាសំឡេង

​ដើម្បី​លើកកម្ពស់​គុណភាព​សាច់​សត្វ និង​ការពារ​សុខុមាលភាព​សាធារណៈ ប្រកបដោយ​សុវត្ថិភាព ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នឹង​ចាត់ចែង​ពង្រឹង​ការអនុវត្ត​វិធានការ​អនាម័យ​ស្របតាម​ច្បាប់​ស្តីពី សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បទដ្ឋាន​គតិយុត្ត និង​គោលការណ៍​ស្តង់ដា​អនាម័យ​សត្វ ផលិតផល​សត្វ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ចុះ​ថ្ងៃទី​០៦ ខែ​មីនា ឆ្នាំ​២០១៩ ស្ដីពី​លក្ខខណ្ឌ​តម្រូវការ​នៃ​ការធ្វើ​អាជីវកម្ម​សត្វ​ជ្រូក និង​សត្វ​គោ​-​ក្របី នាំចូល និង​ឆ្លងកាត់​កម្ពុជា​។​

​នៅក្នុង​សេចក្ដីជូនដំណឹង​របស់​ក្រសួង​កសិកម្ម ក៏បាន​ណែនាំ​ទៅដល់​ក្រុមហ៊ុន ឬ​អាជីវករ​ដែល​ធ្វើ​អាជីវកម្ម​សត្វ​ជ្រូក និង​សត្វ​គោ​-​ក្របី នាំចូល និង​នាំ​ឆ្លងកាត់​កម្ពុជា​ត្រូវអនុវត្ត​តាម​នីតិវិធី និង​លក្ខខណ្ឌ​ចំនួន​៤​ចំណុច​ផងដែរ ដូចជា​៖

១. ជា​ក្រុមហ៊ុន​ស្របច្បាប់​ដែល​បាន​ចុះ​បញ្ជីពាណិជ្ជកម្ម និង​មាន​ប័ណ្ណ​ប៉ាតង់​សុពលភាព ។​

២. ត្រូវមាន​ទីតាំង​ប្រមូលផ្ដុំ និង​បំប៉ន​សត្វ ដែល​ទទួលស្គាល់​ដោយ​សមត្ថកិច្ច​ជំនាញ នៃ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​។​

៣. ត្រូវ​ចុះកិច្ចសន្យា​បច្ចេកទេស​ជាមួយ អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ និង​ត្រូវ​ធានា​អនុវត្ត​កិច្ចសន្យា​នេះ ឲ្យបាន​ត្រឹមត្រូវ​តាម​ស្តង់ដារ​បច្ចេកទេស និង​ការធ្វើ​ចត្តា​ឡី​ស័ក​។​

៤. ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​វិញ្ញាបនបត្រ បញ្ជាក់​សុខភាព​សត្វ នៃ​ប្រទេស​នាំចេញ​ជា​ភាសា​អង់គ្លេស ក្នុងពេល​ដឹកជញ្ជូន​។​

​សូមបញ្ជាក់ថា កន្លងទៅ​ថ្មីៗ​នេះ ក្រសួងកសិកម្ម​កម្ពុជា ក៏បាន​ដាក់ចេញ​វិធានការ​បន្ទាន់​មួយ ដើម្បី​ត្រួតពិនិត្យ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​។ វិធានការ​បន្ទាន់​នេះ​ធ្វើឡើង​បន្ទាប់ពី​ជំងឺ​នេះ​ត្រូវបាន​រកឃើញ​នៅក្នុង​ខេត្ត​២ នៅ​ភាគ​អាគ្នេយ៍​នៃ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​និង​ខេត្ត​ចំនួន​២៥​ទៀត​ក្នុងប្រទេស​ចិន​។​

​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក (African Swine Fever) ជា​ជំងឺឆ្លង​ដ៏​កាច​សាហាវ​ពិបាក​លុបបំបាត់​បំផុត និង​បង្ក​ឲ្យ​សត្វ​ឈឺ​និង​ងាប់​ក្នុង​អត្រា​ខ្ពស់ ហើយ​មេរោគ​បង្ក​ជំងឺ​ជា​វីរុស​មិនទាន់មាន​វ៉ាក់សាំង​ការពារ ដោយ​អាច​រស់នៅ​បានយូរ​ក្នុង​សាច់ និង​ផលិតផល​សាច់ជ្រូក ទោះបី​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ក៏ដោយ​។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រសួង​កសិកម្ម កាលពី​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៩៕

ព័ត៌មានផ្សេងទៀត