ADB​​ប្ដេជ្ញា​គាំទ្រ​ការអភិវឌ្ឍ​​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ល្អ​​

06-03-2019 3:09 pm 628
  ស្តាប់
ស្តាប់ជាសំឡេង


​ធនាគារ​អភិវឌ្ឍន៍អាស៊ី ហៅ​កាត់​ថា ADB បាន​សន្យា​បន្ត​ផ្តល់​ការគាំទ្រ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដើម្បី​អភិវឌ្ឍ​វិស័យ​កសិកម្ម ឱ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​ថែម​មួយកម្រិត​ទៀត​ ក្រោយពី​កម្ពុជា ស្នើឲ្យ​ពិនិត្យ​ពិចារណា​រៀបចំ​គម្រោង​អភិវឌ្ឍ​អនុវិស័យ​ជលផល ផ្នែក​វារីវប្បកម្ម​និង​ការកែច្នៃ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ ឈានទៅដល់​បង្កើន​ការនាំចេញ និង​ជាពិសេស​កាត់បន្ថយ​ការពឹង​អាស្រ័យ​លើ​ធនធានធម្មជាតិ​។ 

​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ បាន​ស្នើឲ្យ ADB ពិនិត្យ​លទ្ធភាព​ក្នុង​ការផ្តល់​ការគាំទ្រ​លើ​ការបំពេញ​ចង្វាក់​តម្លៃ​ផលិតកម្ម​ដោយ​ចាប់ផ្តើម​ពី A ដល់ Z ធ្វើ​យ៉ាងនេះ​ដើម្បី​បង្កើន​តម្លៃបន្ថែម​ដល់​កសិផល ពង្រីក​ និង​ពង្រឹង​ការកែច្នៃ វេច​ខ្ចប់ ឃ្លាំង​ស្តុក ឡ​សម្ងួត ការរក្សា​ទុកដាក់​ក្នុង​បន្ទប់​ត្រជាក់ និង​ការដឹកជញ្ជូន​ប្រកបដោយ​ជំនាញ បច្ចេកទេស និង​ការធានា​ដល់​គុណភាព សុ​វត្តិភាព​ទាំង​អនាម័យ​ និង​ភូតគាម​អនាម័យ និង​ជាពិសេស​កាត់បន្ថយ​ការនាំចេញ​វត្ថុធាតុដើម​។ ការស្នើ​នេះ​ធ្វើឡើង​ក្នុង​ចំនួប​ជាមួយ​លោក Jaing Feng Zhang នាយក​ប្រតិបត្តិ​គម្រោង​ផ្នែក​កសិកម្ម និង​ធនធានធម្មជាតិ​នៃ​ធនាគារ​អភិវឌ្ឍ​អាស៊ី​ប្រចាំ​នៅ​កម្ពុជា​។​

​ជាមួយគ្នា​នោះ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រូបនេះ ក៏​បាន​ស្នើឲ្យ ADB ពិនិត្យ​ពិចារណា​រៀបចំ​គម្រោង​អភិវឌ្ឍ​អនុវិស័យ​ជលផល ផ្នែក​វារីវប្បកម្ម​ និង​ការកែច្នៃ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ ឈានទៅដល់​បង្កើន​ការនាំចេញ និង​ជាពិសេស​កាត់បន្ថយ​ការពឹង​អាស្រ័យ​លើ​ធនធានធម្មជាតិ​។​ ពាក់ព័ន្ធ​នឹង​អនុវិស័យ​ផលិតកម្ម​សត្វ លោក វេង សាខុន បាន​លើក​ពី​ចំណុច​សំខាន់​នៃ​ផលិតកម្ម​គោ ដោយ​ផ្តោតលើ​ការ​បង្កាត់​សប្ប​និម្មិត​ពូជ​គោ ​ដែល​កំពុងមាន​សក្តានុពល​លើ​ទីផ្សារ ហើយ​ដែលជា​ប្រភព​ចំណូល​សម្រាប់​កសិករ​នៅ​ជនបទ​យ៉ាងរឹងមាំ​ផងដែរ​។​

​ដោយឡែក​ចំពោះ​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​ ជាពិសេស​លើ​ការប្រើប្រាស់​ទឹក​បៃតង ​ផ្ទះ​កញ្ចក់ ការធ្វើ​ទំនើបកម្ម​កសិកម្ម ការធ្វើ​ផលិតកម្ម​តាម​កិច្ចសន្យា និង​ការគាំទ្រ​សហការ​ជាមួយ​វិស័យ​ឯកជន ​ក្នុង​ការផលិត​ពូជ​គ្រិះ​សុទ្ធ លោក វេង សាខុន ក៏បាន​ទាញ​អារម្មណ៍ឲ្យ ADB ក្រឡេកមើល​ពី​សារៈសំខាន់​របស់​វា ដែលជា​គន្លឹះ​ដ៏​សំខាន់​ជួយ​បំពេញបន្ថែម​សង្វាក់​ផលិតកម្ម តម្លៃ​បន្ថែម និង​ផលិតភាព​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ទាំង​ក្នុងស្រុក​ និង​នាំចេញ​។​

​ជា​ការឆ្លើយតប​លោក​Jaing Feng Zhang បាន​ឯកភាព​លើ​ការលើកឡើង​របស់លោក វេង សាខុន ហើយ​ពិតជា​ល្អ​ និង​សំខាន់​សម្រាប់​រូបលោក ​និង​សហការី​យក​ទៅពិនិត្យ ពិចារណា​ផ្តល់​ការគាំទ្រ និង​ជាពិសេស​បញ្ចូល​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ថ្មី​ដែល ADB កំពុង​ចងក្រង​សម្រាប់​កម្ពុជា​។ មន្ត្រី ADB ក៏​បានបញ្ជាក់​ផងដែ​រថា ADB នឹង​បន្ត​ផ្តល់​ការគាំទ្រ​មក​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ដើម្បី​អភិវឌ្ឍ​វិស័យ​នេះ​កាន់តែ​មាន​ភាព​រីកចម្រើន​ថែម​មួយកម្រិត​ទៀត​ផងដែរ​៕

ព័ត៌មានផ្សេងទៀត