លោក​ឈាង វុន​ ប្រាប់​អាល្លឺម៉ង់​​ថា​EU​​មិនគួរ​យក​​EBA​​ធ្វើជា​រឿង​​នយោបាយ​ទេ​​

06-03-2019 3:07 pm 1584
  ស្តាប់
លោកឈាង វុន និងលោក Manfred Grund សមាជិកសភា​អាល្លឺម៉ង់
ស្តាប់ជាសំឡេង

​លោក​ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនា​ការ និង​ព័ត៌មាន នៃ​រដ្ឋសភា បាន​ជួបពិភាក្សា​ការងារ ជាមួយ លោក Manfred Grund សមាជិកសភា​អាល្លឺម៉ង់ ក្នុង​ដំណើរ​ទស្សនកិច្ច​ដែល​លោក​ឈាង វុន អះអាងថា ដើម្បី​សិក្សា​ឈ្វេងយល់ និង​ថ្លឹងថ្លែង អំពី​បញ្ហា EBA ដើម្បី​ទទួលបាន​ព័ត៌មាន​ស្មើគ្នា​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​។ 

​លោក​ឈាង វុន ប្រាប់​លោក Manfred Grund ថា កម្ពុជា​បាន​អនុវត្ត​គោលនយោបាយ​ដឹកនាំ​ប្រទេស​តាមបែប​លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស និង​បានរៀបចំ​ការបោះឆ្នោត រៀងរាល់​ប្រាំ​ឆ្នាំ​ម្តង ដោយមាន​គណបក្ស​ជាច្រើន​ចូលរួម​ប្រកួតប្រជែង​ដោយ​សេរី និង​យុត្តិធម៌​។ លោក​លើកឡើងថា សហគមន៍​អឺរ៉ុប​មិនគួរ​យក​បញ្ហា​EBA ដែលជា​បញ្ហា​ពាណិជ្ជកម្ម មក​ធ្វើជា​រឿង​នយោបាយ នៅ​កម្ពុជា​នោះទេ​។ លោក​បាន​ប្រាប់​លោក Manfred Grund ជា​តំណាងរាស្ត្រ​អាល្លឺម៉ង់​ថា សភា​អាល្លឺម៉ង់​នឹងមាន​អារម្មណ៍​សោកស្តាយ ប្រសិនបើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ត្រូវបាន​ដកចេញ​សម្រាប់​កម្ពុជា មែន​នោះ​។​

​លោក​ឈាង វុន អះអាងថា កម្ពុជា​បាន​ឆ្លងកាត់​ភ្លើងសង្គ្រាម​អស់​រយៈពេល​៤​ទសវត្សរ៍​។ លោក​ថា ដោយសារ​សង្គ្រាម បានធ្វើឲ្យ​កម្ពុជា​ធ្លាក់ ចូលក្នុង​ភាពក្រីក្រ​។ ប៉ុន្តែ​ក្រោយពី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស​ឆ្នាំ​១៩៩១ កម្ពុជា​បាន​ប្រែ​មុខមាត់​ថ្មី មាន​ការអភិវឌ្ឍ​រីកចម្រើន គ្រប់​វិស័យ មកដល់ពេលនេះ​។​

​បើតាម​លោក​ឈាង វុន ប្រាប់ថា លោក Manfred Grund នឹង​ផ្តល់ព័ត៌មាន​ពិត​ដល់​ភាគី​ពាក់ព័ន្ធ អំពី​បញ្ហា EBA នេះ​។ លោក​ក៏​បញ្ជាក់ដែរថា សភា​អាល្លឺម៉ង់​បាន​ដើរតួ​យ៉ាងសំខាន់​នៅក្នុង​សភា​អឺរ៉ុប​។ លោក​ឈាង វុន ទទួលស្គាល់ថា សហភាព​អឺរ៉ុប​បាន​រួមចំណែក​នៅក្នុង​កា​រ​ធ្វើឲ្យ​កម្ពុជា​ដឹងអំ​ពីរបៀប​រត់​។ ប៉ុន្តែ​ឥឡូវនេះ ពួកគេ​បែរជា ចង់​ធ្វើឲ្យ​កម្ពុជា​ដួល​។ តែ​លោក​ថា សហភាព​អឺរ៉ុប​មិនអាច​ប្រើប្រាស់ EBA ដើម្បី​យក​កម្ពុជា​ធ្វើជា​ចំណាប់ខ្មាំង​បានទេ​។​

​សូមបញ្ជាក់ថា គណៈកម្មការ​អឺរ៉ុប កាលពី​ពី​ពាក់កណ្តាល​ខែមករា ឆ្នាំ​២០១៩ បានចាប់ផ្តើម​ដំណើរការ​ផ្លូវការ​មួយ​នៃ​នីតិវិធី​ឈានទៅ​ពិនិត្យ​លទ្ធភាព​ព្យួរ​ជា​បណ្តោះអាសន្ន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ក្រោម​កម្មវិធី «​អ្វីៗ​គ្រប់យ៉ាង​លើកលែងតែ​អាវុធ(EBA)» សម្រាប់​កម្ពុជា ជា​ការឆ្លើយតប​នឹង​អ្វីដែល​ថា​កម្ពុជា ​ធ្វើឲ្យ​ខូច​ប្រជាធិបតេយ្យ​និងមាន​ការរំលោភ​សិទ្ធិមនុស្ស​។ តែ​យ៉ាងនេះក្តី មន្ត្រី​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ថា កម្ពុជា​នៅតែអាច​គេចផុត ពី​ការផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ប្រសិនបើ​កម្ពុជា ព្រម​ស្ដារ​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ឡើងវិញ​៕


 ពាក្យគន្លឹះ  លោកឈាងវុនអាល្លឺម៉ង់

ព័ត៌មានផ្សេងទៀត