ប៉ាគីស្ថានបាននិយាយកាលពីថ្ងៃទី០៥មីនាថា ខ្លួនបានចាប់ផ្ដើមប្រតិបត្ដិការបង្ក្រាបក្រុមសកម្មប្រយុទ្ធ ដោយចាប់ឃុំខ្លួនសមាជិកអង្គការភេរវកម្មចំនួន៤៤រូប។ ក្នុងនោះមានអ្នកស្និទ្ធនឹងមេដឹកនាំក្រុមសកម្មប្រយុទ្ធ ដែលគេចោទថានៅពីក្រោយការវាយប្រហារលើក្បួនយោធាឥណ្ឌានៅតំបន់កាស្មៀកាលពីខែមុនផងដែរ។ ក្រសួងមហាផ្ទៃប៉ាគីស្ថានបាននិយាយថា នេះជាប្រតិបត្ដិការប្រយុទ្ធប្រឆាំងនឹងអង្គការដែលត្រូវបានរារាំងក្នុងប្រទេសប៉ាគីស្ថាន។ វាជាផែនការប៉ាគីស្ថានបានរៀបចំយូរមកហើយ មិនមែនជាការឆ្លើយតបនឹងការអំពាវនាវរបស់ប្រទេសឥណ្ឌាឡើយ។ ឥណ្ឌាធ្លាប់និយាយថាប៉ាគីស្ថានបរាជ័យ ក្នុងការបោសសម្អាតក្រុមសកម្មប្រយុទ្ធពីទឹកដីប៉ាគីស្ថាន។
ប៉ាគីស្ថានកំពុងប្រឈមនឹងសម្ពាធមហាអំណាចពិភពលោក ឲ្យចាត់វិធានការប្រឆាំងក្រុមសកម្មប្រយុទ្ធដែលបើកការវាយប្រហារក្នុងប្រទេសឥណ្ឌា ក្នុងនោះមានក្រុមJaish-e-Mohammed ដែលអះអាងទទួលខុសត្រូវការវាយប្រហារបំផ្ទុះគ្រាប់បែកអត្ដឃាតកាលពីថ្ងៃទី១៤កុម្ភៈ សម្លាប់ទាហានឥណ្ឌា៤០នាក់ផងដែរ។ ការវាយប្រហារនេះបានរុញច្រានឲ្យក្លាយជាជម្លោះធ្ងន់ធ្ងររវាងឥណ្ឌានិងប៉ាគីស្ថាន ក្រោយស្ងប់ស្ងាត់ជាច្រើនឆ្នាំ។ មានការបាញ់ប្រហារឆ្លងកាត់ព្រំដែន បាញ់ទម្លាក់យន្ដហោះចម្បាំងនិងយន្ដហោះគ្មាមនុស្សបើក នៅតំបន់ព្រំដែនជម្លោះកាស្មៀថែមទៀត។ ប៉ុន្ដែស្ថានការណ៍បានធូរស្រាលបន្ដិច ក្រោយប៉ាគីស្ថានដោះលែងអ្នកបើកយន្ដចម្បាំងឥណ្ឌាម្នាក់ ចាប់ខ្លួនបានបន្ទាប់ពីយន្ដហោះរបស់គេត្រូវប៉ាគីស្ថានបាញ់ទម្លាក់។
ក្រសួងមហាផ្ទៃប៉ាគីស្ថានបញ្ជាក់បន្ថែមថា អ្នកដែលជិតស្និទ្ធនឹងមេដឹកនាំក្រុមJaish-e-Mohammed ត្រូវបានឃុំខ្លួន មួយចំនួនបង្ហាញឈ្មោះដោយប្រទេសឥណ្ឌា បន្ទាប់ពីហេតុការណ៍បំផ្ទុះគ្រាប់បែកកាលពីខែមុន។ ពេលនេះកំពុងមានការស៊ើបអង្កេតលើពួកគេ ហើយបើរកឃើញភស្ដុតាងបន្ថែម អ្នកជាប់ឃុំទាំងអស់នឹងត្រូវបន្ដនីតិវិធីតាមផ្លូវច្បាប់។ ចំពោះមេដឹកនាំក្រុមសកម្មប្រយុទ្ធJaish-e-Mohammed មានឈ្មោះថាMasood Azhar អាមេរិក អង់គ្លេស និងបារាំង បានស្នើទៅក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិកាលពីខែមុន ឲ្យបញ្ចូលឈ្មោះក្នុងបញ្ជីខ្មៅ។ អាមេរិកនិងអង់គ្លេសក៏ជំរុញឲ្យប៉ាគីស្ថានដោះស្រាយបញ្ហាក្រុមសកម្មប្រយុទ្ធដែរ៕