​​កូរ៉េខាងជើង​​​កំពុង​រៀបចំ​​ទីតាំង​​ធ្វើតេស្ដ​មីស៊ីល​​ឡើងវិញ​

06-03-2019 9:45 am 1142
រូបភាព​មីស៊ីល​កូរ៉េខាងជើង​ដាក់តាំងបង្ហាញក្នុងព្រឹត្ដិការណ៍ជាតិ

​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​កូរ៉េខាងត្បូង​បាន​រកឃើញ​សញ្ញា​ថា កូរ៉េខាងជើង​កំពុង​រៀបចំ​ឡើងវិញ​នូវ​ទីតាំង​ធ្វើតេស្ដ​មី​ស៊ី​ល​មួយកន្លែង ដែល​ចាប់ផ្ដើម​រុះរើ​បន្ទាប់ពី​សន្យា​ក្នុង​កិច្ចប្រជុំ​លើកទីមួយ ជាមួយ​ប្រធានាធិបតី​អាមេរិក​នៅ​សិង្ហ​បុរី​កាលពី​ឆ្នាំមុន​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មា​ន​យ៉ុន​ហា​ប​។ អ្នកជំនាញ​បញ្ជាក់ថា​កំពុងមាន​សកម្មភាព​ការងារ នៅ​ទីតាំង​ធ្វើតេស្ដ​មី​ស៊ី​ល​Tongchang-ri ដោយមាន​ការផ្លាស់ប្ដូរ​ដំបូល​និង​ទ្វារ​នៅ​កន្លែង​នោះ​។​

​ទីភ្នាក់ងារ​សារព័ត៌មា​ន​យ៉ុន​ហា​ប​មិនបាន​បញ្ជាក់ថា ចាប់បាន​សញ្ញា​នៅពេលណា​ឡើយ ប៉ុន្ដែ​ព័ត៌មាន​នេះ​ចេញផ្សាយ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​កិច្ចប្រជុំ​លើក​ទី​ពីរ​រវាង​លោក​ត្រាំ​និង​លោក​គីម ជុង​អ៊ុន នៅក្នុង​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​កាលពី​ថ្ងៃទី​២៧-២៨​កុម្ភៈ​។ កិច្ចប្រជុំ​កាលនោះ​បិទ​បញ្ចប់​ដោយ​គ្មាន​កិច្ចព្រមព្រៀង​ណាមួយ​ឡើង ធ្វើឲ្យ​មានមតិ​លើកឡើង​ថា​ជា​កិច្ចប្រជុំ​បរាជ័យ​។ ប៉ុន្ដែ​កូរ៉េខាងត្បូង​បានប្រកាស​នឹង​ជួយ​ភាគី​ទាំងពីរ​ឲ្យទទួល​ជោគជ័យ​៕​

ព័ត៌មានផ្សេងទៀត