អាមេរិក​និង​រុស្ស៊ី​ចោទ​ដាក់គ្នា ថា​បាន​រំលោភ​សន្ធិសញ្ញាស្តីពីអាវុធ​នុយក្លេអ៊ែរ​

05-03-2019 3:51 pm 802
  ស្តាប់
រូបថ្លុកតតំណាងឲ្យលោកដូណាល់ ត្រាំនៅខាងឆ្វេងលោកវ្លា ឌីមៀ ពូនទីន
ស្តាប់ជាសំឡេង

​សេចក្តីថ្លែងការណ៍​របស់​វិមាន​ក្រឹ​ម​ឡាំង ឲ្យដឹងថា លោក​វ្លា​ឌី​មៀ ពូ​ទីន​ប្រធានាធិបតី​រុស្ស៊ី បាន​ចុះហត្ថលេខា លើក្រិ​ត្យមួយ ស្តីពី ការព្យួរ សន្ធិសញ្ញា ស្តីពី អាវុធ​នុយក្លេអ៊ែរ​រយៈ​ចម្ងាយ​មធ្យម​(INF) កាលពី​ថ្ងៃ​ចន្ទ​ទី​៤​មីនា​ឆ្នាំ​២០១៩​។ សេចក្តីថ្លែងការណ៍​នេះ អះអាងថា ការព្យួរ​សន្ធិសញ្ញា​នេះ ដោយសារតែ​អាមេរិក រំលោភបំពាន​លើ​សន្ធិសញ្ញា​INF​។ ការសម្រេច​ព្យួរ​សន្ធិសញ្ញា​ពី​រុស្ស៊ី ធ្វើឡើង​ក្រោយ លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក ប្រកាស​កាលពី​ខែកុម្ភៈ​ថា អាមេរិក​នឹង​ចាប់ផ្តើម​ដំណើរការ​ដកខ្លួន​ចេញពី​សន្ធ​សញ្ញា​INF នៅក្នុង​រយៈពេល​៦​ខែ​។ អាមេរិក​ចោទ​រុស្ស៊ី​ថា មិនបាន​គោរព​តាម​ខ្លឹមសារ​នៃ​សន្ធិសញ្ញា​។​

ទីក្រុង​មូ​ស្គូ​និង​វ៉ាស៊ីនតោន បាន​ចោទ​ដាក់គ្នា​ទៅវិញទៅមក ថា​បាន​រំលោភ​លើ​សន្ធិសញ្ញា​នេះ​។ លោកពូ​ទីន​និយាយថា រុស្ស៊ី​នឹង​អភិវឌ្ឍ​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម ឲ្យ​ដូចអា​មេរិក​ដែរ​។ កាលពី​ខែ​មុន លោកពូ​ទីន បាន​គំរាម​ដាក់ពង្រាយ​មី​ស៊ី​ល​ថ្មី ប្រឆាំងនឹង​លោកខាងលិច ហើយ​រុស្ស៊ី​បាន​ព្រមាន​អាមេរិក ដែល​ចង់​ដាក់ពង្រាយ​មី​ស៊ី​ល​ថ្មី​នៅ​អឺរ៉ុប ក្រោយពី​សន្ធិសញ្ញា INF​រលំរលាយ​ទៅ​។ បើតាម​រុស្ស៊ី​និយាយថា ការធ្វើ​បែបនេះ​របស់​អា​មេរិក ជា​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​។ តែ​អាមេរិក តាមរយៈ​ប្រមុខ​ការទូត បាន​ច្រានចោល​ការ​ចោទ​នេះ និង​ថា​ការនិយាយ​បែបនេះ ក្នុង​ចេតនា​ចង់​បំបែកបំបាក់​សម្ព័ន្ធភាព យ៉ាង​ជិតស្និទ្ធ រវាង​អាមេរិក​ជាមួយនឹង​ប្រទេស​សម្ព័ន្ធមិត្ត​។​

​សូមបញ្ជាក់ថា សន្ធិសញ្ញា​ស្តីពី អាវុធ​នុយក្លេអ៊ែរ រយៈ​ចម្ងាយ​មធ្យម ត្រូវបាន​ចុះ​ហេត្ថលេខា ដោយ​អតីត​ប្រធានាធិបតី​អាមេរិក លោក​Ronald Reagan និង​មេដឹកនាំ​សហភាពសូវៀត លោក​Mikhaïl Gorbatchev​នៅ​ឆ្នាំ​១៩៨៧​។ ការបង្កើតឲ្យមានស​ន្ធិ​សញ្ញា​នេះឡើង ដើម្បី​បិទ​បញ្ចប់​ភាព​តានតឹង​ផ្នែក​យោធា ក្នុងសម័យ​សង្គ្រាមត្រជាក់​។ សន្ធិសញ្ញា ស្តីពី អាវុធ​នុយក្លេអ៊ែរ រយៈ​ចម្ងាយ​មធ្យម ចងក្រង​ដោយ​បង្កប់​ខ្លឹមសារ ហាម​មិន​ឲ្យប្រើ​មី​ស៊ីល​គ្រប់​ប្រភេទ រួមមាន​មី​ស៊ី​ល​ដែល​អាច​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែ​រ ឬ​មី​ស៊ី​ល​សម្រាប់​សង្គ្រាម ដែល​អាច​បាញ់​បាន​ពី​ចម្ងាយ ៥០០​ទៅ ៥០០០​គីឡូម៉ែត្រ​៕

ព័ត៌មានផ្សេងទៀត