និយាយពីជម្លោះព្រំដែនឥណ្ឌាជាមួយប៉ាគីស្ថាន បានក្លាយជារឿងប្រវត្ដិសាស្ដ្រទៅហើយ ព្រោះមិនមែនទើបកើតឡើងថ្មីៗទេ គ្រាន់តែថាស្ងាប់ស្ងាត់មួយរយៈ។ ប៉ុន្ដែក្រោយមានការវាយប្រហារលើក្បួនយោធាឥណ្ឌាកាលពីខែមុន កំហឹងក៏ផ្ទុះឡើងជាថ្មីរហូតដល់ពេលនេះមិនទាន់ដោះស្រាយចប់ទេ។ ប៉ុន្ដែយ៉ាងណាមិញស្ថានការណ៍បានធូស្រាលបន្ដិច តែការគំរាមកំហែងដោយនុយក្លេអ៊ែរ នៅតែជាបញ្ហាប្រឈមធំបំផុតដដែល ព្រោះឥណ្ឌានិងប៉ាគីស្ថានមាននុយក្លេអ៊ែររៀងៗខ្លួន។
សំឡេង៖
ភាពតានតឹងនៅតំបន់ព្រំដែនឥណ្ឌានិងប៉ាគីស្ថានថ្មីៗនេះ បានរុញច្រានឲ្យប្រទេសនុយក្លេអ៊ែរនៅអាស៊ីខាងត្បូងទាំងពីរ ខិតកាន់តែជិតជម្លោះទ្រង់ទ្រាយធំមិនធ្លាប់មាន ក្នុងរយៈពេលពីរទសវត្សកន្លងមក។ ភាពតានតឹងរួមមានការវាយប្រហារលើក្បួនយោធាឥណ្ឌាពីក្រុមភេរវករនៅប៉ាគីស្ថាន ក្រោយមកឥណ្ឌាសងសឹកដោយបើកការវាយប្រហារតាមអាកាសលើមូលដ្ឋានពួកគេវិញ បន្ដមកទៀតប៉ាគីស្ថានបាញ់ទម្លាក់យន្ដហោះចម្បាំងឥណ្ឌា ហើយឥណ្ឌាបាញ់ទម្លាក់យន្ដហោះគ្មានមនុស្សបើកប៉ាគីស្ថានវិញ។
កងទ័ពប្រទេសទាំងពីរក៏ផ្ទុះអាវុធមួយប្រាវនៅតំបន់ព្រំដែនកាស្មៀ រហូតអន្ដរជាតិទទូចឲ្យមានការអត់ធ្មត់ខ្ពស់។ ប៉ុន្ដែស្ថានការណ៍បានធូរស្រាលបន្ដិច នៅពេលប៉ាគីស្ថានដោះលែងអ្នកបើកយន្ដហោះឥណ្ឌាកាលពីថ្ងៃសុក្រសប្ដាហ៍មុន ក្រោយចាប់ខ្លួនបន្ទាប់ពីប៉ាគីស្ថានបាញ់ទម្លាក់យន្ដហោះចម្បាំងឥណ្ឌាមួយគ្រឿង។ ចន្លោះពេលនេះប្រទេសទាំងពីរដឹងច្បាស់ពីហានិភ័យនៅពេលផ្ទុះភាពតានតឹង។
បន្ទាប់ពីការបែកបាក់ក្នុងឆ្នាំ១៩៤៧ ទំនាក់ទំនងរវាងឥណ្ឌានិងប៉ាគីស្ថានស្ថិតក្នុងភាពរំជើបរំជួលយ៉ាងខ្លាំង ដោយបានធ្វើសង្គ្រាមជាមួយគ្នាជាច្រើនសារ ហើយសង្គ្រាមចុងក្រោយកើតឡើងក្នុងឆ្នាំ១៩៩៩។ កាលនោះបណ្ដាលឲ្យមនុស្សរាប់ពាន់នាក់ស្លាប់និងរបួស ហើយបានប៉ះទង្គិចជាច្រើនទៀតនៅតំបន់ព្រំដែនកាស្មៀ។ ចាប់តាំងពីការប៉ះទង្គិចគ្នាចុងក្រោយ ប្រទេសទាំងពីរបានស្ងាប់ស្ងាត់ទៅវិញ ហើយបានពង្រីកនិងបង្កើនសមត្ថភាពយោធារៀងៗខ្លួន។
ជាមួយនឹងការបង្កើនសមត្ថភាពយោធាប៉ុន្មានទសវត្សមកនេះ ឥណ្ឌាបានបោះជំហានដើរមុខប៉ាគីស្ថានលើផ្នែកយោធា ដូចជាយន្ដហោះចម្បាំង រថក្រោះ ឧទ្ធម្ភាគចក្រ និងកងទ័ពជាដើមសុទ្ធតែលើប៉ាគីស្ថាន។ ឥណ្ឌាប្រើប្រាស់កញ្ចប់ថវិកាសម្រាប់អភិវឌ្ឍវិស័យការពារជាតិច្រើនជាងប៉ាគីស្ថាន គឺចំនួនប្រមាណ៦៤ពាន់លានដុល្លារអាមេរិក ខណៈដែលប៉ាគីស្ថានមានតែ១១ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។ នេះបើតាមវិទ្យាស្ថានស្រាវជ្រាវសន្ដិភាពអន្ដរជាតិស្ដុកខុម។ ប៉ុន្ដែទោះជាប៉ាគីស្ថាននៅក្រោមឥណ្ឌា មិនអាចសន្មត់បានទេថាប៉ាគីស្ថានត្រូវចាញ់ឥណ្ឌានោះ។
រឿងរ៉ាវឥណ្ឌាជាមួយចិន
ឥណ្ឌាមានកងទ័ពប្រមាណ៣លាននាក់ ប្រៀបធៀបជាមួយប៉ាគីស្ថានមានតិចជាង១លាននាក់។ នេះបើតាមវិទ្យាស្ថានអន្ដរជាតិសិក្សាពីយុទ្ធសាស្ដ្រ។ ប៉ុន្ដែទីក្រុងញូវដេលីមិនផ្ដោតសំខាន់លើបញ្ហានៅតំបន់ព្រំដែនភាគខាងលិចទាំងស្រុងទេ។ មួយផ្នែកឥណ្ឌាផ្ដោតលើតំបន់ព្រំដែនភាគឦសាន ជាតំបន់ព្រំដែនមានវិវាទជាមួយចិន។ ឥណ្ឌាបានយកចិត្ដទុកដាក់លើការបែងចែកទុកកងកម្លាំងខ្លះ នៅភាគខាងកើតដើម្បីបង្អាក់ចលនារបស់ចិន។ ក្នុងឆ្នាំ១៩៦២ ឥណ្ឌានិងចិនបានផ្ទុះការប្រយុទ្ធនៅតំបន់ព្រំដែនជាមួយគ្នា ហើយការប៉ះទង្គិចបានកើតឡើងជាបន្ដបន្ទាប់ក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយ ជាពិសេសនៅតំបន់ដុកឡាមក្នុងឆ្នាំ២០១៧។
ចិនព្យាយាមធ្វើឲ្យឥណ្ឌាចាប់អារម្មណ៍កាន់តែខ្លាំង ដោយរក្សាទំនាក់ទំនងយោធាជិតស្និទ្ធជាមួយប៉ាគីស្ថាន។ ចិនបានគិតគូររួមគ្នាជាមួយប៉ាគីស្ថានលើយុទ្ធសាស្ដ្រយោធាសំខាន់ៗ បន្ដអស់រយៈពេល៥ទសវត្សមកហើយ។ ចិនបានដើរតួនាទីសំខាន់មួយទៀតគឺជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំបំផុតរបស់ប៉ាគីស្ថាន បាននាំចេញអាវុធទៅប៉ាគីស្ថានប្រមាណ៤០ភាគរយ។ នេះបើតាមទិន្នន័យពីវិទ្យាស្ថានBrookingsក្នុងទីក្រុងវ៉ាស៊ីនតោន។
ទំនាក់ទំនងឥណ្ឌាជាមួយលោកខាងលិច
ខណៈដែលប្រទេសប៉ាគីស្ថានបានបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយចិន ប្រទេសឥណ្ឌាដែលមានកញ្ចប់ថវិកាការពារជាតិច្រើនជាងប៉ាគីស្ថានរហូតដល់៦ដង បានធ្វើទំនើបកម្មផ្នែកយោធាយ៉ាងឆាប់រហ័សជាមួយកម្មវិធីផ្ទាល់ខ្លួន។ ឥណ្ឌាកំពុងតែចំណាយលើការបង្កើនអំណាចកាន់តែខ្លាំង និងកំពុងវិនិយោគលើកម្មវិធីដែលប៉ាគីស្ថានមិនអាចធ្វើបាន។ ក្នុងចំណោមការធ្វើទំនើបកម្មថ្មីៗនេះ ឥណ្ឌាបានទិញយន្ដហោះទំនើបជាបច្ចេកវិទ្យារបស់អ៊ីស្រាអែល និងមានមីស៊ីលកាំភ្លើងធំដែលផលិតដោយអាមេរិក ដាក់ពង្រាយនៅតំបន់ព្រំដែនថែមទៀតផង។ សព្វាវុធទំនើបៗទាំងអស់នេះដាក់ពង្រាយនៅតំបន់កាស្មៀ ជំនួសសព្វាវុធចាស់ៗក្នុងអំឡុងទសវត្សឆ្នាំ១៩៨០ដែលទិញពីស៊ុយអែត។
ឥណ្ឌាក៏ចង់បានបច្ចេកវិទ្យាយោធាថ្មីៗបន្ថែមទៀត ប៉ុន្ដែជាញឹកញយត្រូវបានរារាំងដោយការគ្រប់គ្រងការនាំចេញដ៏តឹងតែងពីអ្នកផ្គត់ផ្គង់សំខាន់ៗដូចជាអាមេរិកនិងអង់គ្លេស។ អ្នកឯកទេសខ្លះនិយាយថា ឥណ្ឌាក៏រងការឈឺចាប់ផងដែរដោយសារមូលដ្ឋានឧស្សាហកម្មយោធាក្នុងស្រុកក្រីក្រ។ ស្របពេលជាមួយគ្នាប៉ាគីស្ថានវិញកំពុងផលិតយន្ដហោះចម្បាំងផ្ទាល់ខ្លួនប្រភេទJF-17s ដែលរចនាគំរូឡើងដោយប្រទេសចិន។ យោងតាមរបាយការណ៍ខ្លះនិយាយថា វាអាចជាយន្ដហោះទើបផលិតថ្មីនោះហើយដែលបានបាញ់ទម្លាក់យន្ដហោះចម្បាំងឥណ្ឌាកាលពីថ្ងៃពុធសប្ដាហ៍មុន។ យន្ដហោះឥណ្ឌាដែលប៉ាគីស្ថានបាញ់ទម្លាក់ប្រភេទMiG-21 ផលិតដោយសហភាពសូវៀតហើយបានប្រើប្រាស់តាំងពីទសវត្សឆ្នាំ១៩៦០។ ឥណ្ឌានៅតែអះអាងថាយន្ដហោះទាំងនេះមានសមត្ថភាពអាចប្រើប្រាស់បាន និងជាឆ្អឹងខ្នងដ៏សំខាន់សម្រាប់កងកម្លាំងជើងអាកាសរបស់ខ្លួន ដែលបច្ចុប្បន្នមានចុះក្នុងបញ្ជីប្រមាណ២០០គ្រឿង។ ប៉ុន្ដែអ្នកបើកយន្ដហោះថាវាជាយន្ដហោះស៊េរីចាស់ទៅហើយ។
ដូច្នេះករណីនេះបង្ហាញឲ្យឃើញពីបញ្ហាប្រឈមមួយរបស់ឥណ្ឌា ស្របពេលកំពុងចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់ថែរក្សាសព្វាវុធដែលមានស្រាប់ និងចំណាយលើប្រាក់ខែកងទ័ព។ តាមការបញ្ជាក់ពីគណៈកម្មការសភាឥណ្ឌាបានឲ្យដឹងថា ទំនើបភាវូបនីយកម្មមាន១៤ភាគរយនៃកញ្ចប់ថវិកាដែលបម្រុងទុង ដែលវានៅតែមិនគ្រប់គ្រាន់។
ភាពខុសគ្នានៃទំហំផ្ទៃដី
ប្រទេសឥណ្ឌាមានផ្ទៃដីធំជាងប៉ាគីស្ថានជិត៤ដង អាចដាក់មូលដ្ឋានទ័ពបានល្អប្រសើរជាងប៉ាគីស្ថាន ហើយរាល់ការវាយប្រហារដោយប៉ាគីស្ថាននឹងត្រូវរារាំងដោយប្រព័ន្ធការពារដែនអាកាស។ ដោយសារតែមានផ្ទៃដីតូចចង្អៀតមូលដ្ឋានយោធារបស់ប៉ាគីស្ថានពិតជាពិបាកការពារ។ ប៉ាគីស្ថានក៏ខ្វះយុទ្ធសាស្ដ្រស៊ីជម្រៅ ហើយមូលដ្ឋានយោធាភាគច្រើននៅជិតប្រទេសឥណ្ឌា ដែលផ្ដល់ភាពងាយស្រួលសម្រាប់ការកំណត់គោលដៅវាយប្រហារពីកងទ័ពឥណ្ឌា។ ក្នុងការវាយប្រហារឥណ្ឌាមានប្រភេទយន្ដហោះចម្បាំងផ្សេងៗគ្នា មានគ្រឿងសព្វាវុធសម្រាប់វាយប្រហារជើងគោក ដែលប៉ាគីស្ថានមិនអាចប្រៀបបាន។ ចំណែកការវាយប្រហារតាមផ្លូវសមុទ្រវិញ ក៏មានផលចំណេញច្រើនសម្រាប់ឥណ្ឌាដែរ។ នៅពេលឥណ្ឌាទំនងជាមានប្រៀបខ្លាំងក្នុងការវាយប្រហារតាមជើងអាកាស ការវាយប្រហារតាមជើងគោកវិញមិនជាស្រួលប៉ុន្មានឡើយ។ ប៉ាគីស្ថានមានបណ្ដាញប្រឡាយទឹកនៅតាមបណ្ដោយព្រំដែនអន្ដរជាតិ ដើម្បីបង្កលក្ខណៈពិបាកសម្រាប់ឥណ្ឌា។
ការគំរាមកំហែងដោយនុយក្លេអ៊ែរ
នៅពេលដែលនិយាយពីរឿងអាវុធនុយក្លេអ៊ែរ វាគឺជារឿងដែលបង្កការព្រួយបារម្ភខ្លាំងដល់អន្ដរជាតិ។ តួលេខពីវិទ្យាស្ថានស្រាវជ្រាវសន្ដិភាពស្ដុកខុមឆ្នាំមុនបានបង្ហាញថា ប៉ាគីស្ថានមានក្បាលគ្រាប់នុយក្លេអ៊ែរចន្លោះពី១៤០ទៅ១៥០គ្រាប់ រីឯឥណ្ឌាមានប្រមាណ១៣០ទៅ១៤០គ្រាប់។ ការព្រួយបារម្ភត្រង់ថាប៉ាគីស្ថានមានគោលការណ៍ផ្ដល់សិទ្ធិដល់អង្គភាពថ្នាក់ក្រោម អាចបញ្ជាឲ្យបាញ់ក្បាលគ្រាប់នុយក្លេអ៊ែរបានក្នុងករណីជួបស្ថានការណ៍អាក្រក់។ ដូច្នេះពួកគេអាចបាញ់មុនដោយទីក្រុងអ៊ីស្លាម៉ាបាដបញ្ជាឲ្យឈប់មិនទាន់ទេ។ ច្បាប់ធូររលុងបែបនេះពិតជាអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ដែលប៉ាគីស្ថានចង់ឲ្យឥណ្ឌាដឹងថា ការគំរាមកំហែងដោយនុយក្លែអ៊ែរមាននៅគ្រប់ទីកន្លែងក្នុងប្រទេសប៉ាគីស្ថាន។
បញ្ហានេះក៏ធ្វើឲ្យយើងនឹកឃើញឡើងវិញពីការផ្ទុះភាពតានតឹងក្នុងពេលថ្មីៗ នៅពេលក្រុមភេរវករមានមូលដ្ឋាននៅប៉ាគីស្ថាន បើកការវាយប្រហារលើក្បួនយោធាឥណ្ឌាសម្លាប់ទាហានឥណ្ឌា៤០នាក់កាលពីថ្ងៃទី១៤កុម្ភៈ។ ប៉ាគីស្ថានអាចប្រើប្រាស់ក្រុមភេរវករ ជាយុទ្ធសាស្ដ្រយោធាធ្លាប់ប្រើជាច្រើនឆ្នាំ ជាមធ្យោបាយបំពេញចន្លោះប្រហោងខាងយោធាជាមួយឥណ្ឌា។ រាល់ពេលដែលឥណ្ឌារៀបចំសងសឹក នុយក្លេអ៊ែររបស់ប៉ាគីស្ថានដាក់ប្រចាំការរួចជាស្រេច។ ប៉ាគីស្ថានប្រើឥទ្ធិពលនុយក្លេអ៊ែរ ដូចជារបាំងសម្រាប់ឲ្យក្រុមភេរវករបើកការវាយប្រហារលើប្រទេសឥណ្ឌាដោយគ្មានទោសពៃ៕