ប្រមុខ​ការទូត​​កម្ពុជា​ ថា​ស្ថានការណ៍​​ពិភពលោក​​នឹង​ប្រែប្រួល​ ពិបាក​ប៉ាន់ស្មាន​​

05-03-2019 3:38 pm 1169
  ស្តាប់
លោក​ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា
ស្តាប់ជាសំឡេង

​ថ្លែង​នៅក្នុង​សន្និបាត​ប្រចាំឆ្នាំ​របស់ខ្លួន ដើម្បី​ពិភាក្សា និង​សិក្សា​ពី​ផលប៉ះពាល់ ដែល​អាច​កើតឡើង​មកលើ​កម្ពុជា​នៅ​ថ្ងៃទី​៥ មីនា នេះ រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា លោក​ប្រាក់ សុខុន បានបង្ហាញ​ឱ្យដឹងថា នៅ​ឆ្នាំ​២០១៩​នេះ និង​បណ្តា​ឆ្នាំ​ត​ទៅមុខទៀត ស្ថានការណ៍​ពិភពលោក នឹង​បន្ត​ប្រែប្រួល​យ៉ាង​ជ្រាលជ្រៅ ស្មុគស្មាញ ឆាប់រហ័ស និង​ពិបាក​ប៉ាន់ស្មាន​បាន​។ 

​លោក​ប្រាក់ សុខុន មើលឃើញថា ការប្រែប្រួល​ស្ថានការណ៍​ពិភពលោក ដែលមាន​ភាព​ឆាប់រហ័ស និង ស្មុគស្មាញ​នេះ គឺ​បណ្តាលមកពី​ដំណើរ​ប្រែប្រួល​ទៅកាន់​ពហុ​ប៉ូល​នៅ​បន្ត​ទៅមុខ​ ដែល​បង្កើតជា​ការប្រកួត​ប្រជែង​ជា​យុទ្ធសាស្ត្រ ដើម្បី​អំណាច ឥទ្ធិពល និង ផលប្រយោជន៍​។ លោក​ថា ទំនាក់ទំនង​រវាង​មហាអំណាច​ទី​១ និង​ទី​២ ទោះ​ក្នុង​រូបភាព​ណាក៏ដោយ ក៏​ជះឥទ្ធិពល​លើ​ដំណើរ​របស់​ពិភពលោក​ទាំងមូល ទាំង​ខាង​នយោបាយ សន្តិសុខ សេដ្ឋកិច្ច និង​បច្ចេកវិទ្យា​។ 

​ឯ​បញ្ហា​ជម្លោះ​នៅ​មជ្ឈឹម​បូ​ព៌ា អឺរ៉ុប​ខាងកើត អាហ្វ្រិក អាមេរិក​ឡាទីន និង​នៅ​អាស៊ី ព្រមទាំង​បញ្ហា​អំពើ​ភេរវកម្ម វិបត្តិ​ជនភៀសខ្លួន ឧក្រិដ្ឋកម្ម​ឆ្លងដែន ការជួញដូរ​មនុស្ស គ្រឿងញៀន និង​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ជាដើម គឺ​នៅតែ​បន្ត​គំរាមកំហែង​ដល់​សន្តិសុខ​ពិភពលោក និង​ត្រូវការ​ការរួម​កម្លាំង​គ្នា ដើម្បី​ស្វែងរក​ដំណោះស្រាយ​។ បន្ថែម​លើ​នេះ តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក នឹង​នៅតែ​ជា​ចំណុចកណ្តាល​នៃ​ការប្រកួតប្រជែង​របស់​មហាអំណាច​ធំៗ ហើយ​ការ​ងើបឡើង​របស់​បណ្តា​ប្រទេស​នៅ​អាស៊ី​នាំមុខ​ដោយ ចិន ជប៉ុន ឥណ្ឌា កូរ៉េខាងត្បូង និង​អាស៊ាន កំពុង​ធ្វើឱ្យ​ជញ្ជីង​អំណាច​ផ្អៀង​ពី​ភាគ​ខាងលិច​មក​ភាគ​ខាងកើត​។ នេះ​បើតាម​ការលើកឡើង​រប​ស់​រដ្ឋមន្ត្រីការបរទេស​កម្ពុជា​។​

​ស្រដៀង​គ្នា​នេះដែរ លោក​អ៊ុច បូររិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួងការបរទេស បាន​បញ្ជាក់ថា ការអនុវត្ត​នយោបាយ​គាំពារ​និយម របស់​សហរដ្ឋអាមេរិក បាន​បង្កឲ្យមាន​ជម្លោះ​ពាណិជ្ជកម្ម​យ៉ាង​ខ្លាំងក្លា ជាមួយនឹង​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត ជាពិសេស​ជាមួយនឹង​ចិន​។ តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ដែលមាន​ការលូតលាស់​សេដ្ឋកិច្ច​ដ៏​ស្វាហាប់​នោះ បាន​ស្ថិតនៅ​ចំ​កណ្តាល នៃ​ការប្រកួតប្រជែង​របស់​មហាអំណាច​ធំៗ ដែល​ស្តែងឡើង​តាម​ការ​ប្រជែង​គ្នា រវាង​គំនិត​ផ្តួចផ្តើម «​ខ្សែក្រវាត់ និង​ផ្លូវ​» របស់​ចិន និង​យុទ្ធសាស្ត្រ «​ឥ​ណ្ឌូ ប៉ាស៊ីហ្វិក​» របស់​អាមេរិក ជប៉ុន ឥណ្ឌា និង​អូស្ត្រាលី​។​

​ចំណែក អាស៊ាន និង​តំបន់​ទន្លេ​មគង្គ ក៏​ទទួលរង​ឥទ្ធិពល និង​សម្ពាធ​ពី​ការប្រកួតប្រជែង​នេះដែរ ដែល​នាំឲ្យ​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់ ផ្តោត​សារៈសំខាន់ ក្នុង​ការរក្សា​ម​ជ្ឈភាព​របស់​សហគមន៍​ខ្លួន​។​

​ចំពោះ​ការដកខ្លួន​ចេញ​របស់​សហរដ្ឋអាមេរិក ពី​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស ស្តីពី​ការប្រែប្រួល​អាកាសធាតុ សន្ធិសញ្ញា​ស្តីពី​អាវុធ​នុយក្លេអ៊ែរ រយៈ​ចម្ងាយ​មធ្យម (INF) កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ កិច្ចព្រមព្រៀង​ស្តីពី​ភាពជា​ដៃគូ​អន្តរ​-​ប៉ាស៊ីហ្វិក (TPP) ជាពិសេស ការដកខ្លួន​ចេញ​របស់​សហរដ្ឋ​អាមេរិក ពី​អង្គការ​អន្តរជាតិ​សំខាន់ៗ ដូចជា ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់ អ​.​ស​.​ប (UNHRC) និង​អង្គការ​យូណេស្កូ (UNESCO) ព្រមទាំង​ការ​គំរាម​ដកខ្លួន ចេញពី​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) បាន​ធ្វើឲ្យប៉ះពាល់​យ៉ាងខ្លាំង ដល់​របៀបរបប​អន្តរជាតិ និង​ប្រព័ន្ធ​ពហុភាគី​និយម ក៏ដូចជា​កិច្ចប្រឹងប្រែង​របស់​សហ​គ​មន៍​អន្តរជាតិ ក្នុង​ការរក្សា​ការពារ សន្តិភាព និង​សន្តិសុខ និង​កិច្ច​អភិវឌ្ឍ ក្នុង​ពិភពលោក​។​

​ដោយឡែក ការជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង របស់​មហាអំណាច​ខ្លះ និង​សម្ព័ន្ឋមិត្ត ក្រោម​ស្លាក​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស បាន​រុញច្រាន​ប្រទេស​មួយចំនួន ឲ្យ​ធ្លាក់​ចូលក្នុង​ភ្នក់ភ្លើងសង្គ្រាម ធ្វើឲ្យ​ប្រជាជន​រងទុក្ខវេទនា ជាពិសេស នៅ ស៊ី​រី យេមែន លី​ប៊ី អ៊ីរ៉ាក់ ហើយ​ថ្មីៗ​នេះ កំពុង​គំរាមកំហែង​ដល់​សន្តិភាព សន្តិសុខ នៃ​ប្រទេស វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា បន្តទៀត ខណៈ​នៅតាម​តំបន់​នានា ជាពិសេស​នៅ​អាហ្វ្រិក អាស៊ី និង​មជ្ឈិម​បូ​ពា៍ នៅ​មិនទាន់​រលត់នៅឡើយ។ ឥណ្ឌា​និង​ប៉ា​គី​ស្ថាន ប៉ះទង្គិច​គ្នា ដោយ​ជម្លោះ កា​ស្មៀរ ឯ​បញ្ហា​ប៉ាឡេ​ស្ទីន និង​អ៊ីស្រាអែល នៅតែ​បន្ត​ជាប់ផុង​ក្នុង​ជម្លោះជាតិសាសន៍ និង​ទឹកដី ​រក​ទីបញ្ចប់​មិនឃើញ​។ នេះ​ជាកា​លើកឡើង​របស់លោក​អ៊ុច បូររិ​ទ្ធ​។ 

​លោក​ប្រាក់ សុខុន បាន​បញ្ជាក់ថា បញ្ហា​ប្រឈម​ទាំងអស់នេះ ទើប​ក្រសួងការបរទេស​កម្ពុ​ជា​លើ​កមក​ពិភាក្សា និង​សិក្សា​ពី​លទ្ធភាព​នៃ​ផលប៉ះពាល់​មកលើ​កម្ពុជា និង​ស្វែងរក​ដំណោះស្រាយ​នៅក្នុង​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៨ និង​ទិសដៅ​ការងារ​ឆ្នាំ​២០ ១ ៩​របស់ខ្លួន​។ សន្និបាត​នេះ​ធ្វើឡើង​រយៈពេល​០៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​៧ ​មីនា ឆ្នាំ​២០១៩៕

ព័ត៌មានផ្សេងទៀត