លោក​អុិត សំហេង​៖​​គិត​ត្រឹម​ឆ្នាំ​២០១៨​​មាន​ពលករ​ធ្វើការ​នៅ​ក្រៅប្រទេស​ជាង​១​លាន​នាក់​​

05-03-2019 3:16 pm 812
  ស្តាប់
ស្តាប់ជាសំឡេង

​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាង ៣.៦​លាន​នាក់ ទទួលបាន​ការងារ​ធ្វើ​ក្នុងប្រទេស និង​ប្រមាណ​ជាង ១.២​លាន​នាក់ ជា​ពលករ​ដែល​ធ្វើ​ការងារ​នៅ​ក្រៅប្រទេស​។ នេះ​ជា​ការអះអាង​របស់លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ នៅក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នា​ថ្ងៃទី​០៥ ខែ​មីនា ឆ្នាំ​២០១៩​នេះ​។​

​រដ្ឋមន្ត្រីក្រសួង​ការងារ បាន​បញ្ជាក់ថា «​រាជរដ្ឋាភិបាល បាន​បង្កើត​ការងារ​រហូត​ជាង ៤.៨​លាន​នាក់ ក្នុងនោះ​ការងារ​នៅក្នុង​ប្រទេស​មាន​ប្រមាណ ៣.៦​លាន​នាក់ ដោយ​ផ្នែក​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​មាន​ជាង ១.៤​លាន​នាក់ និង​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​មាន ២.២​លាន​នាក់​»​។ ចំណែក ពលករ​ដែល​ធ្វើការ​នៅ​ក្រៅប្រទេស មាន​ប្រមាណ​ជាង ១.២​លាន​នាក់​។ លោក អ៊ិត សំហេង បន្តថា អត្រា​មាន​ការងារ​ធ្វើ​របស់​ប្រជាពលរដ្ឋ​កម្ពុជា នៅតែ​រក្សាបាន​ជាង ៩៩.៣% ពោល​អត្រា​អត់​ការងារ​ធ្វើ គឺ​មានតែ ០.៧% ប៉ុណ្ណោះ នៃ​កម្លាំង​ពលកម្ម​សរុប​ជិត ១០​លាន​នាក់​។​

​លោក អ៊ិត សំហេង បានឱ្យដឹងថា សហគ្រាស​-​គ្រឹះស្ថាន​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ ដែល​ចុះបញ្ជី​នៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សរុប​ចំនួន ១២,៧៩៦​សហគ្រាស ដែលមាន​កម្មករនិយោជិត​ចំនួន ១,៤២០,៥៤៧​នាក់ ដោយ​បានទទួល​ប្រាក់​ឈ្នួល​ជា​មធ្យម​ជិត ៣​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​មួយឆ្នាំ​។ លោក​បាន​ឱ្យដឹងទៀតថា សហគ្រាស​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​មាន​ចំនួន ២៣,០៩២​រោងចក្រ មាន​កម្មករនិយោជិត​ចំនួន ១២៤,៩៤៦​នាក់ បាន​ចុះបញ្ជី​នៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​

​លោក អ៊ិត សំហេង បាន​គូសបញ្ជាក់ថា ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បាន​ដើរតួនាទី​យ៉ាងសកម្ម ក្នុង​ការបំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក​រវាង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ និង​បាន​រួមវិភាគទាន​យ៉ាង​ធំ​ក្នុង​សេដ្ឋកិច្ច​ជាតិប្រមាណ​ជាង ៦​ពាន់​លាន​ដុល្លារ ក្នុង​មួយឆ្នាំ​ផងដែរ​។​

​សូមបញ្ជាក់ថា ក្រសួង​ការងារ បានរៀបចំ​សន្និបាត​រយៈពេល​បី​ថ្ងៃ ពី​ថ្ងៃទី​៥-៧ ខែ​មីនា ឆ្នាំ​២០១៩ ក្នុង​គោលបំណង​ដើម្បី​ពិនិត្យមើល​អំពី​វឌ្ឍនភាព​ការងារ ប្រចាំឆ្នាំ​២០១៨ នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ អភិវឌ្ឍន៍​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ២០១៤-២០១៨ ដែល​ផ្តោតលើ​អាទិភាព​ចំនួន​៥ រួមមាន ទី​១-​ការអភិវឌ្ឍ​លក្ខខណ្ឌ​ការងារ និង​សុខដុម​នីយកម្ម​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ​, ទី​២-​ការអភិវឌ្ឍ​ការអប់រំ​បណ្តុះ បណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​, ទី​៣-​ការអភិវឌ្ឍ​មុខរបរ និង​ការងារ​, ទី​៤-​ការអភិវឌ្ឍ​របប​សន្តិសុខ​សង្គម​សម្រាប់​ជនទាំង​ឡាយ ដែល​ស្ថិតក្រោម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ការងារ និង​ទី​៥-​ការពង្រឹង​អភិបាលកិច្ច​ល្អ និង​បញ្ហា​ប្រឈម​មួយចំនួន​ដើម្បី​ដាក់ចេញ​នូវ​ទិសដៅ​អាទិភាព​សម្រាប់​អនុវត្ត​ការងារ​បន្ត​នៅ​ឆ្នាំ​២០១៩ សំដៅ​បង្កើន​ប្រសិទ្ធភាព​ការងារ​ឱ្យ​ស្របទៅនឹង​កំណែទម្រង់​ស៊ីជម្រៅ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦៕

 ពាក្យគន្លឹះ  ក្រសួងការងារពលករ

ព័ត៌មានផ្សេងទៀត