តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រខ្មែរ លោក មូន ចេអ៊ីន(moon Jae-in)ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសកម្ពុជាចំនួន២ថ្ងៃ គឺចាប់ពីថ្ងៃទ១៤ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចុះថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានដដែលបានឱ្យដឹងថា លោក មូន ចេអ៊ីន នឹងចូលគាល់ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ហើយនឹងជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។ ជាមួយគ្នានោះលោក មូន ចេអ៊ីន និងលោក ហ៊ុន សែន នឹងពិភាក្សាអំពីការជម្រុញទំនាក់ទំនងទ្វេភាគី និងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនានាបន្ថែមទៀត ហើយក៏មានការផ្លាស់ប្ដូរយោបល់គ្នាផងដែរលើបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់ និងផលប្រយោជន៍រួម។ បន្ទាប់ពីជំនួប ថ្នាក់ដឹកនាំទាំងពីរ នឹងអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន និងធ្វើសេចក្ដីប្រកាសរួមគ្នាផងដែរ៕