ក្រោយ​ផ្ទុះ​ហិង្សា​​នៅ​ព្រំដែន​​មេដឹកនាំ​ឥណ្ឌា​​និង​ប៉ា​គី​ស្ថាន​​ជួប​រឿង​​មិន​នឹក​ស្មាន​ដល់​

04-03-2019 4:57 pm 1613
  ស្តាប់
នាយករដ្ឋមន្ដ្រីឥណ្ឌា(ឆ្វេង)​និងនាយករដ្ឋមន្ដ្រីប៉ាគីស្ថាន
ស្តាប់ជាសំឡេង

​បន្ទាប់ពី​ផ្ទុះ​កំហឹង​ដាក់គ្នា​រហូតដល់​ផ្ទុះអាវុធ​នៅ​តំបន់​ព្រំដែន​កា​ស្មៀ ក្រុមអ្នកវិភាគ​បាន​និយាយថា​ពេលនេះ​មេដឹកនាំ​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​កំពុងតែ​លេចធ្លោ​ជាង​មុន​។ លោក​Narendra Modi​នាយករដ្ឋមន្ដ្រី​ឥណ្ឌា កំពុង​បង្ហាញ​ពី​ស្នេហា​ជាតិនិយម​របស់លោក ខណៈ​នាយករដ្ឋមន្ដ្រី​ប៉ា​គី​ស្ថាន​លោក​Imran Khan កំពុង​លេចធ្លោ​ជា​អ្នកបង្កើត​សន្ដិភាព​។ មនុស្ស​ប្រមាណ​៤​សែន​នាក់​បាន​ចុះហត្ថលេខា​លើ​ញ្ញ​ត្ដិ​មួយ សុំឲ្យ​ផ្ដល់​ពានរង្វាន​សន្ដិភាពដ​ល់​លោក​Khan​។ ចំណែក​សកម្មភាព​នយោបាយ​របស់លោក​ម៉ូ​ឌី ក៏​ទទួលបាន​ការគាំទ្រ​និង​កើតឡើង​កាន់តែខ្លាំង​ដែរ​។​

​តំបន់​កា​ស្មៀ​ត្រូវបាន​បែងចែក​ជា​ពីរ ម្ខាង​នៅ​ខាង​ឥណ្ឌា​កាន់កាប់ និង​ម្ខាង​ទៀត​នៅ​ខាង​ប៉ា​គី​ស្ថាន​កាន់កាប់​តាំងពី​ឆ្នាំ​១៩៤៧​។ ប្រទេស​ទាំងពីរ​ធ្លាប់​ផ្ទុះ​សង្គ្រាម​ជាមួយគ្នា​បី​លើក​មកហើយ ក្នុង​មាន​ម្ដង​ជា​សង្គ្រាម​ជម្លោះ​ព្រំដែន​។ ការបះបោរ​កើតឡើង​តាំងពី​ចុង​ទសវត្ស​ឆ្នាំ​១៩៨០ បញ្ឆេះ​ដោយ​ទីក្រុង​អ៊ី​ស្លា​ម៉ា​បាដ  ខណៈ​ទីក្រុង​ញូវដែលី​និយាយថា ក្នុង​តំបន់​កា​ស្មៀ​ដែល​កាន់កាប់​ដោយ​ឥណ្ឌា អំពើហិង្សា​នេះ​បានសម្លាប់​មនុស្ស​រាប់ពាន់​នាក់​ភាគច្រើន​ជា​ជន​ស៊ីវិល​។​

​កាលពី​ថ្ងៃទី​១៤​កុម្ភៈ​មានការ​បំផ្ទុះ​គ្រាប់បែក​អត្ដ​ឃាត ធ្វើឡើង​ដោយ​ក្រុម​សកម្មប្រយុទ្ធ​មាន​មូលដ្ឋាន​ក្នុងប្រទេស​ប៉ា​គី​ស្ថាន សម្លាប់​ទាហាន​ឥណ្ឌា​ចំនួន​៤០​នាក់​។ ១២​ថ្ងៃ​ក្រោយមក​យន្ដហោះ​ចម្បាំង​ឥណ្ឌា​បាន​បើក​ការវាយប្រហារ​លើ​ទីតាំង​ក្រុម​សកម្មប្រយុទ្ធ ដែល​ឥណ្ឌា​ហៅថា​ជា​ជំរំ​ហ្វឹកហាត់​របស់​ក្រុម​ភេរ​វករ​ក្នុងប្រទេស​ប៉ា​គី​ស្ថាន​ទុកជា​ការ​សងសឹក​។ នៅ​ថ្ងៃ​បន្ទាប់​យន្ដហោះ​ចម្បាំង​របស់​ឥណ្ឌា​ពីរ​គ្រឿង​ត្រូវ​ប៉ា​គី​ស្ថាន​បាញ់​ទម្លាក់ មួយគ្រឿង​ធ្លាក់​នៅ​ឥណ្ឌា​និង​មួយគ្រឿង​ធ្លាក់​នៅ​ប៉ា​គី​ស្ថាន ហើយ​ប៉ា​គី​ស្ថាន​ចាប់បាន​អ្នកបើក​យន្ដហោះ​ម្នាក់​ផងដែរ​។ ចំណែក​ឥណ្ឌា​និយាយថា បាន​បាញ់​ទម្លាក់​យន្ដហោះ​ចម្បាំង​ប៉ា​គី​ស្ថាន​មួយគ្រឿង​ដូចគ្នា ប៉ុន្ដែ​ប៉ា​គី​ស្ថាន​ច្រានចោល​ការលើកឡើង​នេះ​។​

​ក្រោយ​ចាប់បាន​អ្នកបើក​យន្ដហោះ ឥណ្ឌា​បាន​ស្នើឲ្យ​ប៉ាគី​ស្ថាន​ដោះលែង​វិញ​។ ទីបំផុត​ដើម្បី​បង្ហាញ​ពី​ការស្វែងរក​សន្ដិភាព នាយករដ្ឋមន្ដ្រី​ប៉ា​គី​ស្ថាន​វ័យ​៦៦​ឆ្នាំ​លោក​Imran Khan ក៏​សម្រេច​បញ្ជា​ឲ្យ​ដោះលែង​អ្នកបើក​យន្ដហោះ​ឥណ្ឌា​ទៅវិញ​ដោយ​សុវត្ថិភាព​។ ទង្វើ​របស់លោក​Khan​ធ្វើឲ្យមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង និង​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ដែរ​។ ដ្បិតថា​ពេលនេះ​ភាព​តានតឹង​នៅ​មិនទាន់​ដោះស្រាយបាន ប៉ុន្ដែ​លទ្ធភាព​នៃ​ការចរចា​ជាមួយ​ភាគី​ឥណ្ឌា​នៅតែមាន​ជានិច្ច​។ 

​រីឯ​លោក​ម៉ូ​ឌី​វិញ​គ្មាន​នរណាម្នាក់​គាំទ្រ​ឲ្យ​ផ្ដល់​ពានរង្វាន់​ឡើយ ប៉ុន្ដែ​ពាក្យសម្ដី​របស់លោក​បាន​យកឈ្នះ​លើ​ចំណុច​នយោបាយ​ចាំបាច់​និង​សំខាន់ៗ​មួយចំនួន មុន​ការបោះឆ្នោត​នៅ​សប្ដាហ៍​ក្រោយ​។ ស្ដាប់ទៅ​ហាក់​បញ្ច្រាស​ពី​យុទ្ធសាស្ដ្រ​បង្រួបបង្រួម នៅពេ​លោក​ម៉ូឌី​និយាយថា​ឥណ្ឌា​ថ្មី​ត្រូវតែ​ប្រយុទ្ធ ហើយ​ប្រកាស​ឆ្លើយតប​ដោយ​តឹងរ៉ឹង​បំផុត​។ អ្នកវិភាគ​វិទ្យាសាស្ដ្រ​នយោបាយ​មួយចំនួន​និយាយថា លោក​ម៉ូ​ឌី​នឹង​កើន​ការគាំទ្រ​៥​ភាគរយ ដោយសារតែ​ការតស៊ូ​ខាង​ជាតិ​សាសន៍​និយម​ការពារ​ប្រទេសជាតិ​៕

ព័ត៌មានផ្សេងទៀត