អតីតបក្ស​សង្គ្រោះ​ជាតិ​ ទាមទារ​ជាថ្មី​​ឲ្យ​ដោះលែង​​លោក​កឹម សុខា ​ដោយ​គ្មាន​​លក្ខខណ្ឌ​​

04-03-2019 2:59 pm 2148
  ស្តាប់
ស្តាប់ជាសំឡេង

​សេចក្តីថ្ងែងការណ៍​ថ្មី​មួយ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន អំពាវនាវ​ជាថ្មី​ម្តងទៀត​ឲ្យ​ដោះលែង លោក​កឹម សុខា ជាបន្ទាន់ និង​ឥត​លក្ខខណ្ឌ ព្រមទាំង​អំពាវនាវ​ដល់​សហគម​ន៍​អន្តរជាតិ​ចាត់វិធានការ​ឲ្យ​កាន់​តែ​ខ្លាំង ថែមទៀត ដើម្បីឲ្យ​រដ្ឋាភិបា​លរបស់​លោក​ហ៊ុន សែន ស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​។ 

​សេចក្តីថ្លែងការណ៍​ចេញ​ថ្ងៃទី​០៣ មីនា ដែលជា​ថ្ងៃ​បិទ​បញ្ចប់​នៃ​ឱសានវាទ​នៃ​ការ​ភ្នាល់រ​វ​ាង​លោក​សម រង្ស៊ី និង​លោក​ហ៊ុន សែន ដោយ​យក​ការដោះលែង​លោក​កឹម សុខា ជា​លក្ខខណ្ឌ បាន​រំលឹកថា មកដល់​ថ្ងៃទី​៣ មីនា​ឆ្នាំ​២០១៩​នេះ គឺមាន​រយៈពេល​១៨​ខែ​ហើយ ដែល​លោក​កឹម សុខា ត្រូវបាន​អាជ្ញាធរ​ទីក្រុង​ភ្នំពេញ​ចាប់ឃុំខ្លួន​។ ​ការឃុំខ្លួន​ទាំង​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង រួច​បន្តម​កនៅ​ក្នុងផ្ទះ​ មកទល់ពេលនេះ ជា​អ្វីដែល​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ហៅថា​ ជា​ការឃុំខ្លួន​ដោយ​អយុត្តិធម៌ រំលោភ​លើ​ច្បាប់ និង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​។​

​អតីត​គណបក្សប្រឆាំង​នេះ បាន​ហៅ​ការចាប់ និង​ឃុំខ្លួន លោក​កឹម សុខា គឺជា​ចេតនា​នយោបាយ ក្នុងការ​កម្ចាត់​គូប្រជែង​នយោបាយ​ដ៍​មាន​សក្តានុពល និង​ជាការ​បំបាក់ស្មារតី​អ្នកប្រជាធិបតេយ្យ ដែល​ស្រលាញ់​សេរីភាព ការគោរព​សិទ្ធិមនុស្ស និង​យុត្តិធម៌​។​

​មិនទាន់​ឃើញ​ប្រតិកម្ម​តប​បែបណា​ពី​មន្ត្រី​បក្ស​កាន់អំណាច ទាក់ទង​នឹង​ការទាមទារ របស់​អតីត​គណបក្សប្រឆាំង​ដ៏​ធំ​មួយ​នេះទេ​។ ប៉ុន្តែ លោក​ផៃ ស៊ី​ផាន ធ្លាប់បាន​លើកឡើងថា សំណុំរឿង​លោក​កឹម សុខា គឺ​ស្ថិតនៅក្នុង​ដៃ​តុលាការ ដែល​រដ្ឋាភិបាល​មិនអាច​លូកដៃ​ចូល​បាន​។ 

​ការទាមទារ​ជាថ្មី​នេះ គឺ​ស្របពេល​លោក​សម រង្ស៊ី បាន​ចាញ់​ជា​ផ្លូវការ លើ​ការ​ភ្នាល់​ជាមួយ​លោក​ហ៊ុន សែន ក្នុង​រឿង​ការដោះលែង​លោកកឹម សុខា ខណៈមជ្ឈដ្ឋានខ្លះ កំពុង​ចាំ​មើលថា ​តើ​អតីត​មេបក្ស​ប្រឆាំង​រូបនេះ អាច​នឹងត្រូវ​ដោះលែង​ក្នុងពេល​ឆាប់ៗ ​ឬ​យ៉ាងណា ក្រោយពី​រយៈពេល ១៨ ខែ​នៃ​ការចាប់ខ្លួន និង​ចោទប្រកាន់​ពីបទ​«​ក្បត់ជាតិ​»​។​

​តែបើ​តាម​ការបញ្ជាក់រ​បស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ថ្ងៃទី​៤ មីនា នេះ ថា​កុំ​សង្ឃឹម​ឲ្យសោះ​ថា នឹងមាន​ការដោះលែង​អ្នក​ណាមួយ​នោះ​។ បើ​ទោះ​លោក​ថ្លែង​មិន​ចំឈ្មោះ ក៏​គេ​អាច​ដឹងថា ទំនងជា​លោក​សំដៅលើ​លោក​កឹម សុខា​នេះឯង​។​

​តាម​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​មាត្រា ២០៨ ជន​ត្រូវ​ចោទ ក្នុង​បទឧក្រិដ្ឋ​មិន​ត្រូវបាន​ឃុំខ្លួន​បណ្ដោះអាសន្ន​លើសពី ៦ ខែ​ទេ ប៉ុន្តែ​ចៅក្រម​ស៊ើប​អាច​ពន្យារពេល​ឃុំខ្លួន ២ ដង​ហើយ ដើម្បី​បន្ត​ការស៊ើបអង្កេត ដែល​ធ្វើឲ្យ​ថិរវេលា​នៃ​ការឃុំ​ខ្លួន សរុបមាន​រយៈពេល ១៨ ខែ​។ 

​ប៉ុន្តែ​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​លោក ជិន ម៉ា​លីន បាន​ពន្យល់​តាម​បណ្តាញសារព័ត៌មាន​ក្នុងស្រុក​ថា​៖«​ករណី​លោក​កឹម សុខា មិន​ត្រូវបាន​រាប់បញ្ចូល​ក្នុង​នីតិវិធី ១៨ ខែ​ទេ ព្រោះ​តុលាការ បាន​ដោះលែង​លោក ឲ្យនៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ហើយ ប៉ុន្តែ​គាត់​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ​។ ក្នុង​នីតិវិធី​នេះ ចៅក្រម​ស៊ើប អាចដាក់​លក្ខខណ្ឌ ដើម្បី​ជា​ប្រយោជន៍​ដល់​ការស៊ើបអង្កេត ដូចជា​ហាម​មិនឲ្យ​ជួប​អ្នកណាម្នាក់ ឬ​កំ​ណ​ត់ព្រំដែន​ឲ្យ​ដើរ​»​។​ លោក​ថា ថិរវេលា​នៃ​ការត្រួតពិនិត្យ​របស់​តុលាការ មិនមាន​ដែន​កំណត់​ទេ ហើយ​វា​អាស្រ័យ​លើ​ចៅក្រម​ស៊ើបសួរ​។ ឯ​ចៅក្រម​អាច​បញ្ចប់​ការស៊ើបអង្កេត​ហើយ​សម្រេច​ថា តើ​មាន​មូលដ្ឋាន​គាំទ្រ​ដល់​ជន​ត្រូវ​ចោទ ​ឬ​អត់​?​។ នេះ ជា​ការបញ្ជាក់ របស់លោក​ជិន ម៉ា​លីន​។​

​សូមបញ្ជាក់ថា លោក​កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ចាប់ខ្លួន​កាលពី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី ៣ កញ្ញា ឆ្នាំ ២០១៧ ហើយ​ត្រូវបាន​ចោទប្រកាន់​ពីបទ «​សន្ទិដ្ឋិភាព​ជាមួយ​បរទេស​»​។ ​ការចាប់ខ្លួន​កើតមាន​ក្រោយពេល​មានការ​បង្ហោះ​វីដេអូ​ឃ្លីប នៅលើ​បណ្ដ​ញ​ហ្វេ​សប៊ុក ដែល​ក្នុង​ឃ្លីប​នោះ​លោក និយាយថា អាមេរិក​បាន​ជួយ​លោក ​ក្នុង​ការធ្វើ​នយោបាយ និង​សុំឲ្យ​លោកយក​ម៉ូដែ​លតាម​ប្រទេស​យូ​ហ្គោ​ស្លា​វី និង​ស៊ែ​ប៊ី ក្នុង​ការផ្លាស់ប្ដូរ​រប​ប​ផ្ដាច់ការ​។ ប៉ុន្តែ​លោកកឹម សុខា ត្រូវបាន​ដោះលែង​ឲ្យនៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ ក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ​ កាលពីដើម​កញ្ញា ឆ្នាំ​២០១៨ គឺ​មួយឆ្នាំ ក្រោយពេល​ឃុំខ្លួន​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង ​ក្បែរ​ព្រំដែន​វៀតណាម​៕

 ពាក្យគន្លឹះ  លោកកឹមសុខា

ព័ត៌មានផ្សេងទៀត