អាមេរិក​និង​កូរ៉េខាងត្បូង សម្រេច​បញ្ឈប់​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ

03-03-2019 2:35 pm 568
  ស្តាប់
ស្តាប់ជាសំឡេង

​នៅ​ថ្ងៃទី​២​ខែមីនា​ម្សិលម៉ិញ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង លោក Jeong Kyeong-doo បាន​និយាយ​តាម​ទូរស័ព្ទ ជាមួយ​សម​ភាគី​អាមេរិក​លោក Patrick Shanahan​។ នៅក្នុង​កិច្ចពិភាក្សា​នោះ​ហើយ ដែល​ភាគី​ទាំងពីរ បាន​ព្រមព្រៀងគ្នា បញ្ឈប់​ការធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​ពីរ​គឺ Foal Eagle និង​Key Resolve ។ តែ​នៅ​មិនទាន់​ច្បាស់​នោះទេ​ថា សម្ព័ន្ធមិត្ត​មួយគូ​នេះ បញ្ឈប់​លែង​ធ្វើ​សមយុទ្ធ​នេះ ជា​អចិន្ត្រៃយ៍​ឬ​យ៉ាងណា​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍ របស់​មន្ទី​រប​ច្ចុកោណ​អាមេរិក​។​

​ចំណែកឯ ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង និយាយ​នៅ​ថ្ងៃអាទិត្យ​នេះ​ថា ប្រទេស​សម្ព័ន្ធមិត្ត​ទាំងពីរ​នឹង​ងាក​ទៅ​រៀបចំ​កម្មវិធី​ហ្វឹកហាត់​សមត្ថភាព​យោធា​តាមបែប​ថ្មី ដែលមាន​ទំហំ​តូចៗ​វិញ​។ ក្រសួង​ដដែល​បន្ថែមថា ការបញ្ឈប់​ការធ្វើ​សមយុទ្ធ​នេះ ដើម្បី​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ការទូត ដែល​កំពុង​បន្ត​សម្រាប់ ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង និង​បន្ធូរបន្ថយ​ភាព​តានតឹង​ផ្នែក​យោធា ជាមួយ​កូរ៉េខាងជើង​។​

​កូរ៉េខាងជើង​មិនដែល​ពេញចិត្ត ចំពោះ​ការធ្វើ​សមយុទ្ធ​យោធា រវាង​អាមេរិក​និង​កូរ៉េខាងត្បូង​ឡើយ​។ ពោល ឲ្យតែ​ធ្វើ​សមយុទ្ធ​ម្តងៗ កូរ៉េខាងជើង​បាន​ប្រតិកម្ម ដោយ​ហៅ​សមយុទ្ធ ជា ការត្រៀមខ្លួន ដើម្បី លុកលុយ​ដោយ​យោធា​ប្រទេស​ទាំងពីរ​។ កាលពី​ឆ្នាំ​២០១៨ ក្រោយ​ជំនួប​កំពូល​ជា​ប្រវត្តិសាស្ត្រ​រវាង​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក​និង​លោក​គីម ជុង​អ៊ុន​ប្រធានាធិបតី​កូរ៉េខាងជើង នៅ​ប្រទេស​សិង្ហ​បុរី អាមេរិក​-​កូរ៉េខាងត្បូង បាន​ផ្អាក​មិន​ធ្វើ​សមយុទ្ធ​នេះឡើយ​។ 

​យ៉ាងណាក៏ដោយ មាន​មូលហេតុ​ផ្សេង​ពីនេះ​ទៀត ដែល​ជំរុញ​ឲ្យ​អាមេរិកនិង​កូរ៉េខាងត្បូង​បញ្ឈប់​ការ​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ នៅក្នុង​លោក​មួយ​នេះ គឺ ពាក់ព័ន្ធ​ទៅនឹង​ការចំណាយ​ថវិកា​។ លោក​ដូណាល់ ត្រាំ​ធ្លាប់បានត្អូញត្អែរ ពី​ថ្លៃ​ចំណាយ​ទៅលើ​ការធ្វើ​សមយុទ្ធ​ម្តងៗ​អស់​មិនតិច​លុយ​ឡើយ​។ 

​សមយុទ្ធ Foal Eagle និង Key Resolve បង្កើតឡើង ដើម្បី​ពង្រឹងសមត្ថភាព​យោធា និង​បង្ហាញ​ពី​សាមគ្គីភាព រវាង​ប្រទេស​សម្ព័ន្ធមិត្ត ហើយ​ត្រូវ​បានរៀបចំ​ធ្វើ​បន្តបន្ទាប់​គ្នា​។ សម្រាប់​សមយុទ្ធ​Key Resolve ជាធម្មតា​តែងតែ​ចាប់ផ្តើម​ធ្វើឡើង​នៅក្នុង​ខែ​មីនា ដោយមាន​រយៈពេល​ប្រហែល​១០​ថ្ងៃ​។ កន្លងទៅ​សមយុទ្ធ​ទាំងនេះ មាន​ការចូលរួម​ពី​កងទ័ព​កូរ៉េខាងត្បូង​២​សែន​នាក់ និង​កងទ័ព​អាមេរិក​ប្រហែល​៣​ម៉ឺន​នាក់ ដែល​ស្ថិតនៅ​ក្នុងប្រទេស​កូរ៉េខាងត្បូង នា​ពេលបច្ចុប្បន្ន​៕

ព័ត៌មានផ្សេងទៀត